ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ឡើងតុលាការ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​សម្រេច​ឃាត់ខ្លួន​លោក មួ​ង ឃី​ម និង​លោក​ឧកញ៉ា អ៊ុត ធី ដែល​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​សម្រេច​ឃាត់ខ្លួន​លោក មួ​ង ឃី​ម និង​លោក​ឧកញ៉ា អ៊ុត ធី ដែល​គេ​ស្គាល់​ថា អ្នក​រកស៊ី​វាយ​ថ្ម និង​ធ្វើ​ផ្លូវ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រលប់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

សេចក្តីរាយការណ៍​បឋម​នេះ មិន​ទាន់​មានការ​បញ្ជាក់​ពី​បទល្មើស​ដែល​នាំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​បុគ្គល​ទាំង​២​នាក់​នេះ​ទេ តែ​ករណី​នៃ​ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​បែកធ្លាយ​បញ្ជី​ឈ្មោះ​មួយ ដែល​ត្រូវ​បាន​បង្ហោះ​តាំងពី​ស​ប្ដា​ហ៍​មុន​នៅ​លើ​បណ្ដាញ​សង្គម ពី​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា​, លោក ដួង តារា និង​លោក ឡា​ច សំរោង ក្នុង​អំពើ​ឆបោក ។

សម្រាប់​បុគ្គល​ទាំង​២​នាក់​នេះ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត សម្រាប់​នីតិវិធី​សួរនាំ បើ​អាច​ធ្វើ​មិន​ទាន់ នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

លោក មួ​ង ឃី​ម ជា​អតីតមន្ត្រី​នគរបាល​ពាក់​ផ្តា​យ​៣ មាន​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ ហើយ​ពេល​នេះ​លោក​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​ត្រូវ​បាន​ព្រះរាជក្រឹត្យ​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួងយុត្តិធម៌ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ។ ដោយឡែក​លោក​ឧកញ៉ា អ៊ុត ធី ត្រូវ​បាន​គេ​ស្គាល់​ថា រកស៊ី​ខាង​វាយ​ថ្ម និង​ធ្វើ​ផ្លូវ ។

មានការ​កត់​សម្គាល់ថា ក្នុង​បញ្ជី​ដែល​អាច​ចាត់​ទុក​ថា ជ​សំណុំរឿង លី សា​ម៉េ​ត​, ដួង តារា​, ឡា​ច សំរោង​, មួ​ង ឃី​ម និង​បក្ខពួក គឺ​ឧកញ៉ា អ៊ុត ធី គឺជា​ម្ចាស់​បណ្ដឹងទាមទារ​យក​ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី ការ​ទិញ​លក់​ដី និង​ការ​ខ្ចីប្រាក់ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣,៥​លាន​ដុល្លារ ។

ពេល​នេះ​សម្រាប់​ករណី​លោក ដួង តារា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង លោក ដួង តារា ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​៦ វិច្ឆិកា ។ ការ​ដក​តំណែង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការក្រុង​ភ្នំពេញ បាន​ចោទប្រកាន់​លោក ដួង តារា អំពី​បទ​«​ឆបោក​» ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះល្វែង​របស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បាន​បញ្ជូន​លោក ដួង តារា ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​កាត់​ថា ប៉េ​ហ្ស៊ី​(PJ) កាលពី​ថ្ងៃ​ទី​១៤ តុលា ខណៈ​ឧកញ៉ា លី សា​ម៉េ​ត ដែល​ជា​ដៃគូ និង​ជាមរ​កើយ​របស់​លោក ដួង តារា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​អំពី​បទ​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ឬ​ពន្ធនាគារ​ព្រៃ​ស កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ។

នៅ​ក្នុង​បញ្ជី​បង្ហាញ​ពី​សំណុំរឿង លី សា​ម៉េ​ត និង​បក្ខពួក​ជាប់ចោទ​ឆបោក គឺ​មាន​៧​សំណុំរឿង ដែល​មានការ​ទាក់ទិន​ច្រើន​ពី​ឈ្មោះ លី សា​ម៉េ​ត​, ដួង តារា និង ឡា​ច សំរោង ហើយ​សំណុំរឿង​នីមួយ​ៗ ខ្លះ​មាន​ទំហំ​ទឹកប្រាក់​៣០​ម៉ឺន​ដុល្លារ ខ្លះ​២០​ម៉ឺន​ដុល្លារ ខ្លះ​៣,៥​លាន​ដុល្លារ ខ្លះ​១៣៥.០០០​ដុល្លារ ខ្លះ​១៣​ម៉ឺន​ដុល្លារ និង​ច្រើន​ជាងគេ​៦,៧​លាន​ដុល្លារ និង​សំណុំរឿង​មួយទៀត​នោះ មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ទំហំ​ទឹកប្រាក់​ឡើយ ។

ទោះបីជា​បែប​ណា ការ​បែកធ្លាយ​បញ្ជី​សំណុំរឿង​ខាងលើ​នេះ មិន​មានការ​អះអាង​ផ្លូវការ​នៅឡើយ​ទេ តែ​អ្វី​មានការ​កត់សម្គាល់​នោះ រឿង​ពុក​រលួយ​ដ៏​ធំ​នេះ វា​ប្រាកដ​ណាស់ វា​នឹង​ប្រៀប​ដូច​ជា​សម្ល​កំពឹស ដែល​នឹង​មានរឿង​រ៉ាវ​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ