រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់ នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាបនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប លោកជំទាវប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” និងបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ។
លោកជំទាវប្រធានគណៈប្រតិភូ បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អំឡុងពេល ដែលគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះ គណៈប្រតិភូបានស្វែងយល់អំពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៍បែបរបស់កម្ពុជា នៅលើទឹកដីនៃខេត្តសៀមរាប-អង្គរ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួមនឹងបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តរួមក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សជាតិ ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ថា កម្ពុជាធ្លាប់ជាប្រទេស ដែលរងគ្រោះដោយសារសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅលើផ្ទៃដីកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ កម្ពុជាបានយកចិត្តទុកដាក់លើការបោសសម្អាតមីន ដែលជាលទ្ធផលកម្ពុជា បានបោសសម្អាតមីនលើផ្ទៃដីជាង ៣,០០០គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្ត អស់មីនចំនួន១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្ត និងនៅមានផ្ទៃដី ដែលនៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជិត១,៧០០គីឡូម៉ែត្រការ៉េ ។
ទន្ទឹមនឹងនោះ សម្ដេចបវរធិបតី បានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ ដែលបានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន។ កម្ពុជាពិតជាមានមោទនភាព ដែលបានចូលរួមចំណែកក្នុងការចែករំលែក នូវបទពិសោធន៍ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមីនដល់បណ្ដាប្រទេសនានា នៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ