ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​មន្ត្រីរាជការ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចំនួន​២០​រូប

1 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ មន្ត្រីរាជការ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ចំនួន​២០​រូប ​ត្រូវ​បាន​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច ដើម្បី​បំពេញការងារ​ក្នុង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ​អោយ​រីក​ចម្រើន​បន្ថែម​ទៀត ក្រោម​ការ​ដឹកនាំ​របស់​លោក…

រាជធានីភ្នំពេញ ​៖ មន្ត្រីរាជការ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ចំនួន​២០​រូប ​ត្រូវ​បាន​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច ដើម្បី​បំពេញការងារ​ក្នុង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ​អោយ​រីក​ចម្រើន​បន្ថែម​ទៀត ក្រោម​ការ​ដឹកនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ។

មន្ត្រីរាជការ​ ដែល​ត្រូវ​តែងតាំង​ទាំង​២០​រូប​នេះ មាន​ដូច​ជា លោកស្រី ដោ សម្ផស្ស នាយិកា​ទីចាត់ការ​រដ្ឋបាល លោកស្រី មួក យុវ​ល័​ក្ខ នាយិកា​អង្គភាព​ច្រក​ចេញចូល​តែ​មួយ ឱ្យ​កាន់​មុខ​តំណែង​ជា នាយិកា​រង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​។ លោក ព្រំ ថា ឱ្យ​កាន់​មុខ តំណែង​ជា នាយក​ទីចាត់ការ​រដ្ឋបាល លោក សេង បញ្ញា ឱ្យ​កាន់​មុខ តំណែង​ជា នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ លោកស្រី ឈុ​ន បូ​រ៉ា​វី ឱ្យ​កាន់​មុខ តំណែង​ជា នាយិកា​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស លោក ឡាយ អ៊េ​វិ​ន ឱ្យ​កាន់​មុខ តំណែង​ជា ប្រធាន​អង្គភាព​ច្រក​ចេញចូល​តែ​មួយ ជាមួយ​និង​ការ​តែងតាំង​ជា អនុប្រធាន​ការិយាល័យ​និង​អនុប្រធាន​អង្គភាព​ច្រក​មួយ​ចំនួន​ទៀត ​។

ការ​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​នេះ ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​ លើក​ទី​៦ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ ក្រោម​វត្តមាន​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា និង​លោក កើត ឆែ​អភិបាលរង​រាជធានី តំណាងលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ​។

ក្នុង​កិច្ចប្រជុំ​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្រៅពី​ការ​កោតសរសើរ​ចំពោះអាជ្ញាធរ ​និង​កងកម្លាំង​មាន​ស​ត្ថ​កិច្ច ក្នុង​ការ​បំពេញការងារ​លើ​ការ​អភិវឌ្ឍ​ និង​ធ្វើ​អោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ហើយ ក៏​បាន​ស្នើ​អោយ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច បន្ត​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​អោយ​បាន​ល្អ​បន្ថែម​ទៀត ពិសេស ការ​ថែរក្សា​អោយ​បាន​ នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ ​ដែល​មក​លេង​កំសាន្ត ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​១៤ ​ដល់​១៦​វិច្ឆិកា​នេះ ​។

លោក កើត ឆែ អភិបាលរង​រាជធានី​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ការ​កោតសរសើរ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ពិតជា​បាន​លើកទឹកចិត្ត​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ការ​ខិតខំ​បំពេញការងារ​អោយ​កាន់តែ​ល្អ​បន្ថែម​ទៀត​។ ចំពោះ​ការ​ស្នើ​របស់​ក្រុមប្រឹក្សា​រាជធានី​អោយ​បន្ត​ថែរក្សា​សន្តិសុខ​សុវត្ថិភាព ជូន​ពលរដ្ឋ​មក​លេង​កំសាន្ត ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​រួចរាល់​អស់ហើយ ជាមួយ​ការ​ប្រើប្រាស់​កងកម្លាំង​មាន​សមត្ថកិច្ច​ជាង​១​ម៉ឺន​នាក់ ដើម្បី​ទប់ស្កាត់​បទល្មើស​លូច ឆក់ ប្លន់ ទប់ស្កាត់​ពួក​ជ្រុលនិយម បទល្មើស​ផ្សេង​ៗ​ទៀត​ ។

លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ផង​ដែរ​ថា​ ក្នុង​១​ឆ្នាំ​២០២៤​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ ទាំង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​ការ​អភិវឌ្ឍ​។ ​ជាង​នេះ​ទៅ​ទៀត រាជធានី​ភ្នំពេញ ត្រូវ​បាន​ការិយាល័យ​អចិន្ត្រៃយ៍ និង​អង្គសន្និបាត​សម្រេច​បោះ​ឆ្នោត ​បន្ត​អាណត្តិ​ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍ និង​ជា​ពិសេស​គាំទ្រ​ឱ្យ​ក្លាយជា​អនុប្រធាន​ការិយាល័យ អចិន្ត្រៃយ៍​របស់​សមាគម AIMF ​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ