ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ដាក់​ពន្ធនាគារ​ព្រៃ​ស ពី​បទ​ឆបោក ប្រឈម​អនុវត្ត​ទោស​ពី​៦​ខែ ទៅ​៣​ឆ្នាំ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច នា​ល្ងាច​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថោ​ង ផល្លា​រង្សី…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច នា​ល្ងាច​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថោ​ង ផល្លា​រង្សី បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ដាក់​ពន្ធនាគារ “​មណ្ឌល​អប់រំ​កែប្រែ​(ម​១)” ព្រៃ​.​ស ជា​បណ្តោះ​អាស​ន្ធ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក ។

តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ លី សា​ម៉េ​ត ហៅ​គ្រូ​មា ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មុខរបរ​រកស៊ី កំរិតវប្បធម៌គ្មាន ​(​មិន​ចេះអក្សរ​) អាសយដ្ឋាន​មុន​ពេល​ឃាត់ខ្លួន ស្នាក់​នៅ​បុរី​រិ​ទ្ធ ផ្ទះ​លេខ​L១៣ ផ្លូវ​លេខ​៦A សង្កាត់ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែកញ្ញា ឆ្នាំ​២០២២ និង​ខែតុលា ឆ្នាំ​២០២២ តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​ការ​ចោទប្រកាន់​ខាងលើ​មាត្រា ៣៧៧ និយម​ន័យ នៃ​ការ​ឆបោក ៖ អំពើ​ឆបោក គឺជា​អំពើ​បន្លំ​ចំពោះ​រូ​វន្ត​បុគ្គល ឬ​នីតិបុគ្គល​ណាមួយ ដោយ​ប្រើ​ឈ្មោះ​ក្លែង ដោយ​អះអាង​ទៅ​លើ​ឋានៈ​ក្លែង ដោយ​រំលោភ​លើ​ឋានៈ​ពិតប្រាកដ ឬ​ប្រើ​ឧបាយកល​ទុច្ចរិត ដែល​នាំ​ឲ្យ​ខូចប្រយោជន៍​របស់​បុគ្គល​នេះ ឬ​របស់​ត​តិ​ជន​នូវ ៖
១.​ការ​ប្រគល់​មូលនិធិ តម្លៃ ឬ​ទ្រព្យសម្បត្តិ​អ្វីមួយ ។
២.​ការ​ផ្ត​ត់​ផ្គង់​សេវា ។
៣.​ការ​ធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច ឬ​ជា​ការ​ឲ្យ​រួច​ពី​កាតព្វកិច្ច ។
មាត្រា ៣៧៨ ទោស ដែល​ត្រូវ​អនុវត្ត ៖
អំពើ​ឆបោក ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៦​លាន​រៀល ។

លោក លី សា​ម៉េ​ត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ ដែល​សំណុំរឿង​បាន​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ ។

លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹ​ត្ត​សភា ។

នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​នាំ​ខ្លួន​ចេញពី​លំនៅ​ឋាន​របស់​លោក​ពី​ក្រុងព្រះសីហនុ មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាំង​យប់ ។ លុះ​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នង​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ការិយាល័យ​នគរបាល​សន្តិសុខ បាន​បញ្ជូន​លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ទៅ​តុលាការ ដែល​សំណុំរឿង​បាន​ស្ថិត​នៅ​ចៅក្រម​ស៊ើបសួរ ដំណើរ​ស៊ើបសួរ តាម​នីតិវិធី ។

សូម​ជម្រាប​ថា លោ​កក លី សា​ម៉េ​ត ហៅ​គ្រូ​មា នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​មុខ​សារភាព​តាម​បណ្តាញ​សង្គម​ពី​កន្លែង​លាក់ខ្លួន ដោយ​ប្រកាស​ទទួល​សា្គ​ល់​កំហុស​ទាំងអស់ ដែល​ខ្លួន​បាន​ប្រ​ពឹត្ត​កាលពី​ពេល​កន្លង​ទៅ ដោយ​ដាក់​កំហុស​លើ​ការ​លោភលន់ ។ កុ្ន​ង​វី​ដេ​អូ ដែល​មាន​រយៈ​ពល​៥​នាទី ប្រកាស​ដោយ​ទឹកមុខ​យំ មិន​ចេញ​ទឹកភ្នែក លោក លី សា​ម៉េ​ត បាន​សុំ​ទោស​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​កន្លង​ទៅ ខ្លួន​ពិតជា​បាន​យកឈ្មោះ​របស់​សម្ដេច ​ដើរ​បោកប្រាស់​អ្នក​ដទៃ ពិតប្រាកដ​មែន ហើយ​សកម្មភាព​បោកប្រាស់​នោះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សម្ដេ​ចប​និ្ដ​ច​សោះឡើយ ។

លោកគ្រូ​មា អាប់យស រូប​នេះ និយាយ​ទៀត​ថា ការ​ដែល​ខ្លួន​យកឈ្មោះ​សម្ដេច​តេ​ជោ ទៅ​ប្រើប្រាស់​នេះ គឺ​ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក​ដទៃ ។ រាល់​អំពើ​បោកប្រាស់ ដែល​ខ្លួន​បាន​ប្រ​ព្រឹត្ត គឺ​ធ្វើ​ដោយ​ចិត្ត​ឯង មិន​ជាប់​ពាក់ព័ន្ធ​បន្ដិច​ណា​សោះ ជាមួយ​សម្ដេច​តេ​ជោ ​ទេ ។ គាត់​បញ្ជាក់​ថា ខ្លួន​មិន​ដែល​ចូល​ផ្ទះ​សម្ដេច សូ​ម្បី​តែ​ម្ដង ហើយ​ក៏​មិន​សា្គ​ល់​ផ្ទះ​សម្ដេ​ច បែរមុខ​ទៅ​ទិស​ណា​ដែរ ប៉ុន្ដែ​បាន​កុហក​អ្នក​ដទៃ​ថា ខ្លួន​ចេញចូល​ផ្ទះ​សម្ដេ​ច ពេល​ណា​ក៏​បាន​ដែរ ។

គួរ​រំឭក​ថា ដោយ​ទ្រាំ​លែង​បាន ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ឆបោក ​ជា​ច្រើ​ន​ករណី​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ចេញ​មក​ទម្លាយ​ពី​ករណី​ឆបោក​ជា​ច្រើន​ករណី​របស់​លោក លី សា​ម៉េត ហៅ​គ្រូ​មា ព្រមទាំង​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​យុ​តិ្ត​ធម៌ ធ្វើការ​ជាមួយ​តុលាការ បង្កក​ទ្រព្យសម្បត្តិ​របស់​លោក លី សា​ម៉េ​ត ។

សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​រង​ការ​ចាញ់បោក​លោក លី សា​ម៉េ​ត ទាំងអស់ ដាក់​ពាក្យ​ប​ណឹ្ដ​ង ដោយ​ក្រុម​មេធាវី​របស់​សម្តេច ​មាន​លោក គី តិច ជា​ប្រធាន រង់ចាំ​ពាក្យ​ប​ណឹ្ដ​ង​ទាំងនោះ ។ សារ​ទាំងស្រុង​របស់​សម្តេច​តេ​ជោ ​បាន​លើក​ឡើង​ថា ដោយ​រឿង​ច្រើន​ពេក ថ្ងៃនេះ​ ខ្ញុំសម្រេចចិត្ត​បង្ហោះ​សារ​ទាក់ទង​ដល់​លោក លី​សា​ម៉េ​ត ហៅ​គ្រូ​មា ។

លី សា​ម៉េត តែង​ប្រើ​ឈ្មោះ​ខ្ញុំ ​ដើរ​បោកប្រាស់​គេ​រហូត ថា​យក​លុយ ដែល​បោកប្រាស់​បាន យក​មក​ជូន​ខ្ញុំ​ទៀត​ផង ដោយ​ប្រាប់​គេ​ថា ខ្លួន​ចេញចូល​ផ្ទះ​ខ្ញុំ ​ក្នុង​ពេល​ណា​ក៏​បាន ក្នុង​ពេល​ដែល លី សា​ម៉េត មិនដឹង​ថា ផ្ទះ​ខ្ញុំ​បែរមុខ​ទៅទិស​ខាង​ណា​ផង ។

ឆ្នាំ​២០២២ លី សា​ម៉េ​ត បោក​លុយ​ឈ្មោះ សុខ ឡេ​ង ១០​លាន​ដុល្លារ ថា​យក​មក​ឲ្យ​ខ្ញុំ តែ​ពេល សុខ ឡេ​ង ផ្តាំ​ឲ្យ​សួរ​ខ្ញុំ តាម​កូនចិញ្ចឹម​ខ្ញុំ ទ្រី សុខា ទើប​ខ្ញុំ​ដឹង​ក៏​ទាមទារ​ពី លី សា​ម៉េ​ត ប្រគល់​ឲ្យ សុខ ឡង វិញ​ទាំងអស់ ដោយពេល​នោះ​យក លី សា​ម៉េ​ត ទៅ​សួរ​ចម្លើយ និង​ប្រគល់​-​ទទួល​ប្រាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំ​ពេ​ញ ។

មុន​នេះ ​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​បាន​ប្រាប់ លី សា​ម៉េ​ត ឲ្យ​សង​លុយ​ទៅ មួ​ង ឃី​ម ចំនួន​ ២៣​ម៉ឺន​ដុល្លារ ក្រោយ​ពី មួ​ង ឃី​ម បញ្ជូន​សារ​ជា​ វី​ដេ​អូ​ មក​ខ្ញុំ អម​ដោយសារ​សំឡេង​ឆ្លង​ឆើ្ល​យ​គ្នា (​បាន​សង​រួច​ហើយ​) ។

ថ្ងៃនេះ ​ខ្ញុំ​ទទួល​វី​ដេ​អូ​ពី​លោក កន សុខកាយ អភិបាលក្រុង​អរិយ​ក្សត្រ ថា លី សា​ម៉េ​ត បាន​យក​ប្រាក់​ពី​គាត់ ​ចំនួន​៣០​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​ បាន​តំណែង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ ។

ក្នុង​មុខតំណ​ង​ ជា​រដ្ឋមន្ត្រី ៦​ឆ្នាំ ជា​នាយក​រដ្ឋមន្ត្រី ៣៨​ឆ្នាំ និង​ពេល​នេះ​ជា​ប្រធាន​ព្រឹទ្ធសភា អម​ដោយ​អំណាច​ជា​ប្រមុខរដ្ឋ​ស្តីទី កុ្ន​ង​ពេល​អវត្តមាន​ព្រះមហាក្សត្រ ខ្ញុំ​ធ្លាប់​ចុះ​ហត្ថ​លេខា​តែងតាំង និង​ដំឡើង​ស័ក្តិ មន្ត្រី​រាប់​ម៉ឺន​នាក់ ទាំង​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ខ្ញុំ​មិន​ដែល​ទទួលយក អន្តរាគមន៍​ពី​នរណា​នោះ​ឡើយ មិន​ថា តាម​ការ​សើ្ន​សុំ ឬ​តាម​សំណូក​ណាមួយ​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​មួយ​ចំនួន ទទួល​បានការ​តែងតាំងហើយ​ ទទួល​បានការ​ជួយ​ពី​ខ្ញុំ​ ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​មាន​មធ្យោបាយ​ធ្វើការ ។

ករណី លី សា​ម៉េ​ត អាច​នៅ​មាន​មនុស្ស​ចើ​ន​ទៀត ដែល​ចាញ់បោក​គាត់ ក្រោម​រូបភាព យកឈ្មោះ​ខ្ញុំទៅ​ប្រើ ។ ដើម្បី​ជម្រះ​ប​ញ្ជី​មួយ​នេះ តាម​របៀប​ពន្លត់ភ្លើង ​ជា​ជាង​អង្គុយ​បក់ផ្សែង ខ្ញុំ​សូម​សើ្ន ៖
១- ​រដ្ឋ​មន្ត្រី​ក្រសួង​យុ​តិ្ត​ធម៌ ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ចេញ​ដីកា​ ការពារ​ទ្រព្យសម្បតិ្ត លី សា​ម៉េត ដើម្បី​ទុក​សង​ដល់​អ្នក​ចាញ់បោក លី សា​ម៉េ​ត ។
២-​អ្នក​ចាញ់បោក លី សា​ម៉េ​ត ទាំងអស់ ដាក់​ពាក្យ​ប្តឹង ​ឬ​ទាមទារ​សំណង​ទៅ​កាន់​មេធា​វី សម្តេ​ច​តេ​ជោ ។
៣-​ឯកឧត្តម គី តិច រៀបចំ​មេ​ធា​វី​សម្តេចតេ​ជោ ​ចាំ​ទទួល​ពាក្យ​ប​ណ្តឹ​ង និង​ធើ្វ​ការ​សម្របសម្រួល​លើ​រឿង​ដែល​អាច​សម្របសម្រួល​បាន ។ ចំពោះ​រឿង​មិន​អាច​សម្របសម្រួល​បាន ត្រូវ​ប្តឹង​ទៅ​តុលាការ​ ចាត់ការ​តាម​ច្បាប់ ។
៤-​ស្នើ​សុំ សមត្ថកិច្ច​តាម​ឃ្លាំមើល លី សា​ម៉េ​ត កុំ​ឲ្យ​រត់​ចេញ​ផុត​ពី​សំណាញ់​ច្បាប់ ។

សម្តេច​តេ​ជោ ឆ្លើយ​តប​ភ្លាម​ៗ ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា មិនមែន​ដោយសារ​តែ​ វី​ដេ​អូ ​សារភាព​កំហុស និង​សូមទោស​មួយ​នេះ លី សា​ម៉េ​ត ត្រូវ​បាន​រួចខ្លួន​នោះ​ឡើយ ។ ជំនួយការ​ខ្ញុំ ឈ្មោះ ដួង តារា ត្រូវ​បាន​ឃាត់ខ្លួន រង់ចាំ​ការ​កាត់ទោស ដោយសារ​ជាប់​ពាក់ព័ន្ធ​ឆបោក​ជាមួយ លី សា​ម៉េ​ត នេះ ។

ពេល​នេះ លី សា​ម៉េ​ត ក្រោយ​ពី​រត់​គេច​ខ្លួន ​បាន​បង្ហាញខ្លួន​ហើយ សូម​សមត្ថកិច្ច ដែល​ជា​នគរបាល ឬ​កងរាជអាវុធហត្ថ ទៅ​នាំ​ខ្លួន លី សា​ម៉េ​ត បញ្ជូន​ទៅ​តុលាការ ដើម្បី​កាត់ទោស​តាម​ច្បាប់ ។

លី សា​ម៉េ​ត បាន​សុំ​ពេល​ព្យាបាល​ខ្លួន​នៅផ្ទះ មុន​ពេល​ចូលខ្លួន​ឲ្យ​តុលាការ​កាត់ទោស ។ មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ នគរបាល​យុត្តិធម៌ ត្រូវ​នាំ​ខ្លួន លី សា​ម៉េ​ត បញ្ជូន​ទៅ​តុលាការ តាម​នីតិវិធី ។ ខ្ញុំ​សង្ឃឹមថា សមត្ថកិច្ច​មិន​បន្ត​ឲ្យ លី សា​ម៉េ​ត បាន​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ទៀត​ទេ ៕

រថយន្តដឹក លី សាម៉េត ទៅតុលាការ
រថយន្តដឹក លី សាម៉េត ទៅតុលាការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ