ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល សម្រេច​ទទួលស្គាល់​ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល (DGPs) ចំនួន​៤ ជា​ផ្លូវការ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ នូវ​ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល (DGPs) ចំនួន​៤ ដែល​មាន​សារៈសំខាន់ សម្រាប់​ក្រសួង​ស្ថាប័ន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ នូវ​ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល (DGPs) ចំនួន​៤ ដែល​មាន​សារៈសំខាន់ សម្រាប់​ក្រសួង​ស្ថាប័ន អាច​យក​ទៅ​ប្រើប្រាស់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ទទួលស្គាល់​ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល (DGPs) ចំនួន​៤ ជា​ថ្នាល​របស់​រាជរដ្ឋាភិបាល​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ទទួលស្គាល់ ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល (Digital Government Products – DGPs) ដែល​អភិវឌ្ឍ​ដោយ ក​.​ប​.​ទ​. ចំនួន​៤ ជា​ថ្នាល​របស់​រាជរដ្ឋាភិបាល ដែល​មានមុខ​ងារ និង​អត្ថប្រយោជន៍​សំខាន់​ៗ ដូច​ខាងក្រោម​៖

-​ថ្នាល​ផ្ទុក​ឯកសារ​សាធារណៈ​ផ្លូវការ GO.GOV.KH ៖ ជា​ថ្នាល​ផ្ទុក​ឯកសារ​សាធារណៈ ផ្លូវការ​សម្រាប់​ក្រសួង ស្ថាប័ន អាច​ប្រើប្រាស់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ឯកសារ​ជា​សាធារណៈ ដែល​អាច​ទប់ស្កាត់​ព័ត៌មាន ឬ​ឯកសារ​ក្លែងក្លាយ ឬ​តំណ​ភ្ជាប់​ឆបោក (Phishing) ។

-​ថ្នាល​បង្កើត​ទម្រង់​បែបបទ​អន​ឡាញ FORM.GOV.KH ៖ ជា​ថ្នាល​បង្កើត​ទម្រង់​បែបបទ​អន​ឡាញ ដើម្បី​ប្រមូល​ព័ត៌មាន ការ​ស្ទង់​មតិ ត្រួតពិនិត្យ និង​វាយតម្លៃ ការ​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​នានា ឬ​ការ​ប្រមូល​មតិ​កែ​លំអ​នានា ដែល​អាច​ប្រើប្រាស់​ជំនួស Google Form ឬ Microsoft Form ជាដើម​។ រាល់​ទិន្នន័យ​ទាំងអស់ ត្រូវ​បាន​រក្សា​ទុក​ដោយ​ធ្វើ​កូដ​នី​យ​កម្ម (Encryption) ដោយ​សោ​សម្ងាត់ (Secret Key) ដែល​មាន​សុវត្ថិភាព​ខ្ពស់ ហើយ​មាន​តែ​អ្នក​ដែល​បង្កើត Form នីមួយ​ៗ​តែ​ប៉ុណ្ណោះ ដែល​មាន​សោ​សម្ងាត់​នោះ ទោះបី​អ្នក​បង្កើត​ថ្នាល​នេះ ឬ​អ្នកគ្រប់គ្រង​ថ្នាល​នេះ ក៏​មិន​អាច​មើល​ទិន្នន័យ​ទាំងនោះ​បាន​ដែរ ។

-​ថ្នាល​បញ្ជូន​សារ​ពហុ​ទិស​ដៅ NOMSA.GOV.KH ៖ ជា​ថ្នាល​បញ្ជូន​សារ​ខ្លី​ជា​ព័ត៌មាន ឬ​ជា​ការ​ជូនដំណឹង​ផ្សេង​ៗ ដែល​អាច​ប្រើប្រាស់​ជំនួស SMS ឬ​កម្មវិធី Twilio ជាដើម ហើយ​មាន​ប្រភព​ដើម​ច្បាស់លាស់​។ ការ​ផ្ញើ​សារ​ខ្លី​តាម​រយៈ​ថ្នាល​នេះ អាច​ឱ្យ​សាធារណជន​កត់សម្គាល់​ដឹង​ថា សារ​ខ្លី​នេះ​ផ្ញើ​ចេញពី​ក្រសួង ស្ថាប័ន ឬ​វិស័យ​ឯកជន​ណាមួយ​ពិតប្រាកដ ដោយ​គ្មាន​ការ​ក្លែងបន្លំ និង​មាន​ទំនុកចិត្ត​ខ្ពស់ ។

-​កម្មវិធី​បញ្ញា​សិប្បនិម្មិត​បំប្លែង​អត្ថបទ​ទៅ​ជា​សំឡេង​សារិកា “SARIKA” ៖ ជា​កម្មវិធី​បញ្ញា​សិប្បនិម្មិត ដែល​ដំណើរការ​នៅ​លើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម (Telegram Bot) សម្រាប់​បំប្លែង​អត្ថបទ​ទៅ​ជា​សំឡេង​ភាសា​ខ្មែរ​។ កម្មវិធី​នេះ អាច​ប្រើប្រាស់ ដើម្បី​ធ្វើ​មាតិកា និង​ផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​អាច​អាន​ឯកសារ​នានា ជា​សំឡេង​ផង​ដែរ ។

ក​.​ប​.​ទ​. អភិវឌ្ឍ​ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល (DGPs) ទាំង ៤ ឡើង ដើម្បី​ជំរុញ​ការ​ចាប់​យក​ឌី​ជី​ថ​ល ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញ​ឱ្យ​មានការ​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល ជា​ពិសេស អាច​បង្កើន​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ​មក​លើ​សេវា​សាធារណៈ តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ស្រប​តាម​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល ២០២១-២០៣៥ គោលនយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា ២០២២-២០៣៥ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កំណត់​យក “​បច្ចេកវិទ្យា​” ជា​ពិសេស “​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​” ជា​អាទិភាព​គន្លឹះ​ទី​៥ សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​ការ​ធ្វើ​បរិវត្ត​កម្ម​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល នៅ​កម្ពុជា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល (DGPs) ទាំង ៤ នេះ ត្រូវ​បាន​ត្រួតពិនិត្យ​អនុលោម​ភាព​បច្ចេកទេស និង​វិធាន​សន្តិសុខ​សាយ​ប័​រយ៉ា​ង​តឹងរ៉ឹង មុន​នឹង​រាជរដ្ឋាភិបាល​សម្រេច​ទទួលស្គាល់​ជា ថ្នាល និង​កម្មវិធី​ឌី​ជី​ថ​ល​របស់​រាជរដ្ឋាភិបាល និង​ដាក់​ឱ្យ​ប្រើប្រាស់ ហើយ ក​.​ប​.​ទ​. ក៏​បាន​ចាត់​ក្រុមការងារ​បច្ចេកទេស​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ជា​ប្រចាំ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និង​ជំនឿ​ទុកចិត្ត​ខ្ពស់ ព្រមទាំង​អាច​ចៀសវាង​បាន​ពី​ការ​វាយប្រហារ​សន្តិសុខ​សាយ​ប័​រ​ណាមួយ​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ