រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ: បានបញ្ជាក់ឲ្យដឹងថា រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីក្មេងទំនើ.ងទូទាំងប្រទេស នៅតែបន្តមានសភាពស្ងប់ស្ងាត់ល្អ ពោល គឺមានចំនួនកើតឡើងតែជាង១០ករណីប៉ុណ្ណោះ និងជាលក្ខណៈទ្រង់ទ្រាយតូចតាចទៀតផង ។
យោងតាមបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកស្ថានភាពនេះថា ជាផលកើតចេញពីការដាក់ចេញវិធានការណ៍ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំអនុវត្តយ៉ាងហ្មត់ចត់ ។
ជាមួយគ្នានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា លទ្ធផលនេះក៏កើតចេញពីការប្រតិបត្តិយ៉ាងសកម្មមិនខ្លាចនឿយហត់របស់អាជ្ញាធរ និងកងកម្លាំងគ្រប់មូលដ្ឋាន រួមទាំងការចូលរួមអប់រំណែនាំពីគ្រប់តួអង្គក្នុងសង្គម ព្រមទាំងការយល់ដឹងកាន់តែច្រើនជាងមុនពីសំណាក់ក្រុមយុវជន អំពីផលវិបាកនៃការបង្កសម្មភាពទំនើ.ងក្នុងសង្គម ។
គួរកត់សម្គាល់ថា ពីដើមឡើយជំនួសឱ្យពាក្យក្មេងទំនើ.ងចាស់ៗឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គមដោយពាក្យ ក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូងជាដើម ។ តែបច្ចុប្បន្នពាក្យ «ក្មេងទំនើ.ង» ត្រូវបានរាជរដ្ឋាភិបាលកំណត់ប្រើជាផ្លូវការក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។
សូមជម្រាបថា នាឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ កាលពីពេលកន្លងមកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងបន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើ.ងនៅតាមសហគមន៍ ដោយផ្ដល់អនុសាសន៍ថា ក្នុងករណីចាំបាច់គួរយកពួកគេឱ្យទៅមើលពន្ធនាគារ ឬមណ្ឌលអប់រំ ក្នុងន័យដាស់តឿនឱ្យកែប្រែសកម្មភាព បើមិនចង់ជាប់ឃុំ ៕
ចែករំលែកព័តមាននេះ