រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេច 19.COM 7.b.27 គឺជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលបានសម្រេច នូវសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ។
យោងតាមរយៈសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា នៅព្រលប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៤ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការចុះបញ្ជីនេះ បានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ច នៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ ។
ក្នុងឱកាសដ៏មហាប្រសើរនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី សូមព្រះបរមរាជានុញ្ញាតសម្តែង នូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាន នូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់ ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏សូមឆ្លៀតក្នុងឱកាសនេះ សម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។ ជាមួយគ្នានេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានបន្តថែរក្សា ផលិត និងប្រើប្រាស់ក្រមាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិតាំងពីដើមរៀងមក ។
ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី សូមអំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្ដាញព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ ដែលជាមោទនភាពជាតិដ៏មានសារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត ។
សូមរម្លឹកជូនថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្ដីសម្រេច 19.COM 7.b.27 ៕
ចែករំលែកព័តមាននេះ