រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប.ស.ស និងសុំចាត់វិធានការចំពោះក្រុមយុវជនដែលជក់បារីអេឡិចត្រូនិក, សុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ នៅផ្សារដើមអម្ពិល, សុំធ្វើប័ណ្ណកម្មសិទ្ធិ និងការសុំធ្វើផ្លូវ ធ្វើលូ នៅក្នុងមូលដ្ឋានផងដែរ ។
ការស្នើរបែបនេះរបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ ខណ្ឌសែនសុខ នៅពិភពថ្មី សែនសុខ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមអធិបតីលោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងអោយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរង រាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបានលើកឡើងថា ឥឡូវអ្នកមានអាយុចាប់ពី៦០ឆ្នាំឡើង ច្រើននាក់ណាស់ ចង់ធ្វើប័ណ្ណ ប.ស.ស ខណៈដែលពួកគាត់មិនអាចធ្វើបាន។ ដូច្នេះសូមរដ្ឋបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ។
ស្នើសុំអោយកងកម្លាំង និងអាជ្ញាធរចាត់វិធានការចំពោះក្រុមយុវជន ជក់បារីអេឡិចត្រូនិក ដែលការជក់នេះ ធ្វើអោយប៉ះពាល់សុខភាព។ ស្នើសុំរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ នៅផ្សារដើមអម្ពិល ដែលបង្កអោយមានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ សុំការជួសជុលនិងសម្រួលធ្វើផ្លូវ ធ្វើលូ ។
លោក សុខ ពេញវុធ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌសែនសុខ នាព្រឹកនេះ មានប្រជាពលរដ្ឋ ចំនួន១០នាក់ បានលើកឡើងជាសំណើរ និងសំណូមពរដោយផ្ទាល់មាត់ ដើម្បីអោយអាជ្ញាធរជួយដោះស្រាយ និងជាលាយលក្ខណ៍អក្សរ ចំនួន៨២ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ។ ចំពោះសំណើរ និងសំណូមពរដោយផ្ទាល់មាត់ លោក សុខ ពេញវុធ បានធ្វើការដោះស្រាយភ្លាមៗ ជាមួយនឹងការបញ្ជាក់ថា ការស្នើរបស់ប្រជាពលរដ្ឋខាងលើ ក្នុងនាមអាជ្ញាធរយើងនឹង
ធ្វើការដោះស្រាយ ដោយអោយអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យ និងវាយតំលៃ ដើម្បីឆ្លើយតប ពោលគឺអ្វីដែលថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញធ្វើបាន យើងធ្វើភ្លាម។ តែបើហួសពីសមត្ថភាពយើងក៏មិនទុកចោលដែរ គឺសុំគោលការទៅថ្នាក់លើបន្តទៀត ជាក់ស្តែងដូចជាការស្នើសុំពីសំណាក់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ឱ្យមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប.ស.ស រដ្ឋបាលរាជធានីភ្នំពេញ សុំគោលការទៅថ្នាក់ជាតិបន្តទៀត។ ដោយឡែកចំពោះសំណើរជាលាយលក្ខណ៍អក្សរចំនួន៨២ច្បាប់រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅដោះស្រាយពេលក្រោយ ។
ជាមួយគ្នានោះលោក ជួប ខុន បានលើកឡើងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាម សង្កាត់នានា ក្នុងខណ្ឌរបស់ខ្លួន ក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ។
ជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបានអនុវត្តរួចហើយក្នុងឆ្នាំ២០២៤នេះ ស្របតាមច្បាប់កំណត់។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះដែរ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាចំនួន៤ ដែលមានដូចជា ៖ ទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាល និងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ ៕
ចែករំលែកព័តមាននេះ