រាជធានីភ្នំពេញ ៖ ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន វាអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា បញ្ហាក្រលៀន ហើមប្រអប់ជើង បញ្ហាភែ្នក បញ្ហាបេះដូង បញ្ហាប្រព័ន្ធប្រសាទ និងបញ្ហាចរន្តឈាម ជាដើម ។ បើសិនជាគ្រប់គ្រងមិនបានល្អទេនោះ ជំងឺទឹកនោមផ្អែម នឹងបង្កឱ្យមានបញ្ហាជំងឺមួយចំនួន ដូចខាងក្រោមនេះ ៖
ការកើនឡើងនូវហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល ៖ ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏ជាអ្វីមួយដែលអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សសៃឈាមខួរក្បាលផងដែរ ។ នេះក៏ព្រោះតែសសៃឈាមអាចនឹងត្រូវបំផ្លាញដោយសារការឡើងខ្ពស់នៃកម្រិតជាតិស្ករ ។ ជាលទ្ធផលវាកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាម អុកស៊ីសែន ទៅកាន់តែសាច់ដុំបេះដូង និងជាលិកាខួរក្បាល ។
អស់កម្លាំង ៖ អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងស្ទើរគ្រប់ពេលនៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ នេះក៏ព្រោះតែកោសិកាមិនទទួលបានជាតិស្ករគ្រប់គ្រាន់តាមតម្រូវការទោះបីវាមានច្រើនក្នុងលំហូរឈាមក៏ដោយ ។ ហើយថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ ។ ម្យ៉ាងវិញទៀតនោះ គឺបេះដូងត្រូវធ្វើការកាន់តែខ្លាំងជាង មុនដើម្បីសម្រួលចរន្តឈាមដែលខាប់ពេញដោយជាតិស្ករ ។ អ្នកក៏អស់កម្លាំងព្រោះមិនអាចគេងបានស្កប់គ្រប់គ្រាន់ដោយសារ ឈឺនោមញឹក និងស្រេកទឹកពេលគេងដែលជារោគសញ្ញានៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ ។
សុខភាពភ្នែកចុះខ្សោយ ៖ រ៉េទីនភ្នែកជាអ្វីដែលជួយឱ្យអ្នកមើលឃើញ ។ ហើយវាត្រូវការឈាមដែលមានផ្ទុកសម្បូរ ដោយអុកស៊ីសែន និងសារធាតុចិញ្ចឹមដើម្បីអាចរក្សាដំណើរការមុខងារត្រឹមត្រូវ ។ ប៉ុន្តែសរសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់រ៉េទីនអាចត្រូវទទួលរងការបំផ្លាញ ឬខូចខាតដោយសារជាតិស្ករក្នុងឈាមឡើងខ្ពស់ ។ ជាលទ្ធផលសុខភាពភ្នែកថយចុះមើលលែងសូវច្បាស់ ។
បញ្ហាតម្រងនោម ៖ មួយក្នុងចំណោមមុខងារច្រើនផ្សេងទៀតនៃតម្រងនោម គឺកម្ចាត់កាកសំណល់ និងជាតិពុលពីក្នុងឈាម ។ ប្រសិនបើឈាមមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើនពេកស្ទើរគ្រប់ពេលនោះតម្រងនោមត្រូវទទួលបន្ទុកខ្លាំងជាងធម្មតា ។ ជាលទ្ធផលហានិភ័យនៃបញ្ហាខ្សោយតម្រងនោមនឹងកើតមានឡើង ។
ខូចសសៃប្រសាទ ៖ មួយក្នុងចំណោមបញ្ហាគួរឱ្យបារម្ភផ្សេងទៀតនៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ គឺសសៃប្រសាទទទួលរងការខូចខាត ។ ដូច្នេះអ្នកអាចនឹងជួបប្រទះបញ្ហាក្រហាយ ឬស្ពឹកឈឺឆៀបៗត្រង់ប្រអប់ដៃ ដើមដៃ ជើង និងប្រអប់ជើងជាដើម ៕
ចែករំលែកព័តមាននេះ