ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ​សង្ឃឹមថា​ រឿង​បាយ​ឆា​ នៅ​​ខេត្ត​កែប ​មិនកើត​មាន​ទៀត​នោះ​ឡើយ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្តែង​ក្តីសង្ឃឹមថា រឿង​បាយ​ឆា​នៅ​ក្នុង​ខេត្ត​កែប នឹង​មិនកើត​មាន​ទៀត​នោះ​ឡើយ​ នឹង​ឲ្យខេត្ត…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្តែង​ក្តីសង្ឃឹមថា រឿង​បាយ​ឆា​នៅ​ក្នុង​ខេត្ត​កែប នឹង​មិនកើត​មាន​ទៀត​នោះ​ឡើយ​ នឹង​ឲ្យខេត្ត ដែល​មានសក្ដានុពល​ទេសចរណ៍ ត្រូវ​បង្កើត​ក្រុមការងារ​រង​ចាំ​ឆ្លើយ​តប​ចំពោះ​បញ្ហា​អ្នក​ទេសចរ ។

​ការ​ថ្លែង​បែប​នេះ​ ធ្វើ​ឡើង​ក្នុង​ឱកាស​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល​» ស្ថិត​នៅ​តាម​បណ្ដោយ​ឆ្នេរ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នា​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៤​ ។

សម្ដេច​បវរ​ធិ​បតី ​បាន​រំឭក​ថា សម្ដេច​ទើប តែ​បាន​ផ្ដល់​គោលការណ៍​បង្កើត​ក្រុមខេត្ត​ទេសចរណ៍ ដូច​ជាក្រុម​និរតី​មាន​ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង។​ ក្រុម​ឧត្តរ​មាន​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​។ ក្រុម​ឦសាន មាន​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​។ គោលដៅ​ នៃ​ការ​បង្កើត​ក្រុម​ខេត្ត​នេះ គឺ​ដើម្បី​រួម​គ្នា​បង្កើត​ជា​សហ​ថាមពល បង្កើត​ឱ្យមានកម្ម​វិធី​ទេសចរណ៍ ឱ្យ​បាន​ច្រើន បង្កើត​កញ្ចប់​ទេសចរណ៍​រួម​គ្នា ចែក​គោលដៅ​ឱ្យ​ភ្ញៀវ​ទេស ចរណ៍​ទៅ​ទស្សនា​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​បវរ​ធិ​បតី ​ក៏​បាន​ណែនាំ​ជំរុញ​ដល់​រដ្ឋបាល​ខេត្ត​នានា ពិ​សេស​ខេត្ត​ដែល​មាន​សក្ដានុពល​ទេសចរណ៍ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សេវាកម្ម តម្លៃ គុណ ភាព ក៏​ដូច​ជា​តម្រូវការ​របស់​អ្នកទេសចរ ​។

សម្ដេច​បវរ​ធិ​បតី ​បាន​ផ្ដាំផ្ញើ​ទៅ​អភិបាលខេត្ត​កែប​ថា កុំឱ្យ​រឿង​បាយ​ឆា​មួយ​ចាន ​កើតឡើង​ទៀត​ ។ ​សម្ដេច​បវរ​ធិ​បតី​ថ្លែង​ថា «​ប្រសិនបើ​មាន​បញ្ហា រដ្ឋបាល​ខេត្ត​ ត្រូវ​ចាត់ការ ត្រូវ​ប្រតិកម្ម​រហ័ស បំភ្លឺ​ជូន​ភ្ញៀវ​ទេសចរ ប្រជាពលរដ្ឋ​ឱ្យ​បាន​ភ្លាម​ៗ តួយ៉ាង​ដូច​រឿង​ករណី​បាយឆា ​នៅ​ខេត្ត​កែប​ កាលពី​ពេល​កន្លង​ទៅ​»​ ។

សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ទៀត​ថា អភិបាលខេត្ត​ ត្រូវ​មាន​ចក្ខុ​វិស័​យ​ច្បាស់លាស់ ត្រូវ​តាមដាន ហើយ​ទទួលខុសត្រូវ មើល​ថា​ ក្នុង​ខេត្ត​របស់​ខ្លួន​មាន​សក្ដានុពល​អ្វីខ្លះ ត្រូវ​រៀបចំ​ដាក់​ផែនការ ​អភិវឌ្ឍ​ឱ្យ​បាន​ត្រឹមត្រូវ​។ មួយវិញទៀត មន្ត្រីរាជការ ដៃគូ​អភិវឌ្ឍ ប្រតិបត្តិ​ករ ក៏​ត្រូវ​ចូលរួម​អនុវត្ត​ប្រកបដោយ​ភាព​ស្មោះត្រង់ និង​ម៉ឺងម៉ាត់​តាម​ផែនការ ដែ​ល​បាន​ដាក់​ចេញ​។ ចំពោះ​ប្រជាពលរដ្ឋ អាជីវករ វិស័យ​ឯកជន​ ក៏​ត្រូវ​សហការ​ចូលរួម​ជាមួយ​អាជ្ញាធរ មន្ទីរ អង្គភាព​ជំនាញ​ផង​ដែរ ដើម្បី​រួម​គ្នា​ឱ្យ​ខេត្ត​របស់​ខ្លួន​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ