ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កា​.​ប់​ប្លន់​ម៉ូតូ និង​ឆក់​យ៉ាង​សកម្ម​នៅ​រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន ១១​នាក់ បញ្ជូន​ទៅ​តុលាការ​ហើយ

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន…

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១១​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ឆក់ កា​.​ប់​ប្លន់ ចំនួន​០៨​ករណី​ផ្សេង​គ្នា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រួច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ចាត់ការ​តាម​មតិ​វិធី​រួចរាល់ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ប្រាប់​ឱ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់​ជនសង្ស័យ​សម្រេច​បានជា​បន្តបន្ទាប់ ដោយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល អនុវត្ត​ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ផែន​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការងារ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​ជំនាញ នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពាក់ព័ន្ធ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។

ក្នុង​ចំណោម​ជនសង្ស័យ គឺ​មាន​០៤​នាក់ បាន​ធ្វើ​សកម្មភាព ទី​១. ប្រព្រឹត្ត​បទល្មើស​កាប់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ប្ល​.​ន់​ម៉ូតូ​០១​គ្រឿង មិន​បាន​សម្រេច កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ខាង​មុខ​ឃ្លាំង​លេខ​៦៤៤ ផ្លូវ​លេខ​៦៥៦ ភូមិ​តា​ងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។ ពួក​គេ​ទាំង​០៤​នាក់​នេះ ត្រូវ​បាន​បង្ក្រាប​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​០២ និង​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​បន្ទប់​ជួល​មួយ​កន្លែង ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដកហូត​កាំបិត​ផ្គាក់ ០១​ដើម និង​ម៉ូតូ​ម៉ាក​ហុងដា ០១​គ្រឿង ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក ករណី​ទី​២ ៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ដោយ​ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អំពើ​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ រហូត​ដល់​០៥​ករណី​ផ្សេង​គ្នា នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក​ជនសង្ស័យ​ចំនួន​០៤​នាក់ បន្ថែម​ទៀត ត្រូវ​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​បាន​ធ្វើ​សកម្មភាព​ប្រើ​ដាវ​កា​.​ប់​ប្លន់​ទៅ​លើ​ជន​រង​គ្រោះ​យក​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៤ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ នៅ​ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​១១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ