ទីក្រុងកៀវ៖ នៅល្ងាចថ្ងៃពុធ អាមេរិកបញ្ជាឱ្យបិទស្ថានទូតរបស់ខ្លួននៅទីក្រុងកៀវជាបន្ទាន់ និងដោយឥតកំណត់ថានឹងបើកវិញនៅពេលណាទេដោយសារមើលសភាពការណ៍មិនស្រួលក្រោយពេលរុស្ស៊ីព្រមានធ្ងន់ៗថាខ្លួននឹងសងសឹកចំពោះករណីដែលអាមេរិកបណ្ដោយឱ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិកកម្ទេចឃ្លាំងស្តុកទុកអាវុធរបស់រុស្ស៊ីកាលយប់មិញ
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីសភាពការណ៍កាន់តែក្ដៅគគុកមែនទែនហើយ ហើយរុស្ស៊ីចាត់ទុកថាការបាញ់មីស៊ីលម៉ាកអាត់តាខំ៨គ្រាប់ (បាញ់ចំគោលដៅ៦គ្រាប់ និងត្រូវរុស្ស៊ីបាញ់ធ្លាក់២គ្រាប់) ជាស្នាដៃរបស់អាមេរិក ឬមានអាមេរិកជាប់ពាក់ព័ន្ធដោយផ្ទាល់។ ពីកិច្ចប្រជុំជីម្ភៃនៅប្រេស៊ីល ប្រមុខការទូតរុស្ស៊ី លោកឡាវរ៉ូស (Lavrov) ថ្លែងថាបើគ្មានអាមេរិកជួយជ្រោមជ្រែងផ្នែកបច្ចេកទេសទេ អ៊ុយក្រែនមិនចេះបាញ់មីស៊ីលនេះឡើយ ហើយក៏មិនអាចបាញ់ចំគោលដៅដល់ថ្នាក់ហ្នឹងដែរ។
នៅក្នុងស្ថានការណ៍វិវត្តចុងក្រោយនេះ ក្រសួងការបរទេសអាមេរិកចេញសេចក្ដីថ្លែងការណ៍១ដែលមានសេចក្ដីថា «ស្ថានឯកអគ្គរដ្ឋទូតអាមេរិកនៅទីក្រុងកៀវបានទទួលព័ត៌ច្បាស់ការណ៍ពីប្រភពសម្ងាត់ថាទីនេះអាចនឹងទទួលរងការវាយប្រហារតាមផ្លូវអាកាសនៅក្នុងពេលឆាប់ៗបំផុតនេះ។ ដូច្នេះ ស្ថានទូតត្រូវតែបង្ខំចិត្តបិទទ្វារទាំងស្រុង។ ស្ថានទូតនឹងបិទទ្វារដើម្បីបង្ការខ្លួនពីហេតុការណ៍ផ្សេងៗ ។ បុគ្គលិកដែលបម្រើការនៅក្នុងស្ថានទូតត្រូវស្វែងរកទីកន្លែងសុវត្ថិភាពដើម្បីជ្រកកោន»។
ស្ថានទូតអាមេរិកបានណែនាំពលរដ្ឋរបស់ខ្លួនទាំងអស់ត្រូវស្វែងរកទីកន្លែងជ្រកកោនទុកជាមុនដើម្បីបង្ការខ្លួនពីការវាយប្រហារណាមួយតាមផ្លូវអាកាស។ ការព្រមាននេះធ្វើឡើង១ថ្ងៃបន្ទាប់អ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិកចូលទឹកដីរុស្ស៊ីដើម្បីឆ្លៀតឱកាសដែលខ្លួនទទួលបានសញ្ញាភ្លើងខៀវពីលោកបៃដិនដែលជិតផុតអាណត្តិ។ ដូច្នេះយ៉ាងហោចណាស់ អ៊ុយក្រែននៅសល់ពេល២ខែទៀតដើម្បីបាញ់មីស៊ីលចូលទឹកដីរុស្ស៊ី។ រួចហើយចាំគិតគ្នាទៀតនៅពេលលោកត្រាំឡើងកាន់អំណាច។
ការបាញ់មីស៊ីលនោះក៏ធ្វើឡើងចំខួបមួយពាន់ថ្ងៃនៃសង្គ្រាមអ៊ុយក្រែនផងដែរ។ រុស្ស៊ីធ្លាប់ព្រមានក្រុមបស្ចិមប្រទេសជាច្រើនខែមកហើយថាបើទីក្រុងវ៉ាស៊ីនតោនអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលជំនួយរបស់អាមេរិក អង់គ្លេស និងបារាំងចូលទឹកដីរុស្ស៊ី ពេលនោះរុស្ស៊ីចាត់ទុកថាអង្គការណាតូប្រឡូកនៅក្នុងសង្គ្រាមនេះដោយផ្ទាល់។ មានន័យថាបើរុស្ស៊ីវាយបក មិនមែនវាយត្រឹមអ៊ុយក្រែនទេគឺវាយក្រុមប្រទេសដែលនៅពីក្រោយខ្នងអ៊ុយក្រែនតែម្ដង។
លោកពូទីនក៏ធ្លាប់ព្រមានកាលពីខែតុលាថាលោកនឹងចាត់វិធានការឆ្លើយតបយ៉ាងទាន់ចិត្តបើអ៊ុយក្រែនប្រើមីស៊ីលរបស់អាមេរិកវាយប្រហារឆ្ងាយៗចូលទឹកដីរុស្ស៊ី។ កាលពីថ្ងៃអង្គារ លោកបានចុះហត្ថលេខាលើក្រឹតថ្មី១ដែលធ្វើបច្ចុប្បន្នភាពនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ីដើម្បីរក្សាសិទ្ធិប្រើប្រាស់អាវុធនេះក្នុងករណីដែលខ្លួនទទួលរងការវាយប្រហារតាមគ្រប់រូបភាព។
មានន័យថាមិនចាំបាច់រងការវាយប្រហារដោយនុយក្លេអ៊ែរ និងមិនចាំបាច់រងការវាយប្រហារទ្រង់ទ្រាយធំទេ។ សំខាន់ឱ្យតែហ៊ានប៉ះរុស្ស៊ីត្រឹមតែប៉ុនសរសៃសក់ រុស្ស៊ីនឹងពិចារណាប្រើប្រាស់នុយក្លេអ៊ែរភ្លាម។ ទោះជាយ៉ាងណាក្ដី ពីកិច្ចប្រជុំជីម្ភៃ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បញ្ជាក់ត្រង់ចំណុចនេះផងដែរថារដ្ឋាភិបាលរបស់លោកនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរឱ្យខាងតែបានទោះបីនៅក្នុងតម្លៃណាក៏ដោយ៕
ចែករំលែកព័តមាននេះ