ទូកងទេពធីតាសែនជ័យបារមីជំទាវទេព ត្រៀមចេញប្រកួតថ្ងៃបុណ្យអុំទូកនៅភ្នំពេញ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ទូកងទេពធីតាសែនជ័យបារមីជំទាវទេព បានធ្វើពិធីក្រុងពលីរំកិលចុះទឹក ឱ្យក្រុមកីឡាករហ្វឹកហាត់ ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ។ ពិធីនេះធ្វើឡើងនៅបរិវេណវត្តទេពធីតារាម ហៅវត្តយាយទេព នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម មន្ត្រីរាជការ និងកីឡាករជាច្រើននាក់ ។

ឯកឧត្តមយិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង លើកឡើងពីប្រវត្តិទូកងទេពធីតាសែនជ័យបារមីជំទាវទេពឱ្យដឹងថា ទូកនេះបានសុំពីវត្តពោធិ៍អណ្ដែត ក្នុងស្រុកកំពង់លែង នៅវត្តឆ្នាំ២០១៥ ក្នុងចំណុះជើងចែវ៥៦នាក់ ។ ក្រោយពេលជួសជុលរួច ដាក់ឈ្មោះទេពធីតាសែនជ័យបារមីជំទាវទេព បានយកទៅចូលរួមប្រកួតជាប់ចំណាត់ថ្នាក់លេខ១ ។

នៅឆ្នាំ២០១៧ ដោយសារទូកមានសភាពទ្រុឌទ្រោមខ្លាំង ក៏ឯកភាពជួសជុលនិងកាត់ទូកឲ្យខ្លីនៅសល់ត្រឹម៤៦ជើងចែវ ។ អភិបាលខេត្តជំនាន់នោះបានឱ្យជាងទៅសិក្សា និងយកគំរូពីទូកឈ្មោះប្រពៃស្រប និងទូកឈ្មោះហនុមាន ដែលជាទូកមានល្បឿនលឿន ។ ហេតុដូច្នេះហើយទើបទូកនេះ មួយកំណាត់ក្រោយ រាងដូចហនុមាន និងផ្នែកខាងមុខរាងដូចទូកប្រពៃស្រប ។

បច្ចុប្បន្ន ក្រោយពីជួសជុលកែលម្អលាបថ្នាំឃើញថា ទូកទេពធីតាសែនជ័យបារមីជំទាវទេព មានសោភ័ណភាពស្រស់ ហើយសង្ឃឹមថា ឆ្នាំនេះនឹងទទួលបានចំណាត់ថ្នាក់លេខ១ដូចបណ្ដាឆ្នាំមុនៗដែរ ។
បើតាមការបញ្ជាក់ពីលោកហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងថា ទូកងទេពធីតាសែនជ័យបារមីជំទាវទេព មានប្រវែង២៩,៧៣ម៉ែត្រ មានចំណុះជើងចែវ៤៦នាក់ ។ ធ្លាប់បានចូលរួមប្រកួត៥លើក ទទួលបានចំណាត់ថ្នាក់លេខ១ចំនួន២លើក និងចំណាត់ថ្នាក់លេខ២ ចំនួន៣លើ ។

លោកឧត្តមសេនីយ៍ត្រីអ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ថា ដើម្បីយកយកជ័យជម្នះ កីឡាករត្រូវមានវិន័យ ស្ដាប់អ្នកគ្រប់គ្រង ស្ដាប់អ្នកដឹកនាំ ហើយត្រូវខំហ្វឹកហាត់ ព្រោះជាចំណុចមានសារសំខាន់ណាស់ ។
សូមកុំបាក់ទឹកចិត្តមុនពេលប្រកួត ត្រូវថែទាំរក្សាសុខភាពឱ្យបានល្អ ដើម្បីយកកម្លាំងក្នុងការចូលរួមប្រកួត ។ ត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ។ សូមកុំពិសាគ្រឿងស្រវឹងក្នុងរយៈពេលដែលចូលរួមប្រកួត ។ អំណោយរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត បានចូលរួមឧបត្ថម្ភអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវ និងប្រាក់១លានរៀល សម្រាប់ជូនកីឡាករក្នុងពេលហ្វឹកហាត់ ។

ឯកឧត្តមតែ សុថារ៉េត តំណាងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់សូមមានស្មារតីក្លាហាន កុំចាញ់ច្រាបគេ ត្រូវប្តេជ្ញាចិត្ត ទើបយកជ័យជម្នះបាន ។

សូមឱ្យកីឡាករទាំងអស់មានសាមគ្គីភាពឯកភាពផ្ទៃក្នុង ដូចពាក្យស្លោកលើកឡើងថា ចង្កឹះ១គេកាច់បាក់ តែចង្កិះមួយបាច់គេកាច់មិនបាក់ឡើយ ។ ត្រូវរួមសុខ រួមទុក្ខជាមួយគ្នា បើឈ្នះ ឈ្នះទាំងអស់គ្នា បើចាញ់ គឺចាញ់ទាំងអស់គ្នា ។ លោកជំទាវជូ ប៊ុនអេង បានឧបត្ថម្ភ៣លានរៀល ដល់កីឡាករផងដែរ ។













ចែករំលែកព័តមាននេះ