រាជធានីភ្នំពេញ ៖ យុវជនស្ទាវពីរក្រុមដែលស្ទើរតែផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមក ទៅហើយ នៅកោះពេជ្រកាលពីព្រលប់ថ្ងៃទី២១ មិថុនា ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងនគរបាលខណ្ឌចំការមន សហការជាមួយក្រុមសន្តិសុខការពារនៅសួនកម្សាន្តកោះពេជ្រចាប់ឃាត់ខ្លួនបានចំនួន១៩នាក់នាំយកទៅញាត់ទ្រុងអស់មួយយប់ ។ ក្នុងប្រតិបត្តិការចាប់ប្រមូលក្រុមយុវជនឈាមរាវទាំងពីរក្រុមដែលចង់កាប់ចាក់គ្នានេះសមត្ថកិច្ចដកហូតឧបករណ៍ប្រើហិង្សាមានអាវុធខ្លីមួយដើម និងកាំបិតប៉័ងតោ ។ លើសពីនេះដកហូតម៉ូតូស៊េរីថ្មីៗចំនួន៧គ្រឿង និងរថយន្តកាមរីស៊េរីឆ្នាំ២០០៨ មួយគ្រឿង យកទៅកាន់អធិការដ្ឋាននគរបាលចំការមន ។
ជុំវិញប្រតិបត្តិការបង្ក្រាបយុវជនទាំងពីរក្រុមនោះ សមត្ថកិច្ចបង្ហើបជំហានដំបូងថា គឺទប់ស្កាត់មិនឱ្យពួកគេប្រើអំពើហិង្សាដាក់គ្នា ព្រោះពួកគេទាំងសងខាងបានត្រៀមលក្ខណៈកាប់ចាក់ ឬបាញ់យកស្លាប់រស់ទៅវិញទៅមក ។ ហេតុដូច្នេះទើបសមត្ថកិច្ចប្រមូលកម្លាំងទៅក្រសោបទាំងសងខាង ហើយយកទៅសួរនាំ ។
បន្ទាប់ពីសួរនាំគូបក្សដិបក្សរួចមក សមត្ថកិច្ចបង្ហើបព័ត៌មានថា រឿងហេតុនោះផ្តើមចេញពីយុវសិស្ស សាលាឯកជន២ក្រុមទាស់ពាក្យសំដីគ្នាតិចតួច ហើយចងគំនុំគ្នាបង្កើតជារឿងធំឡើងៗ។ មុនពេលជួបជុំគ្នានៅកោះពេជ្រ ដើម្បីជម្រះបញ្ជីនោះ យុវជន២ក្រុមនោះបង្កហិង្សាដាក់គ្នានៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា បណ្តាលឱ្យសិស្សម្នាក់ឈ្មោះហាន ចាន់បញ្ញា រងរបួស ។ ក្រោយពេលឈ្មោះហាន ចាន់បញ្ញា រងរបួស ហើយនោះគេទូរស័ព្ទហៅមន្ត្រីយោធាម្នាក់ទៅជួយ ។ ភ្លាមៗនោះក្រុមទំនាស់ទាំងសងខាងណាត់គ្នា ជិះម៉ូតូ និងរថយន្តកាមរី ពណ៌ខ្មៅ ស៊េរីទំនើប ឆ្នាំ២០០៨ ទៅជម្រះបញ្ជីគ្នានៅកោះពេជ្រ ។ ភាគីម្ខាងមានកាំបិតប៉័ងតោ និងភាគីម្ខាងទៀតមានអាវុធខ្លីមួយដើមត្រៀមប្រយុទ្ធគ្នាទៅហើយ ប៉ុន្តែដោយសារនៅកោះពេជ្រមានសន្តិសុខការពារគ្រប់ទីកន្លែង ពេលឃើញហេតុការណ៍បែបមិនស្រួល សន្តិសុខ ក៏ទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋានសហការគ្នាទៅឃាត់ខ្លួនទាំងសងខាងនាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន និងឃុំខ្លួនអស់មួយយប់ ។ លុះព្រឹកឡើងទើបចាក់សោឱ្យចេញម្តងមួយៗទៅឆ្លើយបំភ្លឺ ។ ក្រុមសន្តិសុខយាមនៅកោះពេជ្រនិយាយថា យុវជនទាំងពីរក្រុមនោះ បើសមត្ថកិច្ចមិនទៅទប់ស្កាត់ទាន់ទេ ម្ល៉េះពួកគេបង្ហូរឈាមគ្នាធ្ងន់ធ្ងរទៅតាមកំហឹងឈាមរាវរបស់ពួកគេម្នាក់ៗជាមិនខាន ។
ដោយឡែកប្រភពព័ត៌មានមួយទៀតនិយាយថា យុវជនពីរក្រុមនោះត្រៀមបង្កហិង្សាដាក់គ្នាទៅវិញទៅមក ប៉ុន្តែដោយសារភាគីម្ខាងឃើញភាគីម្ខាងមានអាវុធខ្លី ហើយជិះរថយន្តទំនើបទៀត ក៏រត់ប្រសាចចែកផ្លូវគ្នា អត់បាននៅតតាំងគ្នាឡើយ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅសួរនាំ ។ សមត្ថកិច្ចនគរបាលខណ្ឌចំការមននិយាយថា យុវជនទាំង១៩នាក់នោះ រួមជាមួយឧបករណ៍ប្រើហិង្សា ព្រមទាំងម៉ូតូ និងរថយន្តដែលពាក់ព័ន្ធអាចបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ប៉ុន្តែសម្រាប់អ្នកមិនមានពាក់ព័ន្ធអ្វីទេ គឺសមត្ថកិច្ចដោះលែងទៅវិញ ។
ប្រភពព័ត៌មានចុងក្រោយបញ្ជាក់ថា ដោយសារតែភាគីទំនាស់ទាំងពីរក្រុមនោះសុទ្ធសឹងជាមនុស្សស្គាល់គ្នា ហើយពួកគេមិនទាន់ប្រព្រឹត្តអំពើហិង្សាធ្ងន់ធ្ងរដល់អាយុជីវិតទេនោះ អាណាព្យាបាលរបស់ពួកគេទាំងសងខាងសុំសមត្ថកិច្ចចរចាគ្នាបញ្ចប់រឿងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។ ចំពោះរឿងនេះនគរបាលខណ្ឌចំការមនបង្ហើបឱ្យដឹងថា ខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឯកភាពតាមសំណូមពរនោះដែរ ហើយប្រគល់សិទ្ធិឱ្យនគរបាលមូលដ្ឋានដើរតួជាមន្ត្រីនគរបាលយុត្តិធម៌ ។
ដោយសារតែមានគម្រោងឱ្យភាគីទាំងសងខាងផ្សះផ្សាគ្នា ទើបសមត្ថកិច្ចមូលដ្ឋានមិនប្រាប់អំពីអត្តសញ្ញាណក្រុមយុវជនទាំង១៩នាក់នោះ៕
ចែករំលែកព័តមាននេះ