ខេត្តស្ទឹងត្រែង ៖ ជាការកត់សំគាល់ នារយៈពេលជិត១ឆ្នាំ ក្នុងឆ្នាំ២០២៤នេះ ផលត្រីបានកើនឡើងជាបន្តបន្ទាប់ បើធៀបទៅហ្នឹងឆ្នាំកន្លងមក។ ចំណែកឯ បទល្មើសមានការថមថយច្រើនផងដែរ ទាំងនេះ បានបង្ហាញពីលទ្ធផល នៃការការពារធនធានធម្មជាតិបានយ៉ាងល្អប្រសើរពីសំណាក់មន្ត្រីអង្គភាព ស្ថាប័នពាក់ព័ន្ធនានា ខិតខំប្រឹងប្រែងល្បាតការពារទាំងថ្ងៃទាំងយប់ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ ស្ដីពីជលផលទៅដល់ប្រជាពលរដ្ឋជាហូរហែ មកទល់បច្ចុប្បន្ន ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានលើឡើងថា ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំរដ្ឋបាលជលផល ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្ត ព្រមទាំងមានសហការពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ទីរបរិស្ថាន ឆ្មាំទន្លេ និងសហគមន៍នេសាទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសនាៗប្រកបដោយប្រសិទ្ធភាព និងទទួលលទ្ធផលល្អប្រសើរ ពីមួយឆ្នាំ ទៅមួយឆ្នាំ ។
នាយខណ្ឌជនផល បន្តថា បើគិតត្រឹមខែមករា ដល់ដើមខែធ្នូ ២០២៤នេះ ទិន្នផលត្រី ឬផលចាប់ពីដែននេសាទក្នុងធម្មជាតិ មានចំនួន ៤,៤១៥តោន កើនឡើងជាងឆ្នាំ២០២៣ ចំនួន ២០៩តោន ស្មើនឹង៤,៩៧% លទ្ធផលនេះ គឺបានមកពីការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឧទ្យានុរក្ស ឆ្មាំទន្លេ អភិ
រក្សសត្វផ្សោត សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។
នាយខណ្ឌរូបនេះបន្តទៀតថា ក្រៅពីលទ្ធផលដ៏ល្អប្រសើរនេះ កម្លាំងសហការ ក៏បានដកហូតសម្ភារៈល្មើសច្បាប់ដូចជា មងដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៥៧០០០ម៉ែត្រ, ដកហូតសន្ទូចរនងនេសាទក្នុងតំបន់អភរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៥៥៤៣៣ផ្លែ, ទូក ០៨គ្រឿង ម៉ាស៊ីន ០៩គ្រឿង, ដកហូតក្បាលឆក់ (អាំងវែទ័រ) ចំនួន ០៤គ្រឿង, ដងឆក់ ០២គ្រឿង, អាវុធកែច្នៃ ០១គ្រឿង, ថ្នងដងត្រី ០៩គ្រឿង, បំផ្លាញរបាំងបិទអូរ ០២កន្លែង មានបង្គោល ២២៥ដើម និងរបាំងព្រួល ៧៥ម៉ែត្រ, បំផ្លាញដាយកាត់ទន្លេ ០៥កន្លែង មានសាច់អួនប្រវែង ៨០ម៉ែត្រ, បំផ្លាញស្បៃមុង ប្រវែង ២៨៤៥ម៉ែត្រ និងលូស្បៃមុង ៣៧មាត់, ព្រមទាំងបំផ្លាញរបាំងសាច់អួន ប្រវែង ២២២៥០ម៉ែត្រផងដែរ ។
ទន្ទឹមនេះ ជំនាញ នៃរដ្ឋបាលជលផល ក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូង ចំនួន០៥នាក់ ពាក់ព័ន្ធនឹងបទល្មើសនេសាទដោយឧបករណ៍ឆក់ ។ មន្ត្រីជំនាញ ក៏បានចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីជលផលទៅដល់ប្រជានេសាទចំនួន៤៣៧នាក់ និងកិច្ចសន្យាចំនួន ៦៤នាក់ ។
លោកនាយខណ្ឌជលផល បញ្ជាក់ថា ក្នុងប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងដែនអភិរក្ស ប្រទះឃើញប្រភេទត្រី ដែលកំពុងរងគ្រោះមួយចំនួន មន្ត្រីជំនាញ និងកម្លាំងសហការក៏បានលែងត្រី ដែលកំពុងរងគ្រោះ និងត្រីមេពូជចូលក្នុងទន្លេវិញ ប្រមាណ ៥០គីឡូក្រាមផងដែរ ។
ក្នុងសកម្មភាពចុះផ្សព្វផ្សាយអប់រំច្បាប់ កន្លងមក ប្រជានេសាទ និងសហគមន៍មូលដ្ឋានមានការយល់ដឹងកាន់តែល្អប្រសើរ ជាមួយការការពារទីជម្រករបស់ត្រីមេពូជ និងតំបន់កន្លែងអភិរក្ស ។
ក្នុងឆ្នាំ២០២៤នេះ បើនិយយាអំពីកត្តាធម្មជាតិ គឺទឹកឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ដែលជាអំណោយផលដល់មច្ឆជាតិ ក្នុងការបន្តពូជ និងស្វែងរកចំណី ផងដែរ ៕
ចែករំលែកព័តមាននេះ