ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍បង្ហោះខ្លែងឯក នៅខេត្តសៀមរាប នឹង​​ប្រព្រឹត្តទៅនៅថ្ងៃ២៧ ដល់២៩ ធ្នូ ឆ្នាំ​២០២៤​នេះ

6 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើមី្បរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរយើង ដែលបានចារឹកទុកនៅតាមជញ្ជាំងថ្មប្រាសាទ ពីការបង្ហោះខ្លែង ឯក នៅពេល ដែលប្រជាកសិករយើងធ្វើការច្រូតកាត់ ប្រមូលភោគផលស្រូវ វស្សា…

ខេត្តសៀមរាប ៖ ដើមី្បរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរយើង ដែលបានចារឹកទុកនៅតាមជញ្ជាំងថ្មប្រាសាទ ពីការបង្ហោះខ្លែង ឯក នៅពេល ដែលប្រជាកសិករយើងធ្វើការច្រូតកាត់ ប្រមូលភោគផលស្រូវ វស្សា ប្រជាជនខ្មែរយើង តែងតែធ្វើការបង្ហោះខ្មែង គ្រប់ប្រភេទ ក្នុងការទាញយកព្រះពាយ និង រារាំងទឹកភ្លៀង កុំឱ្យធ្លាក់មកនៅពេលធ្វើ ការប្រមូល ផលស្រូវ ។ ដើមី្បរក្សាបាននូវ មរតកដ៏មានតម្លៃនេះ នៅ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រ សិល្បះខេត្ត បានបើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិ ការណ៍បុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ ទី ២៩ ខែធ្នូនេះ ។

កិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់លោក លី សារី អភិបាល រងខេត្ត តំណាង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយ មានការចូលរួមពីសំណាក់អស់លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងសាកលវិទ្យាល័យ អនុវិទ្យាល័យ, វិទ្យាល័យ សមាគមន៍ និង វិស័យឯកជន ប្រមាណ ១៥០នាក់ចូលរួម ។

មានប្រសាសន៍នោះដែរលោក លី សារី អភិបាលរងខេត្តសៀមរាប ក៏បានគូស បញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបុណ្យបង្ហោះខ្លែងឯក នេះឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយអំពីប្រវត្តិខ្លែងឯកខ្មែរយើង ដែលដូនតាយើងបានចារិកនៅតាមប្រាង្គប្រាសាទ និង រក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយ្យធម៌របស់ដូនតាខ្មែរ ។

លោកបានបន្តទៀតថា ចំពោះខ្លែងខ្មែរយើង មានភាគច្រើនតាំងពីបុរាណកាលមក គេឃើញតែខ្លែងកណ្ដូង និងខ្លែងឯក ដែលគេនិយមបង្ហោះលេងនៅតាមភូមិស្រុក ជនបទដែលរស់នៅ ។ ម៉្យាងទៀតការបង្ហើរខ្លែង គឺជាទំនៀម ទម្លាប់ ប្រពៃណីរបស់សង្គមខ្មែរយើងតាំងពីបុរាណមកម្ល៉េះ ។

សព្វថ្ងៃនេះ នៅតែបន្តធ្វើតាមដំណែលនៃដូនតាយើង ដែលបញ្ជាក់អំពីក្រឹត្យក្រមមួយដែលថា ជីវិតតែងផ្សាភ្ជាប់ទៅនឹងធម្មជាតិ ។ ដើម្បីគោរពនឹកគុណដល់ធាតុទាំងបួន ដែលទ្រទ្រង់នូវលោក គឺធាតុដី ធាតុទឹក ធាតុ ភ្លើង ធាតុខ្យល់ ដែលផ្តល់នូវជីវិត នូវធម្ម ជាតិ ផ្សេងៗសម្រាប់កំដរជីវិត យើងក៏នាំ គ្នាធ្វើពិធីនេះឡើង នៅពេលដែលខ្មែរបានរីករាយក្នុងអារម្មណ៍ ដោយបានទទួល ផលពីរបរកសិកម្ម ។

លោក លី សារី បានបន្តទៀតថា ដើមី្បឱ្យមានការចូលរួមឱ្យបាន អាធិកអធមនោះ យើងត្រូវ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់មហាជន ភ្ញៀវជាតិ អន្តរជាតិ និង តាមបណ្តាខេត្ត ក្រុង ស្រុក ដែលពួកគាត់ មាន បំណងចង់ចូលរួមបង្ហោះខ្លែង ក៏ត្រូវសូមធ្វើពាក្យស្នើសុំ ពីមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត ដែលជាសេនាធិការ ។ លោកបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯកនេះ ចាំបាច់គ្រប់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហាគមន៍ទេសចរណ៍ សាកលវិទ្យាល័យ វិទ្យាល័យ វិស័យឯកជន ត្រូវចូលរួម ក្នុងការទ្រទ្រង់លើកស្ទួយវប្បធម៌ជាតិ ។

តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តសៀមរាប បានឱ្យដឹងអំពីប្រវត្តិនៃការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរ ភ្នំមកម្ល៉េះ ។ ហើយខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែល គេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរទៀតផង ។

លោកបានបន្ថែមទៀតថា ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេង កម្សាន្ត ក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់ កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ ។ ចង់ដឹងថា តើខ្លែងមានប្រវត្តិយ៉ាងដូចម្ដេច ហើយខ្មែរយើងមានជំនឿបែបណាដែរទាក់ទងនឹងខ្លែង។

លោកបានលើកផងដែរ អំពីអត្ថន័យ ខ្លឹមសារ នៃខ្លែងឯក ដែលបានផ្តល់នូវ សិទ្ធសេរី ភាព និង សុភមង្គលក្នុងគ្រួសារ ដែលបានលំលេចនៅក្នុងរឿងព្រេង ( ធនជ័យ និង រឿងកែវណាម៉ាមុខសេះ) ។ លោកក៏បានបញ្ជាក់ទៀតថា ពិធីបង្ហោះខ្លែងឯក និងខ្លែងសេរី នៅខេត្តសៀមរាបនេះ នឹងប្រព្រឹត្តធ្វើនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប ( ព្រលានយន្តហោះចាស់ ) ដែលមានរយៈពេល៣​ថ្ងៃ ដោយមានកម្មវិធីការដង្ហែក្បួនខ្លែងឯក .ខ្លែងសេរី និងតុក្តាយក្ស ព្រមទាំងនៅ ពេលរាត្រីមានការសម្តែងសិល្បះ ល្ខោនបាស័ក និងការតាំងពិព័រណ៌ ការបង្ហាញពីរបៀបធ្វើខ្លែងឯកទៀតផង ។

ក្នុងនោះដែរបណ្តាមន្ទីរ អង្គភាព ស្ថាប័ន និង សមាគមន៍ បានចូលរួមកិច្ចពិភាក្សា ដោយលើកនូវគំនិត មតិល្អៗ ដែលជាធាតុចូលនៃកិច្ចប្រជុំ ព្រមទាំងបានឯកភាពលើការកំណត់នៃកិច្ចប្រជុំ ឱ្យគ្រប់បណ្តាមន្ទីរ អង្គភាព ស្ថាប័ន និងសមាគម និងវិស័យឯកជន ត្រូវនាំយកនូវខ្លែងឯកចំនួន១ និង ខ្លែងសេរី ចំនួន១ ដើមី្បចូលរួមក្នុងបុណ្យបង្ហោះខ្លែងឯក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ នាថ្ងៃខាងមុខ ព្រមទាំងសូមដល់បងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ អន្តរជាតិ និងគ្រប់ខេត្ត ក្រុង ស្រុក នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចូលរួមក្នុងបុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ