ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្វីប​អឺរ៉ុប​មាន​ហេតុ​​ការណ៍​គ្រោះ​ថ្នាក់​យន្ត​ហោះ​ផ្ទួន​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ

4 ម៉ោង មុន

ទី​ក្រុង​វីល​នើស៖ ថ្ងៃនេះ​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​យន្ត​ហោះ​រហូត​ដល់​​ទៅ​២​ផ្ទួន​ៗ​គ្នា​។ ទី​១​គឺ​យន្ត​ហោះ​ដឹក​ឥវ៉ាន់​របស់​ក្រុម​ហ៊ុន​ឌី​អេច​អិល (DHL) ដែល​បាន​ធ្លាក់​នៅ​ពេល​ព្យាយាម​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​​មួយ​កន្លែង​នៃ​ប្រទេស​លីទុយ​អានី​​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង​បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​ម្នាក់​។ និង​ទី​២​ ហេតុ​ការណ៍​យន្ត​ហោះ​រុស្ស៊ី​ឆេះ​ម៉ាស៊ីន​។ ​សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​​នៅ​ក្នុង​ហេតុ​ការណ៍​ទី​​១​នោះ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​យន្ត​ហោះ​នោះ​ផ្ទាល់​តែ​ម្ដង​។ ​មនុស្ស​៣​នាក់​ទៀត​ដែល​ស្ថិត​នៅ​លើ​​​យន្ត​ហោះ​នោះ​​ដែរ​បាន​រង​របួស​​​។ សំណាង​ល្អ​…

ទី​ក្រុង​វីល​នើស៖ ថ្ងៃនេះ​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​យន្ត​ហោះ​រហូត​ដល់​​ទៅ​២​ផ្ទួន​ៗ​គ្នា​។ ទី​១​គឺ​យន្ត​ហោះ​ដឹក​ឥវ៉ាន់​របស់​ក្រុម​ហ៊ុន​ឌី​អេច​អិល (DHL) ដែល​បាន​ធ្លាក់​នៅ​ពេល​ព្យាយាម​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​​មួយ​កន្លែង​នៃ​ប្រទេស​លីទុយ​អានី​​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​តែ​ម្ដង​បណ្ដាល​ឱ្យ​​ស្លាប់​មនុស្ស​ម្នាក់​។ និង​ទី​២​ ហេតុ​ការណ៍​យន្ត​ហោះ​រុស្ស៊ី​ឆេះ​ម៉ាស៊ីន​។

​សាក្សី​និយាយ​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​​នៅ​ក្នុង​ហេតុ​ការណ៍​ទី​​១​នោះ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​យន្ត​ហោះ​នោះ​ផ្ទាល់​តែ​ម្ដង​។ ​មនុស្ស​៣​នាក់​ទៀត​ដែល​ស្ថិត​នៅ​លើ​​​យន្ត​ហោះ​នោះ​​ដែរ​បាន​រង​របួស​​​។ សំណាង​ល្អ​ ហេតុ​ការណ៍​នោះ​មិន​បាន​បណ្ដាល​ឱ្យ​អ្នក​ដែល​ស្ថិត​នៅ​លើ​ដី​រង​របួស​ ឬ​ស្លាប់​ទេ​​។​ នេះ​ជា​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ស្វីហ្វ​អ៊ែរ (Swiftair) ដែល​បើក​ដំណើរ​ការ​ជំនួស​មុខ​ឱ្យ​ក្រុម​ហ៊ុន​ឌី​អេច​អិល ហើយ​បាន​ហោះ​ហើរ​ចេញ​ពី​ទី​ក្រុង​ឡេប​ហ្ស៊ីក​ (Leipzig) ប្រទេស​អាល្លឺម៉ង់​​។

យន្ត​ហោះ​នេះ​ធ្លាក់​នៅ​ម៉ោង​៣:៣០​ព្រឹក​ម៉ោង​សាកល​នៅ​ពេល​ហោះ​ជិត​ដល់​ព្រលាន​យន្ត​ហោះ​។ នេះ​បើ​យោង​តាម​ការ​ប​ញ្ជាក់​ពីអ្នក​នាំ​ពាក្យ​​មជ្ឈ​មណ្ឌល​ជាតិ​គ្រប់​គ្រង​គ្រោះមហន្ត​រាយ​នៃ​ប្រទេស​លីទុយ​អានី​។ សមត្ថ​កិច្ច​ និង​ក្រុម​អ្នក​ស៊ើប​អង្កេ​ត​បាន​​ចុះ​ទៅ​កន្លែង​កើត​ហេតុ​។ ប៉ុន្តែ​គេ​គិត​ថា​ប្រហែល​ជា​គ្មាន​ហេតុ​ការណ៍​ផ្ទុះ​អ្វី​១​​កើត​ឡើង​មុន​ពេល​យន្ត​ហោះ​នេះ​ធ្លាក់​ទេ​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​១​​ទៀត​​ យន្ត​ហោះដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​រុស្ស៊ី​បាន​ឆេះ​នៅ​ក្នុង​អណ្ដាត​ភ្លើ​ងយ៉ាង​សន្ធោ​សន្ធៅ និង​មាន​ផ្សែង​ហុយ​ទ្រលោម​​ចេញ​ពី​ម៉ាស៊ីន​យន្ត​ហោះ​​។ ​មុន​ពេល​កើត​ហេតុនោះ​​ យន្ត​ហោះ​របស់​​រុស្ស៊ី​ម៉ាក​​សឺខយ ស៊ូប​ផឺ​ចិន មួយ​រយ (Sukhoi Superjet 100) ព្យាយាម​ចុះ​ចត​នៅ​អាកាស​យាន​ដ្ឋាន​នៃ​​ប្រទេស​តួក​គី​។

សំណាង​ល្អ​ អ្នក​ដំណើរ​​៨៩​នាក់​ និង​បុគ្គលិក​ក្រុម​ហ៊ុន​៦​នាក់​នៅ​ក្នុង​យន្ត​ហោះ​​​​អាច​ជម្លៀស​ខ្លួន​ដោយ​សុវត្ថិ​ភាព​ទាន់​ពេល​វេលា​។ យន្ត​ហោះនេះ​ជា​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាស៊ី​មុត អែរ​ឡាញ (Azimuth Airlines) ដែល​ហោះ​ចេញ​ពី​តំបន់​រម​ណីយ​ដ្ឋាន​​នៃ​ទី​ក្រុង​សូជី (Sochi) ស្ថិត​នៅ​សមុទ្រ​ខ្មៅ​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម គេ​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ក្នុង​គ្រា​អាសន្ន​​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ និង​​​ព្យាយាម​ពន្លត់​ភ្លើង​​យ៉ាង​សស្រាក់​សស្រាំ​​។​

វីឌីអូ​ឃ្លីប​ដទៃទៀត​បង្ហាញថា​ក្រុម​អ្នក​ពន្លត​អគ្គិភ័យ​បន្ត​បាញ់​ពពុះ​សាប៊ូ​ទៅ​លើ​យន្ត​ហោះ​ និង​ម៉ា​ស៊ីន​យន្ត​ហោះ​ដើម្បីពន្លត់​ភ្លើង​ដែល​នៅ​សេស​សល់ និង​ដើម្បី​ឱ្យ​​ម៉ាស៊ីន​​​ដែល​កំពុង​តែ​ឡើង​កម្ដៅ​នោះ​ចុះ​ត្រជាក់​មក​វិញ​​​។ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខាង​លើ​នេះ​ប្រាប់​ថា​មុន​ពេល​កើត​ហេតុ​​ យន្ត​ហោះ​របស់​ខ្លួន​ព្យាយាម​ចុះ​ចត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់នៅ​ពេល​ខ្យល់​កំពុង​តែ​បក់​យ៉ាង​ខ្លាំង​​។ អាជ្ញា​ធរ​អាកាស​ចរ​ស៊ីវិល​រុស្ស៊ី​ថ្លែង​ថា​ខ្លួន​​ទទួល​បាន​​ដំណឹង​នេះ​ហើយ​ ហើយ​កំពុង​​​ស៊ើប​អង្កេត​ជា​បណ្ដើរ​​ៗ​។​

គេហ​ទំព័​ឈ្មោះ​ហ្វ្លាយ​រ៉ាដា​ម្ភៃ​បួន (FlightRadar24) ដែល​ជា​អ្នក​ឃ្លាំ​មើល​ចរាចរណ៍​ដែន​អាកាស​ទូទាំង​ពិភព​លោក​ថ្លែង​ថា​យន្ត​ហោះ​ដែល​ឆេះ​ម៉ាស៊ីន​ខាង​លើ​នេះ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​រយៈ​ពេល​៧​ឆ្នាំ​។ សព្វ​ថ្ងៃ​នេះ​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​រុស្ស៊ី​​​​​​ខ្វះ​ខាត​យន្ត​ហោះ​ថ្មី​ៗ និង​គ្រឿង​បន្លាស់​​​​ដោយ​សារ​ការ​ដាក់​ទណ្ឌ​កម្ម​ពី​ក្រុម​​បស្ចិម​ប្រទេស​​​​ក្រោយ​ពេល​ផ្ទុះ​សង្គ្រាម​អ៊ុយ​ក្រែន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ