រាជធានីភ្នំពេញ ៖ ថ្លែងចំៗទៅកាន់ក្រុមប្រឆាំង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចាត់ទុកការបង្កើត «ចលនាជាតិតស៊ូ» របស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំពុងរស់នៅក្រៅប្រទេស គ្រាន់តែជាការបង្កើតព្រឹត្តិការណ៍ ទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ទោះបីជាមនុស្សធ្លាប់គាំទ្រស្ម័គ្រស្មោះ កាន់តែច្រើនអស់ជំនឿ ហើយដើរចេញជាបន្ដបន្ទាប់ក្តី ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសអញ្ជើញសម្ពោធ «វិថីតេជោ សន្តិភាពឆ្នេរអង្កោល» តម្លៃជាង១០លានដុល្លារ នៅទឹកដីខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអះអាងថា សមាជិកស្មោះស្ម័គ្រ និងមន្ដ្រីជាន់ខ្ពស់របស់ក្រុមប្រឆាំងទាំងអស់ បានដើរចេញពីបក្ខពួកខ្លួន ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ប៉ុន្មានខែនេះ មានការបង្កើតចលនាមិនចេះចប់ ចលនាក្រៅប្រទេស មានទាំងរដ្ឋាភិបាលស្រមោលនៅ ក្រៅប្រទេសទៀត«…» ខ្ញុំមិនដឹងថា បង្កើតធ្វើអ្វី គោលដៅអ្វី តែបើតាមការវិភាគគោលដៅនៅដដែលបង្កើតអ្វីប្លែក។ ចុងក្រោយនេះ មានចលនាដែលប្រជាពលរដ្ឋក្នុងប្រទេសធ្លាប់ជាសមាជិកបក្សរបស់គាត់ គាំទ្រគាត់ បានចេញមកចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងមន្ដ្រីជាន់ខ្ពស់របស់គាត់ទាំងក្នុងប្រទេស ក្រៅប្រទេស អ្នកគាំទ្រសំខាន់របស់គាត់ជាច្រើន» ។
ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី ក៏បានចំអកទៅលោកស្រី មួរ សុខហួរ ដែលទើបតែបង្កើតចលនាប្រជាធិបតេយ្យមួយនៅក្រៅប្រទេស ហើយតាំងខ្លួនជាប្រ ធាន ប៉ុន្ដែក្រោយមកក៏ធ្លាក់មកជាអនុប្រធានវិញ ដែលទំនងជាន់គ្នាជាមួយទណ្ឌិត សម រង្ស៊ី ដែលបង្កើតចលនាថ្មីមួយដែរ។ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ហួសចិត្តចំពោះការបង្កើតចលនាមិនចេះចប់ មិនចេះហើយ ទាំងដែលអ្នកគាំទ្រ កាន់តែដើរចេញ ។
យ៉ាងណាក្តី សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា មនុស្សមួយចំនួន នៅតែបន្ដចិញ្ចឹមចិត្តញុះញង់ អុជអាល និងបបួលមនុស្សឲ្យបែងចែកបក្ខពួក បែកបាក់គ្នា ក្នុងនោះមានទាំងការបង្កើតរដ្ឋាភិបាលស្រមោលក្រៅប្រទេស ហើយធ្វើសកម្មភាពនៅតាមបណ្ដាញសង្គមតាំងខ្លួនជានាយករដ្ឋមន្ដ្រី។ មិនតែប៉ុណ្ណោះ បែរជាឆ្លៀតចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ថាជារាជរដ្ឋាភិបាលមិនស្របច្បាប់ ទាំងដែលកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ មានប្រជាពលរដ្ឋរហូតដល់ជាង៨លាននាក់ ទៅបោះឆ្នោត តាមរដ្ឋធម្មនុញ្ញ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់បន្ថែមថា ការអស់ជំនឿរបស់មន្ដ្រីជាន់ខ្ពស់នៅក្រុមប្រឆាំង និងសកម្មជនស្មោះស្ម័គ្រដោយការភូតភរកុហកបោកប្រាស់ ចោទប្រកាន់ខុសពីការពិតមកលើរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែទោះជាយ៉ាងណា ក្រោយមានការពន្យល់ជាបន្ដបន្ទាប់ទើបអ្នកដែលធ្លាប់ស្មោះស្ម័គ្របានងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាវិញ ។
ទោះជាណាក្តី សម្ដេចមហាបវរធិបតីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានព្រមានទុកថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចអន់ឱនឲ្យបានឡើយ ចំពោះការធ្វើសកម្មភាពទាំងឡាយណា ដែលហួសព្រំដែនច្បាប់ ក្នុងចេតនាបង្កចលាចលសង្គម បង្កើតអស្ថិរភាព ៕
ចែករំលែកព័តមាននេះ