ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍អឺរ៉ុប និងជប៉ុនកំពុងចាប់អារម្មណ៍នឹងអំបិលកម្ពុជា

1 ខែ មុន

ផលិតផល​អំបិល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ឬ​GI ដែល​ផលិត​ដោយ​ប្រជា​កសិករ​នៅ​ខេត្ត​កែប និង​កំពត កំពុង​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅ​លើ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស គឺ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដោយសារ​វា​មាន​សារធាតុ​រ៉ែ និង…

ផលិតផល​អំបិល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ឬ​GI ដែល​ផលិត​ដោយ​ប្រជា​កសិករ​នៅ​ខេត្ត​កែប និង​កំពត កំពុង​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅ​លើ​ទីផ្សារ​អន្តរជាតិ ជា​ពិសេស គឺ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដោយសារ​វា​មាន​សារធាតុ​រ៉ែ និង សមាសធាតុ​មួយ​ចំនួន មានគុណ​តម្លៃ​សម្រាប់​ការ​រៀបចំ​ចំណីអាហារ ។

លោក ហេង សុ​គង់ អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានអោយ​ដឹង​ថា អំបិល​នេះ​ត្រូវ​បាន​ទទួលស្គាល់ និង​វា​.​យ​តម្លៃ​ពី​សហគមន៍​អឺរ៉ុប និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​លើ​ពិភពលោក ខណៈ​អ្នកជំនាញ​ពិសោធន៍​រក​ឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​រ៉ែ​មាន​ប្រយោជន៍​រហូត​ជាង​៨០​ប្រភេទ​ដែល​មាន​សារសំខាន់​ក្នុង​ការ​ផ្សំ​គ្រឿង​ចំណីអាហារ ។

លោក ហេង សុ​គង់ បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា «​តាម​ការ​វាយតម្លៃ​អំបិល GI របស់​ខេត្តកំពត ខេត្ត​កែប មាន​លក្ខណៈ​មិន​រឹង​ពេក ហើយ​មិន​ប្រៃ​ពេក ហើយ​អាច​មាន​រសជាតិ​ផ្អែម​បន្តិច​នៅ​ក្នុង​នោះ​ដែរ ។ បើ​និយាយ​អំពី​អំបិល​ផ្អែម ប្រហែលជា​យើង​ពិបាក​ជឿ តែ​យ៉ាងណា​ក៏​ដោយ​តាម​ការ​វិភាគ និង​វា​.​យ​តម្លៃ​យើង​ឃើញ​ថា នៅ​ក្នុង​អំបិល​ខេត្តកំពត កែប របស់​យើង​នេះ​មាន​ផ្ទុក​ដោយសារ​ធាតុ​រ៉ែ​» ។

លោក ហេង សុ​គង់ បន្ថែម​ថា បច្ចុប្បន្ន​អំបិល GI ផលិត​នៅ​ក្នុង​ខេត្តកំពត និង​ខេត្ត​កែប មាន​ទីផ្សារ​នៅ​ក្នុង​សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន ខណៈ​សហរដ្ឋ​អាម៉េរិក ចិន កូរ៉េ​ខាងត្បូង និង​ប្រទេស​អូស្ត្រាលី​ក៏​កំពុង​ចាប់អារម្មណ៍​លើ​អំបិល GI របស់​កម្ពុជា​ផង​ដែរ ។
លោក ហេង សុ​គង់ បន្ត​ថា «​តម្លៃ​អំបិល GI ទម្ងន់​៥០​គីឡូក្រាម ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​ប្រមាណ​៣​ម៉ឺន​រៀល ខណៈ​អំបិល​ធម្មតា មាន​តម្លៃ​ប្រមាណ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​១​បេ ទម្ងន់​៥០​គីឡូក្រាម​» ។

បើ​តាម​លោក ហេង សុ​គង់ បានអោយ​ដឹង​ថា គិត​ត្រឹម​ចុងខែ​កញ្ញា ឆ្នាំ​២០២៤ អំបិល​ដែល​ផលិត​ចេញពី​ខេត្តកំពត និង​ខេត្ត​កែប មាន​ចំនួន​ជាង​១៦​ម៉ឺន​៧​ពាន់​តោន និង​បាន​លក់​ចេញ​ជាង​៦​ម៉ឺន​៦​ពាន់​តោន ហើយ​នៅ​សល់​ក្នុង​ស្តុក​ជាង​១០​ម៉ឺន​១​ពាន់​តោន ។

តាម​រយៈ​កំណើន​យ៉ាងច្រើន​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​វាយតម្លៃ​ថា ទិន្នផល​អំបិល​នៅ​ឆ្នាំ​នេះ​នឹង​អាច​ឆ្លើយ​តប​តាម​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ហើយ​កម្ពុជា​ក៏​គ្មាន​ផែនការ​នាំ​ចូល​អំបិល​ពី​ខាងក្រៅ​នោះ​ដែរ ។

អំបិល​កំពត និង​កែប ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម សម្រេច​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ រួម​គ្នា​ជាមួយ​ផលិតផល​កម្ពុជា​ពីរ​ប្រភេទ​ទៀត គឺ​ទឹកត្រី​កំពត​កែប និង​បង្កង​តាកែវ នៅ​ថ្ងៃ​ទី​២៦ មេ​សា ឆ្នាំ​២០២៣ ក្នុង​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក ។

បន្ទាប់​ពី​ផលិតផល​អំបិល កំពត និង​កែប បាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ កាលពី​ខែមេសា លោក​កត់​សម្គាល់ថា មាន​តែ​កសិករ​ប្រមាណ​១០​ក្រុម​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​ផលិត​តាម​ស្តង់ដារ​អំបិល GI ដោយសារ​ការ​ផលិត​អំបិល GI ត្រូវការ​បច្ចេកទេស​នៃ​ការ​ផលិត​ខ្ពស់​ជាង​អំបិល​ធម្មតា ខណៈ​បច្ចុប្បន្ន​នេះ​មាន​អ្នក​ផលិត​៥​ក្រុម​ហើយ ដែល​ដាក់​បាន​ពាក្យ​ចូល​ជា​សមាជិក សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល កំពត​-​កែប ។ ខេត្តកំពត និង​កែប គឺជា​ទីតាំង​ផលិត​អំបិល​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ផ្ទៃដី​សរុប​ប្រហាក់ប្រហែល​ជិត​៥​ពាន់​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ