ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BBC ៖ ចិនកំពុងព្យាយាមស្តារសេដ្ឋកិច្ច តែលោក ត្រាំ អាចជាឧបសគ្គផែនការទាំងនោះ

1 អាទិត្យ មុន

អន្តរជាតិ ៖ ប្រទេសចិនបានដាក់ចេញវិធានការថ្មីជាច្រើនក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជាប់គាំងរបស់ខ្លួន ខណៈប្រទេសសេដ្ឋកិច្ចធំទី២ពិភពលោកមួយនេះ ត្រៀមខ្លួនប្រឈមមុខនឹងប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ លោក ដូណាល់ ត្រាំ (Donald…

អន្តរជាតិ ៖ ប្រទេសចិនបានដាក់ចេញវិធានការថ្មីជាច្រើនក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ដែលកំពុងជាប់គាំងរបស់ខ្លួន ខណៈប្រទេសសេដ្ឋកិច្ចធំទី២ពិភពលោកមួយនេះ ត្រៀមខ្លួនប្រឈមមុខនឹងប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៧ លោក ដូណាល់ ត្រាំ (Donald Trump) ជាលើកទីពីរ។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន BBC ចេញផ្សាយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រទេសចិនគ្រោងនឹងដោះស្រាយបញ្ហាបំណុលរដ្ឋាភិបាលក្នុងតំបន់ រាប់សិបពាន់លានដុល្លារ ដើម្បីការពារកុំឱ្យបញ្ហានេះក្លាយជាការអូសទាញកំណើនសេដ្ឋកិច្ចជាតិ។ លោក ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៦ ខែវិច្ឆិកា ហើយនៅលើវេទិកាមួយលោកបានសន្យាថា នឹងយកពន្ធលើការនាំចូលសហរដ្ឋអាមេរិកទាំងអស់ រួមទាំងពន្ធខ្ពស់រហូតដល់ ៦០% លើទំនិញមកពីចិន។

អ្នកជំនាញមើលឃើញថា ជ័យជម្នះលោក ត្រាំ ទំនងជានឹងរារាំងផែនការប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ក្នុងការប្រែក្លាយប្រទេសចិនទៅជាមហាអំណាចបច្ចេកវិទ្យា និងមានទំនាក់ទំនងកាន់តែតានតឹងជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី១ពិភពលោក។

វិបត្តិអចលនទ្រព្យ ការកើនឡើងបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់ និងភាពអត់ការងារធ្វើ បូករួមទាំងការប្រើប្រាស់ក្នុងស្រុកទាបដែរនោះ គឺជាដើមចមនាំឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនធ្លាក់ចុះ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩។ បកត្រឡប់ក្រោយបន្តិច អំឡុងពេលអាណត្តិដឹកនាំដំបូងរបស់លោក ត្រាំ អ្នកនយោបាយអាមេរិក ផ្តើមចេញពីអ្នកជំនួញដ៏ល្បីរូបនេះ បានវាយលុកទំនិញចិនជាមួយពន្ធដល់ ២៥% ។ សម្ពាធពីទីក្រុងវ៉ាស៊ីនតោនមិនបានធូរស្រាលទេ បន្ទាប់ពីលោក ត្រាំ បានចាកចេញពីសេតវិមានក្នុងឆ្នាំ ២០២១។ រដ្ឋបាលលោក ចូ បៃដិន (Joe Biden) បានរក្សាវិធានការណ៍នៅនឹង ហើយក្នុងករណីខ្លះបានពង្រីកកាន់តែខ្លាំងជាងមុន។ ដូច្នេះវត្តមានលោក ត្រាំ ក្លាយជាម្ចាស់សេតវិមានជាលើកទី២ នឹងក្លាយជាការប្រឈមសាជាថ្មីសម្រាប់ប្រទេសចិន ហើយអ្នកជំនាញមួយចំនួនលើកឡើងថា ការប្រឈមលើកនេះ ទំនងជាធ្ងន់ធ្ងរជាងលើកមុន។

សេដ្ឋកិច្ចប្រទេសចិនបាននឹងកំពុងតស៊ូ ដើម្បីវិលត្រលប់ទៅកម្រិតកំណើនដ៏ល្អរបស់ខ្លួន មុនការរាតត្បាតជំងឺកូវីដ១៩ ពោលគឺចាប់តាំងពីការបោះបង់ការរឹតបន្តឹងទប់ស្កាត់ជំងឺឆ្លងមួយនេះដ៏តឹងតែងរបស់ខ្លួន កាលពី២ឆ្នាំមុន។ បណ្តាអ្នកជំនាញមើលឃើញថា ប្រទេសចិនហាក់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បញ្ហាប្រឈមនៅពេលខាងមុខ សូម្បីតែមុន និងក្រោយពេលជ័យជម្នះរបស់លោក ត្រាំ ប្រទេសចិនបានចាប់ផ្តើមវិធានការគាំទ្រសេដ្ឋកិច្ចរបស់ខ្លួនក្នុងខែកញ្ញា ក្រោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានទម្លាក់ការព្យាករណ៍គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន។

ឥឡូវនេះ IMF រំពឹងថា សេដ្ឋកិច្ចចិននឹងកើនឡើង ៤.៨% នៅឆ្នាំ ២០២៤ ពោលគឺទាបជាងការព្យាករណ៍គោលដៅកំណើនប្រហែល ៥% របស់ទីក្រុងប៉េកាំង ខណៈដែលនៅឆ្នាំក្រោយ IMF ព្យាករណ៍ថា អត្រាកំណើនប្រចាំឆ្នាំរបស់ប្រទេសចិន នឹងធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម ៤.៥%។

ផែនការចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការប្រើប្រាស់កញ្ចប់ថវិកាបន្ថែមចំនួន ៦ទ្រីលានយន់ ឬស្មើនឹង ៨៤០ពាន់លានដុល្លារអាមេរិក ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៦ ដើម្បីធានាដល់រដ្ឋាភិបាលក្នុងតំបន់ដែលបានប្រមូលផ្តុំទៅដោយបំណុលកម្រិតខ្ពស់។ អស់ជាច្រើនទសវត្សរ៍មកហើយ រដ្ឋាភិបាលក្នុងតំបន់របស់ចិនបានជួយជំរុញកំណើននៅទូទាំងប្រទេស តាមរយៈការខ្ចីប្រាក់យ៉ាងច្រើន ដែលភាគច្រើនបានចំណាយសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែវិបត្តិអចលនទ្រព្យបានធ្វើឱ្យទីក្រុងមួយចំនួនមិនអាចទូទាត់សងបំណុលរបស់ខ្លួនបានឡើយ។

ថ្លែងកាលពីឆ្នាំ ២០១៧ លោកប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ថា ប្រទេសរបស់លោកមានផែនការផ្លាស់ប្តូរពីកំណើនយ៉ាងឆាប់រហ័សទៅជាដំណាក់កាលនៃការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់។ ចាប់តាំងពីពេលនោះមក ពាក្យនេះត្រូវបានប្រើម្តងហើយម្តងទៀតដោយបណ្តាមន្ត្រីចិន ដើម្បីពិពណ៌នាអំពីការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ច ដែលជំរុញដោយការផលិតកម្រិតខ្ពស់ និងឧស្សាហកម្មបៃតង។ ប៉ុន្តែអ្នកសេដ្ឋកិច្ចខ្លះនិយាយថា ចិនមិនអាចនាំចេញដោយខ្លួនឯង ដោយមិនជួបបញ្ហាប្រឈមនោះទេ។

លោក Stephen Roach អតីតប្រធានក្រុមហ៊ុនវិនិយោគទុនឯកជនឈានមុខគេមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក Morgan Stanley Asia បានលើកឡើងថា ប្រទេសចិនប្រឈមនឹងការធ្លាក់ចូលទៅក្នុងភាពជាប់គាំងជាច្រើនទសវត្សរ៍ ដែលប្រទេសជប៉ុនធ្លាប់បានស៊ូទ្រាំ បន្ទាប់ពីវិបត្តិភាគហ៊ុន និងអចលនទ្រព្យផ្ទុះឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ ដូច្នេះដើម្បីជៀសវាងជោគវាសនាបែបនោះ លោកថា ប្រទេស​ចិនគួរតែទាញលើតម្រូវការអ្នកប្រើប្រាស់ ហើយងាកចេញពីការនាំចេញ និងកំណើនដែលដឹកនាំដោយការវិនិយោគ។ នោះនឹងមិនត្រឹមតែជំរុញឱ្យមានកំណើនប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម និងភាពងាយរងគ្រោះរបស់ចិនផងដែរ។ គំរូសេដ្ឋកិច្ចដ៏រឹងមាំបែបនេះ អាចជួយចិនទប់ទល់នឹងការគំរាមកំហែងដែលបង្កឡើងដោយការវិល​ត្រឡប់ចូលកាន់អំណាចរបស់លោក ត្រាំ។

ប្រទេសចិន គឺជារោងចក្រផលិតទំនិញតម្លៃទាបរបស់ពិភពលោកជាយូរមក ហើយនោះកំពុងព្យាយាមចម្លងភាពជោគជ័យជាមួយការនាំចេញផលិតផលបច្ចេកវិទ្យាក្រមិតខ្ពស់។ក្រុមហ៊ុនឈានមុខគេលើពិភពលោករបស់ចិនលើផ្នែកបន្ទះសូឡា រថយន្តអគ្គិសនី និងអាគុយលីចូមអ៊ីយ៉ុង។ តាមទីភ្នាក់ងារថាមពលអន្តរជាតិ IEA ប្រទេសចិនមានចំណែកយ៉ាងហោចណាស់ ៨០% នៃផលិតកម្មបន្ទះសូឡាពិភពលោក ហើយក៏ជាអ្នកផលិតរថយន្តអគ្គិសនីដ៏ធំបំផុត និងអាគុយដែលផ្តល់ថាមពលផងដែរ។

ការនាំចេញរថយន្តអគ្គិសនី អាគុយលីចូមអ៊ីយ៉ុង និងបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ចិន បានកើនឡើង ៣០% កាលពីឆ្នាំ ២០២៣ លើសពី១ទី្រលានយន់ ឬស្មើនឹង ១៣៩ពាន់លានដុល្លារអាមេរិកជាលើកដំបូង ខណៈដែលប្រទេសចិនបានបន្តពង្រឹងភាពលេចធ្លោជាសកលរបស់ខ្លួនក្នុងឧស្សាហកម្មទាំងនោះនោះ។ ហើយកំណើនការនាំចេញនោះបានជួយបន្ទន់ការធ្លាក់ចុះសេដ្ឋកិច្ចចិនពីវិបត្តិអចលនទ្រព្យដែលកំពុងកើតឡើង។ ប៉ុន្តែទន្ទឹមនឹងការកើនឡើងការនាំចេញទាំងនោះ ប្រទេសចិនក៏បង្កើនការប្រឈមមុខបញ្ហាពីបណ្តាប្រទេសលោកខាងលិច មិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ។ ជាក់ស្តែង កាលពីខែមុន សហភាពអឺរ៉ុបបានដំឡើងពន្ធលើរថយន្តអគ្គិសនីចិនដល់ទៅ ៤៥%។

របាយការណ៍ពីសារព័ត៌មាន BBC បានលើកឡើងថា លោក ត្រាំ គ្រោងនឹងត្រឡប់ទៅការិយាល័យការងារវិញ ជាមួយនឹងការសន្យាដើម្បីសង្កត់ការនាំចូលទំនិញរបស់ប្រទេសចិន ដូច្នេះរដ្ឋាភិបាលទីក្រុងប៉េកាំងនឹងត្រូវសួរខ្លួនឯងថា តើវិធានការចុងក្រោយរបស់ខ្លួនក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនឹងគ្រប់គ្រាន់ដែរឬទេ? ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ