រថយន្ត១គ្រឿងត្រូវបានឆេះ ខណៈម្ចាស់ទុកនៅមុខរោងចក្រ ហើយម្ចាស់សង្ស័យគេលួចដុត នៅស្រុកស្វាយទាប
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ រថយន្តក្រុងម៉ាកហ៊ីយិនដាយ ដឹកកម្មករកម្មការិនី១គ្រឿង ត្រូវអណ្តាតភ្លើងឆាបឆេះកាប៊ីនខាងមុខយ៉ាងសន្ធោសន្ធៅ ខណៈម្ចាស់បញ្ឈររថយន្តទុកនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេសជីលូ ក្រុងស្វាយរៀង ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៥ ធ្នូ ២០២៤ នៅចំណុចចិញ្ចើមផ្លូវជាតិលេខ១ ខាងមុខតំបន់សេដ្ឋកិច្ចពិសេសជីលូ ស្ថិតនៅក្នុងភូមិទន្លៀងឃុំរមាំងថ្កោល ស្រុកស្វាយទាប (ខាងត្បូងថ្នល់តំបន់សេដ្ឋកិច្ចពិសេសជីលូ ភូមិស្វាយតឿសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង) ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ រាជ្យ ខេមរា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្រូចឃុំជ្រុងពពេល ស្រុករំដួល ។ ចំណែករថយន្តដែលឆេះម៉ាកហ៊ីយិនដាយ ពណ៌ខៀវ.ស ពាក់ស្លាកលេខភ្នំពេញ 3C-1310 ខណៈម្ចាស់ដឹកកម្មករកម្មការិនីហើយក៏យកមកបញ្ឈរទុកនៅលើចិញ្ចើមថ្នល់ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះនៅក្នុងកាប៊ីនខាងមុខយ៉ាងសន្ធោសន្ធៅតែម្តង មិនដឹងថា ការឆេះនេះជាឧបទ្ទវហេតុ ឆ្លងចរន្តខ្សែភ្លើងក្នុងកាប៊ីនរថយន្ត ឬជាករណីមានគេលួចដុតនោះទេ ក៏ប៉ុន្តែម្ចាស់រថយន្តដាក់ការសង្ស័យថា មានគេលួចដុត សមត្ថកិច្ចកំពុងស្រាវជ្រាវ ។

ប្រភពបន្តថា ក្រោយពីមានការឆេះរថយន្តប្រជាពលរដ្ឋបានទូរសព្ទ័ហៅរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននរគបាល ខេត្តស្វាយរៀង០១គ្រឿង បានចេញទៅអន្តរាគមន៍ពន្លត់បានទាន់ពេលវេលា គឺឆេះខូចខាតតែកាប៊ីនខាងមុខតែប៉ុណ្ណោះ ។ សមត្ថកិច្ចបានអប់រំម្ចាស់រថយន្តដឹកកម្មករទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្ន កុំបញ្ឈររថយន្តទុកចោលនាំឲ្យមានគ្រោះអគ្គិភ័យជាយថាហេតុ ៕







ចែករំលែកព័តមាននេះ