ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្ដន្ទាទោស វៀតណាម ២​នាក់ ដាក់គុក​ម្នាក់​មួយ​ជីវិត និង​ម្នាក់​ទៀត ២៧​ឆ្នាំ ករណី​ជួញដូរ​គ្រឿងញៀ.ន

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ បាន​ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស​ជនជាតិ​វៀតណាម ២​នាក់…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ បាន​ប្រកាស​សាលក្រម សម្រេច​ផ្ដន្ទាទោស​ជនជាតិ​វៀតណាម ២​នាក់ ម្នាក់​ដាក់​ពន្ធនាគារ​មួយ​ជីវិត និង​ម្នាក់​ទៀត​ដាក់​ពន្ធនាគារ ២៧​ឆ្នាំ និង​ពិន័យ​ប្រាក់​សរុប​ចំនួន ១៨០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។
សាលក្រម បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ង្វៀ​ន ទៀង​មិ​ញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម ដាក់​ពន្ធនាគារ​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ ចំនួន​១០០​លាន​រៀល ។ ផ្តន្ទាទោស​លើ​ឈ្មោះ ង្វៀ​ន វ៉ា​ន់​ណឹ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម ដាក់​ពន្ធនាគារ​កំណត់ ២៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការ​រដ្ឋ ចំនួន​៨០​លាន​រៀល ។

សាលក្រម​ប្រកាស​ជា​សាធារណៈ និង​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍ តាម​កំណត់​ច្បាប់ បើសិន​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចំនួន ២​គោលដៅ នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

គោលដៅ​ទី​១ នៅ​ក្នុង​បុរី​មួយ​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​គោលដៅ​ទី​២ ក៏​នៅ​បុរី​ប៉េង​ហួត ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ការ​បង្ក្រាប​ទាំង​២​ទីតាំង​នោះ សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ចំនួន ៧៩០.៩៣ ក្រាម​, MDMA ៣,២១៥.០៥​ក្រាម និង​ហេ​រ៉ូ​អី​ន ៣,៦៤០ ក្រាម សរុប​សារធាតុ​ញៀន​ទាំងអស់​មាន​ទម្ងន់ ៧​គីឡូក្រាម និង​៦៤៥​ក្រាម ។
ដោយ​ចាប់​ជនសង្ស័យ​ជនជាតិ​វៀតណាម ២​នាក់ ឈ្មោះ ង្វៀ​ង ទៀង​មិ​ញ និង​ង្វៀ​ង វ៉ា​ន់​ណឹ​ង (​ទាំង​២​នាក់​ជា​បងថ្លៃ និង​ប្អូនថ្លៃ​) ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ជន​ត្រូវ​ចោទ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ រហូត​ដល់​មក​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ