ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ការទូត​ជា​អ្នក​ដែល​ឈរ​នៅ​សមរភូមិ​ជួរ​មុខ ក្នុង​កិច្ច​ការពារ​ផលប្រយោជន៍ និង​គុណ​តម្លៃ​របស់​ប្រទេស​ជាតិ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ការទូត​ជា​អ្នក​ដែល​ឈរ​នៅ​សមរភូមិ​ជួរ​មុខ ក្នុង​កិច្ច​ការពារ​ផលប្រយោជន៍ និង​គុណ​តម្លៃ​របស់​ប្រទេស​ជាតិ ទៅ​លើ​ឆាក​អន្តរជាតិ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ការទូត​ជា​អ្នក​ដែល​ឈរ​នៅ​សមរភូមិ​ជួរ​មុខ ក្នុង​កិច្ច​ការពារ​ផលប្រយោជន៍ និង​គុណ​តម្លៃ​របស់​ប្រទេស​ជាតិ ទៅ​លើ​ឆាក​អន្តរជាតិ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៅ​ពេល​អនុញ្ញាត​ឱ្យ​ឯកអគ្គ​រាជ ទូត​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​បួន​រូប ដែល​ទើប​ទទួល​បានការ​តែងតាំង​ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​បណ្តា​ប្រទេស​នានា ចូល​ជួប​សម្តែង​ការ​គួរសម ជម្រាបលា និង​ទទួល​អនុសាសន៍ មុន​ចេញ​បំពេញបេសកកម្ម​ការទូត នៅ​លើ​ឆាក​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​វិមាន​រដ្ឋសភា ។

នៅ​ក្នុង​ជំនួប​សម្តេច​រដ្ឋសភាធិបតី បាន​សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​ពេញទំហឹង ចំពោះ​ឯកឧត្តម លោក​ជំទាវ ឯកអគ្គរាជទូត​ទាំង ០៤​រូប ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា បាន​ផ្តល់​សេចក្តី​ទុកចិត្ត តែងតាំង​ជា​ឯកអគ្គរាជទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​នានា នៅ​លើ​សកលលោក ។

សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ថា ៖ «​ជា​មន្ត្រី​ការទូត​ជា​តំណាង​ឱ្យ​ជាតិ​ទាំងមូល នៅ​លើ​ឆាក​អន្តរជាតិ និង​ជា​អ្នក​ដែល​ឈរ​នៅ​សមរភូមិ​ជួរ​មុខ ក្នុង​កិច្ច​ការពារ​គុណ​តម្លៃ​របស់​ជាតិ និង​គោលបំណង​ជា​យុទ្ធសាស្ត្រ​របស់​ជាតិ​។ បេសកកម្ម​ការទូត ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ បន្ថែម​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាងក្នុង​ប្រទេស ដើម្បី​ការពារ និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​ជាតិ​» ។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ឯកឧត្តម លោក​ជំទាវ ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​បទ​ពិសោធន៍​លើ​ការងារ​ការទូត​នេះ នឹង​បំពេញបេសកកម្ម ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ សម្រេច​បាន​នូវ​លទ្ធផល​ធំធេង ។

ជាមួយ​គ្នា​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ជូន​ឯកអគ្គរាជទូត​ទាំងអស់ ត្រូវ​គិតគូរ និង​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ និង​ចំពោះ​មុខ​។ ត្រូវ​រក្សា ការពារ និង​លើក​គុណ​តម្លៃ​ជាតិ និង​កិត្យានុភាព​ជាតិ​ជា​និច្ច​។ ការពារ​ឯករាជ្យ​ភាព អធិបតេយ្យភាព បូរណភាព​ទឹកដី លើកកម្ពស់​កិត្យានុភាព​ជាតិ រូបភាព​វិជ្ជមាន ហើយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​បំផ្លាញ​កេរ្ដិ៍ឈ្មោះ​របស់​កម្ពុជា ។ ត្រូវ​មាន​ភាព​ឈ្លាសវៃ ប៉ិន​ប្រសប់ ក្នុង​ការ​ដឹកនាំ ដោយ​ត្រូវធ្វើ​យ៉ាងណា ខិតខំ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និង​សហ​ប្រ តិ​ប​ត្តិ​ការ​ទាំង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​ស្នើ​ដល់​ឯកអគ្គរាជទូត​ទាំងអស់ ត្រូវ​ជំរុញ​ផ្សព្វផ្សាយ អំពី​ភាព​វិជ្ជមាន​របស់​ប្រទេស​កម្ពុជា​ឱ្យ​បាន​ទូលំទូលាយ សំដៅ​ទាក់ទាញ​អ្នក​វិនិយោគ និង​អ្នកទេសចរ មក​កម្ពុជា ឱ្យ​បាន​កាន់តែ​ច្រើន ។

សម្តេច​រដ្ឋសភាធិបតី បាន​លើកទឹកចិត្ត ដល់​ឯកអគ្គរាជទូត​ទាំងអស់ យកចិត្តទុកដាក់ ខ្វល់ខ្វាយ និង​ជួយ​សម្របសម្រួល​គាំទ្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ខ្មែរ​ដែល កំពុង ស្នាក់​នៅ ធ្វើការ និង​រៀនសូត្រ​នៅ​តាម​បណ្តា​ប្រទេស​នានា សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់ មាន​ភាព​កក់ កៅ្ត​ស្រប​នឹង​សុភាសិត​ខ្មែរ​ពោល​ថា “​នៅផ្ទះ​ម្តាយ​ទីទៃ ទៅ​ព្រៃ​ម្តាយ​តែ​មួយ​” ។

សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​បាន​ផ្តាំផ្ញើ​ជូន​ឯកអគ្គរាជទូត​ទាំងអស់ ជួយ​លើកកម្ពស់ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​កម្ពុជា​ជាមួយ​សភា នៃ​ប្រទេស​ដែល​ខ្លួន​កំពុង​បំពេញបេសកកម្ម ឱ្យ​កាន់តែ​សកម្ម និង​ជិត​ស្និទ្ធ​ថែម​ទៀត​។ សម្តេច​បាន​បញ្ជាក់​ថា ការទូត​សភា នា​ពេល​បច្ចុប្បន្ន កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង ក្នុង​ការ​ជំរុញ​ឱ្យ​មាន​កិច្ច​សន្ទនា ការ​យោគយល់​គ្នា ការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​គិតដល់​ប្រយោជន៍​រួម ។

ឯកឧត្តម កុយ គួ​ង តំណាង​ឯកអគ្គ​រាជ​ទាំង​បួន​រូប បាន​ថ្លែងអំណរគុណ​ជ្រាលជ្រៅ ជូន​សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ចំណាយ​ពេលវេលា​មមាញឹក​ផ្តល់​ឱកាស ជូន​ឯកឧត្តម លោក​ជំទាវ ឯកអគ្គរាជទូត​ទាំងអស់ បាន​ចូល​ជម្រាបលា និង​ទទួល អនុសាសន៍​ល្អ​ៗ​ជា​ច្រើន នៅ​មុន​ពេល​ចេញ​ទៅ​បំពេញបេសកកម្ម​ការទូត ជូន​ជាតិ និង​ប្រជាពលរដ្ឋ ។

ឯកឧត្តម បាន​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ខិតខំ​បំពេញបេសកកម្ម​ឱ្យ​ទទួល​បាន​ជោគជ័យ លើកកម្ពស់​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ។

ជាមួយ​គ្នា​នេះ​នឹង​ខិតខំ​ផ្សព្វផ្សាយ​ពី​ការ​ពិត​នៅ​កម្ពុជា​ដល់​អន្តរជាតិ ទាក់ទាញ​អ្នក​ទេស ចរ អ្នក​វិនិយោគ​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​ផ្សារ​ភ្ជាប់​សុខទុក្ខ​ជាមួយ​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​នានា ដែល​ឯកឧត្តម លោក​ជំទាវ ត្រូវ​បំពេញបេសកកម្ម​ការទូត​ឱ្យ បាន​ជិត​សិ្ន​ទ្ធ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

សូម​ជម្រាប​ថា ឯកអគ្គរាជទូត​ទាំង​បួន​រូប ដែល​ទើប​ទទួល​បានការ​តែងតាំង​ហើយ បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា​សម្តេច​ប្រធានរដ្ឋសភា​នា​ឱកាស​នេះ​មាន លោក កុយ គួ​ង ឯកអគ្គរាជទូត​ប្រចាំ​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក លោក ប្រាក់ ងួ​ន​ហុង ឯកអគ្គរាជទូត ប្រចាំ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ី​ល លោក​ជំទាវ រត្ន ម៉ា​នី ឯកអគ្គរាជទូត ប្រចាំ​ប្រទេស​ឥណ្ឌា បង់​ក្លា​ដេ​ស ស្រី​លង្កា អ៊ី​រ៉​ង់ នេ​ប៉ា​ល់ និង​ម៉ា​ល​ឌី​វ និង​លោក ឆេ​ង ម៉ា​និ​ត ឯកអគ្គរាជទូត ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ