រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេច ជាង៦៧% និងកំពុងសម្រុកការងារខ្លាំង ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភា ពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាព តាមការគ្រោងទុក ។
អ្នកនាំពាក្យ បានបញ្ជាក់ថា ៖ «គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៧,៤៥%ហើយ» ។
ប្រភពបានបន្តថា ក្រុមការងារការដ្ឋានកំពុងបង្កើនសកម្មភាពអ៊ុត AC ដែលដំណើរការនេះ កំពុងបានលេចចេញវឌ្ឍនភាពត្រចះត្រចង់ និងអាចបញ្ចប់ការងារអ៊ុត AC នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខ ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យ ក៏បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍ ។
លើកពីនេះ ក៏បានសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដោយអំឡុងពេលនេះ ភ្លៀងនៅបន្តធ្លាក់ជោគជាំនៅឡើយ បណ្តាលឱ្យមានការលំបាកធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទូល និងចុះចំណោតជាដើម។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕
ចែករំលែកព័តមាននេះ