ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយ​សិស្សផ្ទុះប្រតិកម្ម ​រឿងរៀនថែមម៉ោងបង់ប្រាក់ឱ្យគ្រូ​

4 អាទិត្យ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នៅព្រឹកថ្ងៃទី ៦ វិច្ឆិកា គណៈគ្រប់គ្រងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន…

ខេត្ត​ព្រៃវែង ៖ នៅព្រឹកថ្ងៃទី ៦ វិច្ឆិកា គណៈគ្រប់គ្រងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ឧត្តមសមាគម បានកោះអញ្ជើញអាណាព្យាបាលសិស្សទៅប្រជុំផ្សព្វផ្សាយ អំពីគោលការណ៍ថ្មីរបស់ក្រសួងអប់រំ ប៉ុន្តែពេលស្ដាប់ពីគោលការណ៍នេះរួចធ្វើឲ្យអាណាព្យាបាលសិស្សជាច្រើនផ្ទុះប្រតិកម្មដោយអ្នកខ្លះបដិសេធមិនព្រមធ្វើតាម និងអ្នកខ្លះទៀតយល់ព្រម តែតវ៉ាតម្លៃដែលត្រូវបង់ឧបត្ថម្ភគ្រូ។

លោក សេន វាសនា នាយកសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនឧត្តមសមាគម បានឲ្យដឹងថា ថ្មីៗនេះក្រសួងអប់រំបានចេញគោលការណ៍ថ្មីចំនួនពីរចំណុច ដែលជ្រើសរើសយកសាលា៤ក្នុងស្រុកពាមរក៍ ធ្វើជាសាលាគំរូក្នុងការអនុវត្ត ដែលគោលការណ៍ទី១ គឺឲ្យខាងសាលាបង្រៀនបន្ថែមម៉ោងនៅថ្ងៃព្រហស្បតិ៍ចំនួន 5 សប្តាហ៍ គិតចាប់ពីសប្តាហ៍ទី 3 នៃខែកុម្ភៈ ដល់សប្តាហ៍ទី 3 នៃខែធ្នូ ហើយតម្រូវឲ្យអាណាព្យាបាលសិស្ស បង់​ប្រាក់​សម្រាប់ឧបត្ថម្ភគ្រូរយៈពេល 5 ថ្ងៃនេះ ( ថ្ងៃព្រហស្បតិ៍ ) ហើយសប្តាហ៍បន្តបន្ទាប់ទៀតគឺរដ្ឋជាអ្នកបង់ជំនួស។

គោលការណ៍ទី 2 គឺតម្រូវឲ្យសាលាបង្រៀនសិស្សបន្ថែមម៉ោងនៅពេលរសៀលចំនួន 3 ម៉ោងទៀតគឺពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ ដែលការរៀនថែមម៉ោងនេះ គឺតម្រូវឲ្យអាណាព្យាបាលបង់លុយ ដែលតម្លៃគឺចរចាគ្នាជាមួយនឹងខាងសាលា។ ហើយគោលការណ៍ទាំង២នេះ សម្រាប់សិស្សដែលមានជីវភាពក្រីក្រ និងទទួលបានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ គឺត្រូវបានអនុគ្រោះ មិនចាំបាច់បង់ប្រាក់ទេ។ រីឯខាងអាណាព្យាបាលសិស្សបានលើកឡើងដូចៗគ្នាថា សម្រាប់គោលការណ៍ទី១ ពួកគាត់ឯកភាពនិងទទួលយកបាន ដោយព្រមព្រៀងគ្នាបង់ថវិកាឧបត្ថម្ភគ្រូដែលបង្រៀននៅថ្ងៃព្រហស្បតិ៍រយៈពេល 5 ថ្ងៃ ស្មើនឹង 5 សប្តាហ៍ ពួកគាត់ឯកភាពគ្នាបង់ក្នុងមួយថ្ងៃ 500 រៀល សរុប 5 ថ្ងៃស្មើនឹង 2500 រៀល។

ចំណែកគោលការណ៍ទី 2 ខាងអាណាព្យាបាលសិស្សមានការប្រកែកតវ៉ាខ្លាំង ដោយខាងសាលាស្នើសុំឲ្យអាណាព្យាបាលសិស្សបង់ក្នុងសិស្សម្នាក់ចាប់ពី 3 ម៉ឺនទៅដល់ 5 ម៉ឺនរៀលក្នុងមួយខែ ប៉ុន្តែអាណាព្យាបាលភាគច្រើន នាំគ្នាប្រកែកង៉ាងដោយលើកឡើងថា ពួកគាត់មានជីវភាពខ្វះខាត គ្មានលទ្ធភាពទេព្រោះម្នាក់ៗសុទ្ធតែកូនច្រើន អ្នកខ្លះកូនពីរ អ្នកខ្លះកូនបី ខ្លះទៀតកូនបួន បើគុណលុយទៅឃើញច្រើនណាស់។ អាណាព្យាបាលទាំងអស់នោះបានបញ្ជាក់ថាពួកគាត់គាំទ្រនិងគោលការណ៍របស់ក្រសួងអប់រំដែលបានតម្រូវឲ្យរៀនបន្ថែមម៉ោងនៅពេលរសៀល ប៉ុន្តែបើឱ្យពួកគាត់បង់លុយ គឺពួកគាត់គ្មានលទ្ធភាពទេ ដូច្នេះហើយទើបពួកគាត់ស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហានេះផង។

ទោះជាយ៉ាងណាក៏ដោយ លោក សេន វាសនា នាយកសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ឧត្តមសមាគមបានបញ្ជាក់បន្ថែមថា គោលការណ៍ថ្មីទាំងពីរចំណុចនេះ ក្រសួងបានដាក់ចេញសម្រាប់អនុវត្តសាកល្បងប៉ុណ្ណោះ ហើយក្នុងពេលដែលផ្សព្វផ្សាយនេះ បើខាងណាព្យាបាលសិស្សគ្មានលទ្ធភាព ឬក៏បដិសេធមិនព្រមតាម ក៏គេមិនបង្ខំដែរ ដែលមានន័យថា បើឪពុកម្ដាយសិស្សយល់ ព្រម សាលាក៏បង្រៀនថែមម៉ោងទៅ តែបើមិនយល់ព្រម ក៏មិនបាច់រៀនដែរ។ គួរបញ្ជាក់ផងដែរថា ដោយមានការជជែកតវ៉ាមិនត្រូវរូវគ្នា ការប្រជុំត្រូវបានបញ្ចប់ ដោយខាងសាលាអះអាងថា សុំពេលដើម្បីពិភាក្សាគណៈគ្រប់គ្រងសាលាសិន ហើយនិងមានការជូនដំណឹងទៅអាណាព្យាបាលសិស្ស នៅពេលក្រោយ ។​

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ