ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានធុន​ធ្ងន់​ភ្លៅ​៣ ត្រូវ​​ហាម​ធ្វើ​ចរាចរ​ណ៍ទាំង​ថ្ងៃនិង​យប់​ក្នុង​ខណ្ឌ​ចំនួន​៥

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កែសម្រួល​ឡើង​វិញ នូវ​តម្រាយ​ផ្លូវ ពេលវេលា និង​ប្រភេទ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ចេញចូល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។ ករណី​ហាម​រថយន្ត​ធុន​ធំ​ចេញចូល​ក្នុង​រាជធានី​នេះ មិនមែន​ជា​ករណី​ដំបូង​នោះ​ទេ តែ​ត្រូវ​បាន​មហាជន​មើលឃើញ​ថា​បាន​តែ​ដំបូង…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​កែសម្រួល​ឡើង​វិញ នូវ​តម្រាយ​ផ្លូវ ពេលវេលា និង​ប្រភេទ​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ចេញចូល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។ ករណី​ហាម​រថយន្ត​ធុន​ធំ​ចេញចូល​ក្នុង​រាជធានី​នេះ មិនមែន​ជា​ករណី​ដំបូង​នោះ​ទេ តែ​ត្រូវ​បាន​មហាជន​មើលឃើញ​ថា​បាន​តែ​ដំបូង ហើយ​ក្រោយមក​គឺ​វិល​ទៅ​រក​ស្ថានភាព​ដើម​ដដែល ។

លើក​នេះ​ការ​ប្រកាស​កែសម្រួល ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ចំនួន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​បរិមា​ណ​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ មានការ​កើនឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​ជា​រៀងរាល់ថ្ងៃ ហើយ
ករណី​កកស្ទះ​ចរាចរណ៍​ក៏​តែង​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​បត់​ចេញចូល​ឃ្លាំង​ដែល​នៅ​កណ្តាល​ក្រុង ។ មួយវិញទៀត បាន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​អ្នក​ជិះ​ម៉ូតូ​នៅ​លើ​ដងផ្លូវ​ផង​ដែរ ។

តម្រាយ​ផ្លូវ​នៅ​ក្នុងភូមិ​សាស្ត្រ​ជាយ​រាជធានី​ភ្នំពេញ ដែល​ពី​មុន​មាន​សភាព​ស្ងប់ស្ងាត់ ចរាចរណ៍​មិនសូវ​មមាញឹក ក៏​បា​នែ​ក្លាយទៅជា​តំបន់​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​កុះករ ហើយ​ការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​មានការ​កកស្ទះ និង​កើត​មានគ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធ្ងន់ ។

យោង​តាម​សេចក្ដីណែនាំ​ស្តី​ពី​ការ​កែសម្រួល​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់
គ្រប់​ប្រភេទ​ចេញចូល​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖


១-​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ត្រូវ​បាន​កំណត់​ជា ២​ប្រភេទ​គឺ ៖

ប្រភេទ​ទី​១-​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ដែល​មាន​ភ្លៅ​២ កម្រិត​ទម្ងន់​សរុប​អនុញ្ញាត​អតិបរមា​របស់​រថយន្ត​កំណត់​ត្រឹម​១៦​តោន អាច​ធ្វើ​ច​រាចរណ៍​ចេញចូល​រាជធានី​ភ្នំពេញ​បាន​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ប៉ុន្តែ​ត្រូវ​ហាម​ការ​ធ្វើ​ដំណើរ​នៅ​វេលា​ម៉ោង​៥​ដល់​ម៉ោង​៩​ព្រឹក និង​ម៉ោង​៤រសៀល​ដល់​ម៉ោង​៩​យប់ ក្នុងភូមិ​សាស្ត្រ​ចំនួន​៥​ខណ្ឌ រួម​មាន ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​៧​មក​រា ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង ។

ប្រភេទ​ទី​២-​រថយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ដែល​មាន​ភ្លៅ​៣​ឡើង​ទៅ កម្រិត​ទម្ងន់​សរុប​អនុញ្ញាត​អតិបរមា​របស់​រថយន្ត​កំណត់​ចាប់ពី​២១​តោន ឡើង​ទៅ ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​បាន​ពេល​ថ្ងៃ និង​ពេល​យប់​នៅ​លើ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ និង​អាច​ធ្វើ​ចរាចរណ៍​ចេញចូល​រាជធានី​ភ្នំពេញ​នៅ​ពេល​យប់​ចាប់ពី​ម៉ោង​៩​យប់ រហូត​ដល់​ម៉ោង​៥​ព្រឹក ។ ប៉ុន្តែ​ហាម​ធ្វើ​ចរាចរណ៍​ទាំង​ថ្ងៃ​និង​យប់​ក្នុងភូមិ​សាស្ត្រ​៥​ខណ្ឌ គឺ​ខណ្ឌដូនពេញ ខណ្ឌ​៧​មក​រា ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង និង​ខណ្ឌទួលគោក ព្រមទាំង​ផ្លូវ និង​ស្ពាន​មួយ​ចំនួន​ទៀត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

២-​ដោយឡែក​ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ផ្គត់ផ្គង់​ការដ្ឋាន​សំណង់ និង​ការដ្ឋាន​ជួសជុល​ស្ថាបនា ផ្លូវ លូ រួម​មាន រថយន្ត​ដឹក​ខ្សាច់ ដី ថ្ម និង​បេតុង រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្ដល់​លិខិត​អនុ​ញ្ញ​ត​ជា​អាទិភាព​ដោយឡែក ដោយ​មានការ​កំណត់​ពេលវេលា និង​តម្រាយ​ផ្លូវ​ឆ្ពោះទៅ​កាន់​ការដ្ឋាន​នីមួយ​ៗ ដែល​ម្ចាស់​យានយន្ត​បាន​ស្នើ​សុំ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

៣-​សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ (Bus)​គ្រប់​ប្រភេទ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ណែនាំ​អំពី​ម៉ោង​ពេល និង​តម្រាយ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ដោយឡែក ។

៤-​ចំពោះ​រថយន្ត​ដែល​ត្រូវធ្វើ​ចរាចរណ៍​ចូលនិង​ឆ្លងកាត់​រាជធានី​ភ្នំពេញ ហើយ​ស្ថិត​នៅ​ក្នុង
ម៉ោង​ហាមឃាត់ ត្រូវ​ចូល​សំចត​រង់ចាំ​នៅ​ទីតាំង​សម​ស្រប​ណាមួយ ឬ​ចំណត​ជាយ​រាជធានី​ភ្នំ
ពេញ​ដែល​មាន​ស្រាប់ ស្ថិត​នៅ​គ្រប់​ច្រក​ចេញចូលផ្លូវជាតិ​ទាំង ៦ (​ផ្លូវជាតិ​លេខ​១, លេខ​២, លេខ​៣, លេខ​៤, លេខ​៥ និង​លេខ​៦) និង​ហាម​ដាច់ខាត​ការ​ឈប់​សំចត​រង់ចាំ​នៅ​តាម​ដងផ្លូវ ។


រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ថា នឹង​ឃាត់​ទុក​ដោយ​គ្មាន​កាលកំណត់ ដើម្បី​អប់រំ​ណែ
នាំ​ម្ចាស់​រថយន្ត ចំពោះ​ករណី​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ