ខេត្តសៀមរាប ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ១០ស្ថាប័ន ដឹកនាំដោយលោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន បានទៅធ្វើទស្សនកិច្ចនៅទីតាំងបោសសម្អាតមីន ស្ថិតក្នុងភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ។

ការធ្វើទស្សនកិច្ច គឺនៅមុនកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកដែលគ្មានមីនដែលប្រារព្ធធ្វើនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ដល់ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយៈពេលជាង៣២ឆ្នាំមកនេះ កម្ពុជាអនុវត្តការងារបោសសម្អាតមីនសម្រេចបានលើផ្ទៃដីជាង៣ពាន់គីឡូម៉ែតក្រឡា និងរកឃើញគ្រាប់មិនទាន់ផ្ទុះ និងបានកម្ទេចចោលជាង ៤លានគ្រាប់ ។

ផ្ទៃដីដែលរំដោះបានជាង៣០ឆ្នាំមកនេះ គឺដោយសារការដឹកនាំរបស់សម្តេចតេជោ បន្តមកសម្តេចបវរធិបតី ដែលជាប្រធានអាជ្ញាធរមីន សម្តេចបានចាត់ចែងទម្លាក់ថវិកា ពង្រាយកម្លាំង គាំទ្រដល់អ្នកបោសសម្អាតមីនទូទាំងប្រទេស ។

ផ្ទៃដីមានសុវត្ថិភាពដែលរំដោះបានពីគ្រាប់មីននិងកាកសំណល់សង្គ្រាម ត្រូវបានយកមកប្រើ ប្រាស់ជាប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមជាតិ ជាបណ្តើរៗ នៅតាមបណ្តាខេត្តមួយចំនួនដែល មានបញ្ហាគ្រាប់មីនទាប ក៏ត្រូវបានប្រកាសជាខេត្តអស់មីនផងដែរ ។

ក្នុងការធ្វើទស្សនកិច្ចរបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ នៅចម្ការមីនរបស់ CMACនាពេលនេះ ជាផ្នែកមួយនៃការផ្សព្វផ្សាយអំពីយុទ្ធនាការក្នុងងវិស័យដោះមីនរបស់កម្ពុជានៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា ។

អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ មានប្រទេសជាសមាជិកចំនួន១៦៤ប្រទេស និងមានអង្គការដៃគូ ព្រមទាំងប្រទេសមួយចំនួនជាអ្នកសង្កេតការណ៍ផងដែរ ។

កិច្ចប្រជុំកំពូលលើកទី៥ ដែលធ្វើឡើងនៅខេត្តសៀមរាបនេះ កម្ពុជាក្លាយជាម្ចាស់ផ្ទះដំបូងគេបង្អស់នៅអាស៊ី និងជាប្រទេសទី៥នៅលើសកលលោកដែលធ្វើជាប្រធាន និងម្ចាស់ផ្ទះក្នុងការដឹកនាំកិច្ចប្រជុំកំពូលនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឬហៅថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ៕
ចែករំលែកព័តមាននេះ