ថៃ ៖ វិបត្តិទឹកជំនន់ភាគខាងត្បូងប្រទេសថៃ បានបណ្តាលឱ្យផ្ទះជាង៦៤ម៉ឺនខ្នង ត្រូវបានលិចលង់នៅទូទាំង៨៧ស្រុកនៃខេត្តចំនួន១០ ដែលនាំមកនូវសោកនាដកម្មបាត់បង់ជីវិតចំនួន១២នាក់ ខណៈដែលមនុស្សរាប់សិបនាក់ បន្តជាប់គាំងកំពុងដង្ហោយរកជំនួយសង្គ្រោះ ។ ប្រភពពីសារព័ត៌មានថៃ The Thaiger ចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ។
ស្របគ្នានៃវិបត្តិទឹកជំនន់ដែលត្រូវបានគេចាត់ទុកថា ធ្ងន់ធ្ងរ និងអាក្រក់បំផុតដែលមិនធ្លាប់កើតមានក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៅភាគខាងត្បូងប្រទេសថៃនោះ សារព័ត៌មាន Bangkok Post បានរាយការណ៍ពីឧបទ្ទវហេតុបាក់ស្រុតដីដ៏គួរឱ្យរន្ធត់មួយនៅក្នុងស្រុកបេតុង ខេត្តយ៉ាឡា កាលពីព្រឹកថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤ ដែលហេតុការណ៍នេះបណ្តាលឱ្យចំណតរថយន្តរបស់សាលាស្រុកបេតុងរបើកប៉ើងបាក់ដាច់ខ្ទេចខ្ទីខូចខាតទាំងស្រុង និងបណ្តាលឱ្យរថយន្តជាច្រើនគ្រឿងដែលចតនៅចំណតនោះខូចខាត ។
សាក្សីឃើញហេតុការណ៍អះអាងថា ការបាក់ស្រុតដីនេះកើតឡើង នាវេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃអាទិត្យ តែសំណាងហើយ គ្មាននរណាម្នាក់រងរបួសនោះទេ ព្រោះជាថ្ងៃឈប់សម្រាក ។ យ៉ាងណាក៏ដោយ អភិបាលស្រុកបេតុង បានបញ្ជាឱ្យរុះរើសម្ភារៈចាំបាច់ចេញពីសាលាស្រុក ព្រោះបារម្ភខ្លាចអគារការិយាល័យអាចប្រឈមនឹងការដួលរលំ ។
តាមការអះអាងពីមន្ត្រីជំនាញដើមហេតុដែលបណ្តាលឱ្យមានទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលលើចំណតឡានរបស់សាលាស្រុក គឺដោយសារតែការដីចុះពីលើភ្នំមួយ ដែលស្ថិតនៅខាងក្រោយសាលាស្រុកបេតុងតែម្តង ។ ដីដែលចុះពីភ្នំ គឺត្រូវបានទឹកហូរច្រុះតំបន់ទាំងមូលទទួលរងនូវរបបទឹកភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នាជាច្រើនថ្ងៃ ចាប់តាំងពីថ្ងៃទី២២ ខែវិច្ឆិកាមក ។
ងាកមកវិបត្តិទឹកជំនន់វិញ ស្របពេលដែលខ្លួនអ្នកស្លា.ប់កើនឡើង ដល់១២នាក់បានស្លា.ប់នោះមកដល់ពេលនេះ មនុស្សប្រហែល១៣០០០នាក់ ដែលត្រូវបានជម្លៀសចេញពីផ្ទះសម្បែង នៅតែបន្តជ្រកកោននៅក្នុងជម្រកបណ្តោះអាសន្ននៅឡើយនោះទេឆ្លើយតបនឹងវិបត្តិទឹកជំនន់ភាគខាងត្បូង នាយករដ្ឋមន្ត្រី Paetongtarn Shinawatra គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់ដែលរងគ្រោះដោយទឹកជំនន់នៃខេត្តសុងក្លា និងប៉ាត់តានី នៅថ្ងៃទី៦ ខែធ្នូ ខាងមុខ ។
គួរកត់សម្គាល់ថា នៅថ្ងៃទី០២ ខែធ្នូនេះ នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងស្តីពីភ្លៀងធ្លាក់ខ្លាំងជុំទី២ នៅតំបន់ភាគខាងត្បូង ចាប់ពីថ្ងៃទី០៣-៥ ខែធ្នូ ឆ្នាំ២០២៤ នឹងមានភ្លៀងធ្លាក់ខ្លាំងជោគជាំនៅភាគខាងត្បូង ជាពិសេសខេត្តឈុំផូន, ស៊ូរ៉ាត់ថានី, ណាខនស៊ីថាមរ៉ាត់ ,ផាត់ថាឡាង ,ផាងង៉ា ភូកេត ក្រាប៊ី ត្រាង និងសាទុន និងជាពិសេសតំបន់មួយចំនួនក្នុងខេត្តសុងក្លា ប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត់ ។ ប្រជាពលរដ្ឋនៅតំបន់នេះត្រូវបានព្រមានឱ្យប្រុងប្រយ័ត្នចំពោះហានិភ័យនៃជំនន់រហ័សទឹកជំនន់ហូរចុះពីព្រៃភ្នំ និងការបាក់ដី ៕
ចែករំលែកព័តមាននេះ