ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជនអ្នកលឿងក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង បាននាំគ្នារអ៊ូរទាំជាខ្លាំងរឿងចរាចរណ៍នៅមុខផ្សារអ្នកលឿងដែលតែងតែកកស្ទះចរាចរណ៍ទាំងព្រឹកទាំងល្ងាចជារៀងរាល់ថ្ងៃ ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរជាខ្លាំង ។
ពលរដ្ឋទាំងនោះបានឲ្យដឹងថា ផ្លូវមុខផ្សារអ្នកលឿង និងកែងផ្សារត្រង់ចំណុចក្រុមហ៊ុនម៉ូតូហុងដា តែងតែកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃទាំងព្រឹកទាំងល្ងាច ហើយស្ទះម្តងៗរយៈពេលរាប់ម៉ោង ដោយសារតែផ្លូវកែងផ្សារនេះតូចចង្អៀត តែរថយន្តឆ្លងកាត់សុទ្ធតែជារថយន្តធំៗ ប្រភេទរថយន្តយីឌុប និងរថយន្តវ៉េអងសណ្ដោងរ៉ឺម៉ក បើកឆ្លងកាត់ផ្លូវនេះច្រើនពេក ។
ពលរដ្ឋបញ្ជាក់ថា ក្រុមរថយន្តវ៉េអងដឹកស្រូវយកទៅលក់នៅច្រកព្រំដែនកោះរកា ចំណែករថយន្តយីឌុប ចូលទៅដឹកខ្សាច់នៅតាមដេប៉ូខ្សាច់តាមបណ្ដោយដងទន្លេ ពេលដែលរថយន្តធំៗទាំងនេះបើកមកប្រឈមគ្នាម្ដងៗនៅចំណុចកែងផ្សារអ្នកលឿង តែងតែធ្វើឱ្យមានការកកស្ទះជាប្រចាំ ទោះបីមានអ្នកជួយសម្រួលចរាចរណ៍យ៉ាងណាក៏ដោយ ព្រោះរថយន្តដឹកស្រូវដឹកខ្សាច់នេះច្រើនពេក ។
ដូច្នេះ ពលរដ្ឋទាំងអស់ស្នើសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចស្រុកពាមរក៍ ជួយរៀបចំផ្លូវវៀងឲ្យរថយន្តដឹកខ្សាច់ បើកវៀងតាមផ្លូវក្រវ៉ាត់ក្រុងអ្នកលឿងវិញ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃបែបនេះ ព្រោះវាពិបាកណាស់ ។
លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍បានបញ្ជាក់ថា បញ្ហាកកស្ទះចរាចរណ៍នៅផ្សារអ្នកលឿងនេះ គឺពិតជាកើតមានរាល់ថ្ងៃមែន ហើយដំណោះស្រាយមិនមែនថា គ្មាននោះទេ គឺយើងអាចឱ្យក្រុមរថយន្តដឹកខ្សាច់ បើកវៀងទៅតាមផ្លូវក្រវ៉ាត់ក្រុងអ្នកលឿងបាន ប៉ុន្តែបញ្ហាត្រង់ថា ផ្លូវក្រវ៉ាត់ក្រុងនេះ ខាងអាជ្ញាធរបានដាក់លូបិទដើមផ្លូវចុងផ្លូវ ហាមឃាត់រថយន្តធំឆ្លងកាត់ បើខាងអាជ្ញាធរដកលូទាំងនោះចេញវិញ ឡានដឹកខ្សាច់អាចបើកវាងតាមផ្លូវក្រវ៉ាត់ក្រុងវិញ នោះបញ្ហានិងលែងមានទៀតហើយ។
ដោយឡែក លោក កែវ ពិសី អភិបាលស្រុកពាមរក៍បានឲ្យដឹងថា ទំនប់ក្រវ៉ាត់ក្រុងអ្នកលឿងនេះ ធ្លាប់មានគេលួចបើកឲ្យរថយន្តឆ្លងកាត់ម្ដងហើយ ប៉ុន្តែក្រោយមកត្រូវបានមន្ទីរសាធារណ:ការបញ្ជាឲ្យបិទវិញ ដោយសំអាងថា ផ្លូវទំនប់នេះ ធ្វើដើម្បីទប់ទឹកការពារក្រុងអ្នកលឿងប៉ុណ្ណោះ មិនអាចទ្រនឹងទម្ងន់ធ្ងន់ៗរបស់រថយន្តធំៗទាំងនោះបានទេ ។
ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលស្រុកបានទទួលស្គាល់ថា ទីប្រជុំជនអ្នកលឿងនេះ ពិតជាមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃមែន ហើយលោកនឹងរាយការណ៍ជូនទៅថ្នាក់លើ និងទាក់ទងទៅខាងមន្ទីរសាធារណការ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋអោយទាល់តែ
បាន ។
ចែករំលែកព័តមាននេះ