រាជធានីភ្នំពេញ ៖ ក្រោយសង្ស័យលោតទឹកសម្លាប់ខ្លួន កីឡាករ នុប តុលា ខ្សែការពារសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចរកឃើញថាស្លាប់បាត់ហើយនៅកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។ នេះបើតាមការអះអាងរបស់អ្នកនាង ឈឹម បញ្ញារ៉ា ជាភរិយានៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។ គួររំលឹកថា ខ្សែការពារសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃកីឡាករ នុប តុលា សង្ស័យបញ្ចប់គ្រប់យ៉ាងលើស្ពានព្រែកសំរោង
យប់ថ្ងៃទី១៨ ខែវិច្ឆិកា នុប តុលា អតីតកីឡាករព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍រូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖«ខ្ញុំសោកសា្តយអ្វីដែលខ្ញុំធ្វើ ខ្ញុំកែខ្លួនលែងបានហើយ លក់ទាំងឈ្មោះ លក់ទាំងកេរ្តិ៍ឈ្មោះខ្លួនឯង និងគ្រួសារ ពេលនេះខ្ញុំលាអ្នកទាំងអស់គ្នាហើយ Rip សុំទោសប្រពន្ធសម្លាញ់ និងកូន ប៉ាម៉ាក់»។ ក្រោយមានការបង្ហោះនេះ ក្រុមគ្រួសារបានចេញស្វែងរករូបគេ រហូតប្រទះឃើញតែ ម៉ូតូ ស្បែកជើង និងទូរស័ព្ទ នៅម្តុំស្ពានព្រែកសំរោង ក្នុងសង្កាត់
តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះមកទល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ទើបទទួលបានដំណឹង
ថា ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះបានស្លាប់ ។
ភរិយារបស់កីឡាករ នុប តុលា បានប្រាប់អ្នកសារព័ត៌មានថា ស្វាមីរបស់ខ្លួនបានទទួលមរណភាពហើយ ដោយសាកសពត្រូវបានសមត្ថកិច្ចរកឃើញនៅកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។ បើតាមស្ត្រីជាភរិយា ខ្សែប្រយុទ្ធក្រុមក្រសួងមហាផ្ទៃរូបនេះ មានបញ្ហាបំណុល ដោយសារលេងល្បែង ជាពិសេសល្បែងភ្នាល់បាល់ ទើបឈានដល់សម្រេចចិត្តធ្វើអត្តឃាត។
គួររំលឹកផងដែរថា នុប តុលា ប្រកបអាជីពជាកីឡាករបាល់ទាត់ដំបូងក្នុងក្លិបព្រះខ័នរាជស្វាយរៀងពីឆ្នាំ២០១៣ ដល់២០២០។
ណាហ្គាវើលដ៍ និងគិរីវង់សុខសែនជ័យជាក្លិបបន្តបន្ទាប់ ខណៈក្រសួងមហាផ្ទៃជាក្លិបចុងក្រោយដែលរូបគកំពុងលេង ។ ខ្សែប្រយុទ្ធ វ័យ២៨ឆ្នាំរូបនេះ ជាប់ជម្រើសជាតិឈុតធំពីឆ្នាំ ២០១៤ ដល់២០១៧ ដោយបង្ហាញខ្លួនបាន២៧ប្រកួត បន្ទាប់ពីជាប់ឈុត U16, U19, U22 និង U23 គិតចាប់តាំងពីឆ្នាំ ២០១១មក។
ក្រោយទទួលដំណឹងដ៏រន្ធត់នេះ លោក ស៊ុំ វណ្ណា ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ក្រសួងមហាផ្ទៃបានបង្ហោះសារថា«តាំងនាមឲ្យក្រុមការងារគ្រូ និងកីឡាករទាំងអស់របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បងសូមអរគុណស្នាដៃ លោក នុប តុលា ចំពោះសមាគម ។
ពួកយើងនឹងចងចាំប្អូនរហូត ហើយសូមកុសលផលបុណ្យដែលបងបានធ្វើ សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធប្អូន ជាយានឲ្យប្អូនទៅកាន់សុគតិភព»។
នៅលើផេកផ្លូវការរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃក៏គេឃើញបង្ហោះសាររំលែកទុក្ខក្នុងខ្លឹមសារថា«ក្នុងនាមថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក និងកីឡាករទាំងអស់របស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនដល់ក្រុមគ្រួសារនៃសព កីឡាករ នុប តុលា សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធកីឡាករ នុប តុលា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ពិតជាមានការសោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់
ធនធានកីឡាករដ៏សំខាន់របស់សមាគម ក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូលផងដែរ»៕
ចែករំលែកព័តមាននេះ