ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​ក្រសួង​សាធារណការ ប្រជុំ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ជំហាន​ទី​២

2 ខែ មុន

រាជធានីភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី ​និង​ក្រសួង​សាធារណការ បន្ត​បើក​កិច្ចប្រជុំ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ជំហាន​ទី​២​ ។ ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ក្នុង​ជំហាន​ទី​១ រដ្ឋបាល​រាជធានី​ភ្នំពេញ​…

រាជធានីភ្នំពេញ ​៖ ​រដ្ឋបាល​រាជធានី ​និង​ក្រសួង​សាធារណការ បន្ត​បើក​កិច្ចប្រជុំ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ជំហាន​ទី​២​ ។ ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ក្នុង​ជំហាន​ទី​១ រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​ក្រសួង​សាធារណការ បាន​អនុវត្តបញ្ចប់​ទៅ​ដោយ​ជោគជ័យ កាលពី​ឆ្នាំ​២០២៣ ហើយ​ពេល​នេះ បាន​បន្ត​បើក​កិច្ចប្រជុំ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ជំហាន​ទី​២​ បន្ត​ទៀត ​។

កិច្ចប្រជុំ​គណៈកម្មការ​សម្របសម្រួល​រួម​លើក​ទី​១ នៃ​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ជំហាន​ទី​២ ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ក្រោម​អ​ធីប​តី​ភាព​លោក ឯក ឃុន​ដឿ​ន ​អភិបាលរង ​រាជធានី​ភ្នំពេញ​ តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, លោក រស់ វ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​។

ចូលរួម​ក្នុង​ឱកាស​នោះ​ដែរ​ មាន​លោក គូ​រី​បា​យ៉ា​ស៊ី តា​កា​ណូរី លេខា​ទូត​ទី​១ នៃ​ស្ថានទូត​ជប៉ុន ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ ចៅ សុភៈ​ភិ​បាល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ច​ម្លោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​និងលោកស្រី មី​អូ​រ៉ា យូ​ស្ស៊ី​កូ តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា​ ។

លោក ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឈាន​ដល់​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែលអនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ ​ពង្រឹង​កិច្ចសហការ​លើ​គ្រប់​វិស័យ​ដូច​ជា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រជាជន វិស័យសេដ្ឋកិច្ច វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល វិស័យ​សន្តិសុខ សុវត្ថិភាព​សង្គម ដូច​ជា​ការ​ការពារ​ទឹកជំនន់ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ចាប់ពី​ជំហាន​ទី​១ រហូត​ដល់ ជំហាន​ទី​៤ ដែល​ជា​ជំនួយ​ឥត​សំណង ព្រមទាំង​បាន​ផ្តល់​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព ​ជំហាន​ទី​៥ ដែលទើបនឹង​បញ្ចប់សេចក្តី​ព្រាង​របាយការណ៍​ចុង​ក្រោយ​នា​ពេល​ថ្មី​ៗ​នេះ ​។

លោក ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​អនុវត្ត គម្រោង​អភិវឌ្ឍន៍​សមត្ថភាព រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ជំហាន​ទី​២ គឺជា​គម្រោង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ ដើម្បី​គាំទ្រ​ប្រតិបត្តិការ​បច្ចេកទេស​ដើម្បី​ជំរុញ ដល់​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ ​នៃ​ការ​គ្រប់គ្រង​ប្រព័ន្ធ​លូ​ទឹក​កខ្វក់ ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ។

គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់​នេះ គឺ​បាន​អនុវត្ត ប្រកបដោយ​ជោគជ័យ​ជា​ផ្លែផ្កា ​កាលពី​ជំហាន​ទី​១ ដែល​បាន​អនុវត្ត​កាលពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ​។

ក្រោម​ជំនួយ​ឥត​សំណង “​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ភ្នំពេញ​” គាំទ្រ​ដោយ JICA បាន​ជួយ​កសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ចុងឆ្នាំ​២០២៣​ កន្លង​ទៅ (​ដែល​មាន​សមត្ថភាព​សម្អាត​ទឹក​កខ្វក់ ៥០០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ និងចំណាយ​ទឹកប្រាក់​ប្រមាណ២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ​។

លោក ឯក ឃុន​ដឿ​ន បាន​បញ្ជាក់​ថា​ គោលបំណង​សំខាន់​ៗ​ នៃ​គម្រោង​នេះ គឺ​ដើម្បី​បង្កើត​គណៈកម្មការ​សម្របសម្រួល​រួម និង​គណៈកម្មការ​បច្ចេកទេស បញ្ជាក់​ និង​អនុម័ត​លើ​ការ​រចនា​គម្រោង​លម្អិត និង​ដើម្បី​អនុម័ត​លើ​ផែនការ​អនុវត្ត​ការងារ​រយៈពេល​មួយ​ឆ្នាំ ហើយ​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ ដើម្បី​អោយ​ក្រុមការងារ​គម្រោង​ចូលរួម​ជា​មតិយោបល់ បានជា​ធាតុ​ចូល​ និង​ចំណេះដឹង ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​អនុវត្ត​គម្រោង​ឱ្យ​បាន​កាន់តែ​ប្រសើរ និង​ទទួល​បាន​ផ្លែផ្កា​ ។

ក្នុង​ឱកាស​នោះ​ដែរលោក រស់ វ​ណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ កិច្ចប្រជុំ​នេះ គឺ​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​គ្រប់គ្រង​អនាម័យ ពិសេស​ការ​គ្រប់គ្រង​ប្រព័ន្ធ​ទឹក​កខ្វក់ ដើរ​អោយទាន់​កាលៈទេសៈ​បច្ចុប្បន្ន​។
យើង​ដឹង​ហើយ​ថា ក្រោយ​បញ្ចប់​ស​ង្ក្រា​ម​ប្រទេស​កម្ពុជា​ បាន​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៅ​ផ្នែក​លើ​ដី ហើយ​ការ​អភិវឌ្ឍ​នៅ​ក្រោម​ដី ដូច​ជា​ប្រព័ន្ធ​លូ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ យើង​បាន​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា គឺ​ធនធានមនុស្ស​ក្នុង​ការ​គ្រប់គ្រង នៅ​មាន​កំរិត ដែល​ទៀមទា​អោយ​មានការ​បណ្តុះបណ្តាល ពិសេស​គឺ​ការ​ពង្រឹងសមត្ថភាព​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​អនាម័យ អោយ​ត្រូវ​តាម​លក្ខណ​បច្ចេកទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ