ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកតវ៉ាខ្លាំងណាស់រឿងក្រុមហ៊ុនដឹកដីលក់កំពុងបំផ្លា.ញផ្លូវ

1 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ៤ភូមិក្នុងសង្កាត់បាវិត និងប្រជាពលរដ្ឋភូមិចុងសម្រិតសង្កាត់ប្រាសាទអំពាវនាវសុំឲ្យអាជ្ញាធរក្រុងបាវិត លោកអភិបាលខេត្តស្វាយរៀង មេត្តាចុះពិនិត្យដោះស្រាយបញ្ហារថយន្តដឹកអាចម៍ដីលក់ជាច្រើនគ្រឿង កំពុងបំផ្លាញផ្លូវនៅក្នុងភូមិ សាស្ត្រសង្កាត់បាវិត និងតំបន់ជិតខាង នៃក្រុងបាវិតខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ៤ភូមិក្នុងសង្កាត់បាវិត និងប្រជាពលរដ្ឋភូមិចុងសម្រិតសង្កាត់ប្រាសាទអំពាវនាវសុំឲ្យអាជ្ញាធរក្រុងបាវិត លោកអភិបាលខេត្តស្វាយរៀង មេត្តាចុះពិនិត្យដោះស្រាយបញ្ហារថយន្តដឹកអាចម៍ដីលក់ជាច្រើនគ្រឿង កំពុងបំផ្លាញផ្លូវនៅក្នុងភូមិ សាស្ត្រសង្កាត់បាវិត និងតំបន់ជិតខាង នៃក្រុងបាវិតខេត្តស្វាយរៀង ក្លាយទៅជារណ្តៅសំបុកមាន់ជ្រៅៗបែកល្បាប់ បង្កឲ្យរអឹលពិបាកធ្វើដំណើរយ៉ាខ្លាំង។

ប្រជាពលរដ្ឋធ្វើការអំពាវនាវនេះកើតឡើងនៅព្រឹកថ្ងៃទី៥ វិច្ឆិកា ឆ្នាំ​២០២៤ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។

បើតាមតំណាងប្រជាពលរដ្ឋ បានប្រាប់អ្នកសារពឋ័ត៏មានយើងថាករណីនេះកើតឡើងរយៈពេល១ខែជាងមកហើយ ក៏ប៉ុន្តែបច្ចុប្បន្ននេះគឺផ្លូវស្រុតខូចកាន់តែខ្លាំង ពិបាកក្នុងការធ្វើដំណើរ ហើយប្រជាពលរដ្ឋបានប្តឹង ទៅលោកសាញ់សាខុន ចៅសង្កាត់បាវិតឲ្យពិនិត្យដោះស្រាយក៏ប៉ុន្តែគ្មានប្រសិទ្ធិភាព ក្រុមហ៊ុនធ្វើអាជីវកម្មជីករណ្តៅដីយកអាចម៍ដីលក់នៅតែបន្តចរាចរណីដឹកអាចម៍ដីលក់ដ៏ដែល ហើយពេលរាំងភ្លៀងហុយធូលីដីលើផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ប៉ះពាល់ដល់សុខភាពកូនចៅ ដោយក្រុមហ៊ុនអត់ស្រោចទឹក ។ ពេលភ្លៀង ត្រូវទឹកជន់លេចផ្លូវរថយន្តរាប់សិបគ្រឿងបើកបរលើផ្លូវបណ្តាលឲ្យស្រុតក្លាយជារណ្តៅ បែកល្បាប់ រអិលពិបាកធ្វើដំណើរយ៉ាង​ខ្លាំង ។ ​អ្នកស្រុកបានប្រកាសថា មានក្រុមហ៊ុនចំនួន០៣ គឺ៖ ក្រុមហ៊ុនឈ្មោះ ហែម សាមន ក្រុមហ៊ុនឈ្មោះភណ្ឌ័ ក្រោមការចាត់ចែងរបស់មន្ត្រីយោធាពាក់ផ្កាយ១ម្នាក់។

ប្រភពបន្តថា ការជីករណ្តៅដីយកអាចម៍ដីលក់នេះ គឺជីកខុសបទដ្ឋានបច្ចេកទេស ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសក្រុមធ្វើអាជីវកម្មជីករណ្តៅដី ទាំង០៣ក្រុមហ៊ុនបានយកគ្រឿងចក្របន្លំជីកយកអាចម៍ដីចូលលើដីស្រែរបស់ប្រជាពលរដ្ឋថែមទៀតផង។ ទើបប្រជាពលរដ្ឋសូមអំពាវនាវរកកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តស្វាយរៀង និងស្ថាប័នជំនាញមេត្តាចុះពិនិត្យដោះស្រាយករណីនេះផង។

ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់បាវិតបានចោទប្រកាន់ថា លោក យោធាផ្កាយ១ ម្នាក់បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយថ្នាក់ដឹកនាំក្រុងបាវិត បាននិងកំពុងកាយដីទួលជិតមាត់ព្រែក ដោយយក​លេសថា មានច្បាប់ស្តារព្រែកតាពៅ ដើម្បីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ រំដោះទឹកចេញពីក្រុងបាវិតនិងទប់ទឹកឲ្យប្រជាពលរដ្ឋតាមដងព្រែកយកទឹកធ្វើកសិកម្ម តាមពិតគឺជីកដីទួលយកអាចម៍ដីលក់ទៅឲ្យឈ្មួញឯកជន ។ហើយនេះគឺជាការធ្វើជាអាជីវកម្មសុទ្ធសាធដោយ ប្រជាពលរដ្ខដាក់ការសង្ស័យថា មាន ការពាក់ព័ន្ធជាមួយលោកអភិបាលរងក្រុងបាវិតម្នាក់ ផងដែរ។ ប្រជាពលរដ្ឋបានលើកឡើងថា រថយន្តដឹកអាចម៍ដីទាំងនោះបើកល្បឿនលឿន បង្កឲ្យហុយធូលីដីហើយមានហានីភ័យគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរតាមដងផ្លូវទៀតផង។

ប្រជាពលរដ្ឋបានឲ្យដឹងថា អាចម៍ដីនោះបានដឹកយកទៅលក់ឲ្យម្ចាស់កាស៊ីណូ ក្នុង១ឡានធំ តម្លៃ ១៧ដុល្លារទៅ២០ដុល្លារ, ឡានតូច ៧ដុល្លារទៅ១០ដុល្លារក្នុង១ឡាន តែមិនដឹងលុយទាំងនោះបានចូលក្នុងថវិកាជាតិឬយ៉ាងណានោះទេ ។ ប្រជាពលរដ្ឋក៏បានត្អូញត្អែរទៀតថា ការយកអាចម៍ដីមាត់ព្រែកតាពៅនេះ មិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសហើយ គឺជីកកន្លែងណាដែលមានដីទីទួលខ្ពស់មានអាចម៍ដីច្រើន ហើយជីកដីដូច រន្ធបាយ ខុំ គ្មានជើងទេ គ្មានរង្វាស់ខ្នាតត្រឹមត្រូវ។ កន្លងថ្មីៗក្រុមអ្នករកស៊ីជីករណ្ដៅដីបានជីករំលោភលើដីស្រែរបស់ប្រជាពលរដ្ឋដែលនៅក្បែរខាងនោះទៀត​ផង។ ដូច្នេះប្រជាពលរដ្ឋសូមអំពាវនាវដល់លោក ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង និង
ស្ថាប័នជំនាញពាក់ព័ន្ធមេត្តាចុះពិនិត្យដោះស្រាយដោយក្តីអនុគ្រោះ។

ទាក់ទិនករណីនេះដែរ លោករតនា ហៅឌឿក មន្រ្តីយោធាឋានន្តរសក្តិឧត្តមសេនីត្រី បានបំភ្លឺប្រាប់អ្នកសារព័ត៌មានយើងថា លោកសូមបដិសេធន៍ ពាក្យប្រជាពលរដ្ឋបានចោទប្រកាន់ថា លោកកាងរថយន្តដឹកអាចម៍ដីបំផ្លាញផ្លូវសាធារណៈ លោកបានបញ្ជាក់ថា ការពិតមានក្រុមហ៊ុនចំនួន០៣ បានកំពុងដឹកដីធ្វើចរាចរណ៍លើដងផ្លូវក្នុងភូមិសាស្ត្រក្រុងបាវិត បានធ្វើឲ្យខូចផ្លូវពិតប្រាកដមែន ។

ចំពោះក្រុមហ៊ុនលោកបានធ្វើកិច្ចសន្យាជាមួយរដ្ឋបាលក្រុងបាវិត បើស្រុតខូចផ្លូវលោកនិងជួសជុលឡើងវិញ និងស្រោចទឹកនៅពេលរដូវក្តៅ ក៏ប៉ុន្តែក្រុមហ៊ុនចំនួន០២ទៀត បានដឹកអាចម៍ដីធ្វើចារាចរណ៍លើផ្លូវនេះដែរ អត់បានសុំច្បាប់និងធ្វើកិច្ចសន្យា ស្រោចទឹក និងជួសជុលផ្លូវឡើងវិញពេលផ្លូវស្រុតខូច ។

លោករតនាបន្តទៀតថា ពេលប្រជាពលរដ្ឋប្តឹងទៅលោកចៅសង្កាត់បាវិតឲ្យដោះស្រាយ លោកចៅសង្កាត់ដោះស្រាយមិនបានលោកបានប្តឹងទៅលោកអភិបាលក្រុងបាវិតឲ្យដោះស្រាយលោកមិនអាចជួសជុលផ្លូវតែម្នាក់ឯងបានទេ ម្យ៉ាងលោកបានផ្អាកសកម្មភាព ហើយក្រុមហ៊ុន០២ទៀតនៅធ្វើសកម្មភាព លោកអភិបាលរងក្រុងបាវិតបានហៅក្រុមហ៊ុន០២នោះ(ក្រុមហ៊ុនឈ្មោះហែមសាមាននិងឈ្មោះភណ្ឌ័ ) ឲ្យមកធ្វើកិច្ចសន្យាជួសជុលផ្លូវឡើងវិញ ក៏ប៉ុន្តែក្រុមហ៊ុនទាំងពីរ​មិនព្រមចូលមកធ្វើកិច្ចសន្យាថ្នល់ស្រុតខូចបែកល្បាប់រអិល​ពិបាកធ្វើដំណើរ ទើបប្រជាពលរដ្ឋប្តឹង បែរ​ចោទប្រកាន់មកលើរូបលោកទៅវិញ។

ទាក់ទិនករណីនេះ មិនអាចរកការបំភ្លឺពីលោកអភិបាលក្រុងបាវិតបានទេរហូតមកដល់រសៀលថ្ងៃទី៥ វិច្ឆិកានេះ ។ ហើយចំណែកក្រុមហ៊ុន​លោកហែម សាមាន និងលោកភណ្ឌ័ ក៏មិនអាចទំនាក់ទំនងបានទេ ​។​

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ