ទីក្រុងព្យុងយ៉ាង៖ នៅទីបំផុត កូរ៉េខាងជើងបានសម្រេចផ្ដល់សច្ចាប័នទៅលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងទីក្រុងម៉ូស្គូ និងព្យុងយ៉ាងដែលប្រមុខដឹកនាំប្រទេសទាំង២បានចុះហត្ថលេខាកាលពីខែមិថុនា។ នៅក្នុងកិច្ចព្រមព្រៀងនោះ មានចំណុចមួយចែងថាប្រទេសទាំង២នឹងជួយគ្នាទៅវិញទៅមកនៅក្នុងករណីដែលភាគីហត្ថលេខីកំពុងជាប់ដៃធ្វើសង្គ្រាម។
ឧទាហរណ៍ បើរុស្ស៊ីកំពុងធ្វើសង្គ្រាម, កូរ៉េខាងជើងត្រូវចេញមុខជួយរុស្ស៊ីជាគ្រឿងបរិក្ខារយោធា ឬបញ្ជូនកងទ័ពទៅច្បាំង។ ក៏ដូចគ្នាដែរ បើកូរ៉េខាងជើងជាប់ដៃធ្វើសង្គ្រាម, រុស្ស៊ីនឹងចេញមុខជួយវិញម្ដង។ ការផ្ដល់សច្ចាប័ននេះត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ខេស៊ីអឹនអេ (KCNA) របស់កូរ៉េខាងជើងចំពេលសហគមន៍អន្តរជាតិបន្តរិះគន់កិច្ចសហការនេះ និងចំពេលដែលកូរ៉េខាងជើងទើបតែបញ្ជូនទ័ពរាប់ពាន់នាក់ ប្រភពខ្លះថាជាង១ម៉ឺននាក់ ទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ខឺស។
ទូរទស្សន៍កូរ៉េខាងជើងផ្សាយបន្តទៀតថាលោកគីមជុងអ៊ុនបានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិនោះកាលពីថ្ងៃចន្ទ។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅពេលភាគីទាំង២ប្ដូរលិខិតគ្នាទៅវិញទៅមក។ នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីលោកពូទីនក៏បានចុះហត្ថលេខាលើកតិកាសញ្ញានេះផងដែរ។ ប្រទេសទាំង២ត្រៀមផ្ដល់ជំនួយយោធាតាមគ្រប់មធ្យោបាយដើម្បីជួយដៃគូរបស់ខ្លួនដែលកំពុងជាប់ដៃធ្វើសង្គ្រាម។
ផ្ទុយពីលក្ខន្តិកៈនៃកិច្ចព្រមព្រៀងរបស់អង្គការណាតូ កិច្ចព្រមព្រៀងទ្វេភាគីរវាងរុស្ស៊ី និងកូរ៉េខាងជើងមិនផ្ដោតសំខាន់ថាតើភាគីហត្ថលេខីទទួលរងការវាយប្រហារ ឬវាយប្រហារគេទេ។ សំខាន់ឱ្យតែកំពុងជាប់ដៃធ្វើសង្គ្រាម ភាគីមួយទៀតត្រូវតែជួយ ទោះបីជួយទាំងខុសក៏ដោយ ត្រូវក៏ដោយ។ ផ្ទុយទៅវិញ អង្គការណាតូផ្ដោតសំខាន់ទៅលើការការពារខ្លួន មិនមែនការវាយប្រហារគេមុនទេ។
បើគេស្មានមិនច្រឡំទេ នៅក្នុងចំណុចមួយនៃកិច្ចព្រមព្រៀងរបស់អង្គការណាតូ ណាតូចែងថា «បើរដ្ឋជាសមាជិកណាតូរងការវាយប្រហារ រដ្ឋជាសមាជិកដទៃទៀតត្រូវតែជួយ»។ ប៉ុន្តែណាតូមិនបានចែងថាបើរដ្ឋជាសមាជិករបស់ខ្លួនវាយប្រហារទៅលើប្រទេសដទៃ ណាតូត្រូវតែជួយទេ។ ក្រោយពេលចុះហត្ថលេខាលើកតិកាសញ្ញាទ្វេភាគីរួចហើយ ថ្នាក់ដឹកនាំកូរ៉េខាងជើង និងរុស្ស៊ីចាត់ទុកថានេះជាការបោះជំហានថ្មី១ ឬនិយាយម៉្យាងទៀតថាជាការអភិវឌ្ឍទំនាក់ទំនងជាដៃគូសម្ព័ន្ធភាព។
ឥឡូវនេះ បញ្ហាកំពុងតែគរលើគ្នាកាន់តែច្រើន។ បញ្ហាមិនត្រឹមតែសង្គ្រាមអ៊ុយក្រែនទេ ថែមទាំងកូរ៉េខាងជើងចូលពាក់ព័ន្ធមួយទៀត។ លោកត្រាំសន្យាថានឹងខិតខំបិទបញ្ចប់សង្គ្រាមនេះឱ្យបាននៅក្នុងរយៈពេល២៤ម៉ោងនៃការកាន់អំណាច។ លោកមិនចង់រង់ចាំដល់ថ្ងៃស្បថចូលកាន់តំណែងទើបដោះស្រាយបញ្ហានេះទេ លោកចង់ចាប់ផ្ដើមដោះស្រាយជាបណ្ដើរៗចាប់ពីពេលដឹងថាឈ្នះឆ្នោតក្លាយជាប្រធានាធិបតីនៅអាណត្តិថ្មី។
ប៉ុន្តែគេគិតថា២៤ម៉ោងគ្រាន់តែជាភាសាម៉ាឃីតធីងតែប៉ុណ្ណោះ។ សូម្បីតែអ្នកនាំពាក្យវិមានក្រឹមឡាំងក៏យល់ថាមិនអាចទៅរួចដែរ។ គ្រាន់តែថាក្រឹមឡាំងចង់ឱ្យមតិសាធារណៈយកចិត្តទុកដាក់ស្ដាប់ពាក្យសម្ដីរបស់លោកត្រាំត្រង់ចំណុចនេះផង។ ប្រភពខ្លះអះអាងថាលោកត្រាំបាននិយាយទូរស័ព្ទជាមួយលោកពូទីន និងបានប្រាប់ឱ្យលោកពូទីនកុំពង្រីកសង្គ្រាមអ៊ុយក្រែនឱ្យផ្ទុះឡើងកាន់តែខ្លាំង។ មិនយូរប៉ុន្មាន វិមានក្រឹមឡាំងចេញមកបដិសេធថានោះជាព័ត៌មានប្រឌិតតែប៉ុណ្ណោះ។
ចំពោះករណីដែលកូរ៉េខាងជើងបញ្ជូនទ័ពជាង១ម៉ឺននាក់ទៅប្រទេសរុស្ស៊ីនោះ អ៊ុយក្រែនអះអាងថាទ័ពទាំងនោះបានស្លាប់គរជើងគ្នា។ អ៊ុយក្រែនធ្លាប់បានប្រកាសកាលពីមុននេះថាខ្លួនលែងទុកមុខ ឬគួរសមតទៅទៀតហើយ ហើយនឹងប្រើប្រាស់អាវុធរបស់ខ្លួន និងអាវុធជំនួយដើម្បីចាត់ការកងទ័ពទាំងនោះ។ ទោះជាយ៉ាងណាក្ដី ការអះអាងរបស់អ៊ុយក្រែននោះមិនទាន់ត្រូវបានរុស្ស៊ី និងកូរ៉េខាងជើងទទួលស្គាល់នៅឡើយទេ៕
ចែករំលែកព័តមាននេះ