ទីក្រុងសេអ៊ូល៖ តាំងពីព្រឹកព្រលឹមថ្ងៃអង្គារនេះ កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលរបស់ខ្លួនប្រភេទមីស៊ីលផ្លោង ឬបលលីសស្ទីក (ballistic) ដែលគេមិនទាន់កំណត់ភិនភាគបាននៅឡើយទេសំដៅទៅសមុទ្រខាងកើតនៃឧបទ្វីបកូរ៉េ។ នេះបើយោងតាមការប្រកាសរបស់អ្នកនាំពាក្យអគ្គសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូង។

រដ្ឋាភិបាលជប៉ុនក៏អះអាងដូចគ្នាដែរថាកូរ៉េខាងជើងបានបាញ់ប្រភេទមីស៊ីលផ្លោងពិតប្រាកដមែន។ ឆ្មាំការពារដែនសមុទ្រជប៉ុនថ្លែងថា «គ្រាប់មីស៊ីលដែលត្រូវគេជឿជាក់ថាជាមីស៊ីលផ្លោងដែលបាញ់ដោយកូរ៉េខាងជើងនោះបានធ្លាក់ទៅលើគោលដៅចុងក្រោយរបស់វាហើយ»។ ដោយឡែក ទូរទស្សន៍អឹនអេចខេ (NHK) របស់ជប៉ុនផ្សាយថាគ្រាប់មីស៊ីលនោះទំនងជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ មានន័យថាគ្មានប៉ះពាល់ចំពោះផលប្រយោជន៍ជាតិរបស់ជប៉ុនទេ។

ការបាញ់មីស៊ីលលើកនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរបបក្រុងព្យុងយ៉ាងធ្វើតេស្តគ្រាប់មីស៊ីលអន្តរទ្វីបខ្នាតធំបំផុតរបស់ខ្លួនដែលជាមីស៊ីលផ្លោងប្រើប្រាស់ឥន្ធនៈរឹង។ គេគិតថាមីស៊ីលនេះអាចបាញ់ដល់គ្រប់ទិសទីទូទាំងប្រទេសអាមេរិកព្រោះវាអាចហោះបានកម្ពស់៧ពាន់គីឡូម៉ែត្រទៅលើមេឃ និងហោះហើរជ្រែកដែនអាកាសរហូតដល់រយៈពេល៨៧នាទី។

ការបាញ់មីស៊ីលកាលពីព្រឹកមិញក៏ធ្វើឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ និងក្រឡុកស្ថានការណ៍ពិភពលោកមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាមេរិកនៅយប់នេះ។ កូរ៉េខាងជើងអាចនឹងមានបំណងបង្ហាញថានៅពេលគណបក្សប្រជាធិបតេយ្យបន្តកាន់អំណាច ពិភពលោកនឹងជួបនឹងរឿងរញ៉េរញ៉ៃ ច្របូកច្របល់ គ្មាននរណាស្ដាប់នរណាទេ។

នៅថ្ងៃអង្គារដដែលនេះ ទូរទស្សន៍កូរ៉េខាងជើងបានផ្សព្វអំពីសារនយោបាយរបស់ប្អូនស្រីលោកគីមជុងអ៊ុន គឺលោកស្រីគីមយូជុង (Kim Yo Jong)ដែលជាស្ត្រីមានឥទ្ធិពលផុតលេខនៅកូរ៉េខាងជើង។ លោកស្រីរិះគន់ការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុនដែលលោកស្រីចាត់ទុកជាការគំរាមកំហែងសម្រាប់របបក្រុងព្យុងយ៉ាង។ ដូច្នេះ លោកស្រីចាត់ទុកថាវាជារឿងត្រឹមត្រូវ និងសមហេតុផលបំផុតដែលរបបក្រុងព្យុងយ៉ាងបន្តស្រាវជ្រាវ និងផលិតអាវុធនុយក្លេអ៊ែរ។

នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀតនៅទីក្រុងញូយ៉កដែលជាទីកន្លែងតាំងនៅនៃអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងថ្លែងថារដ្ឋាភិបាលរបស់ខ្លួននឹងខិតខំផលិតអាវុធនុយក្លេអ៊ែរដើម្បីស្តុកទុកនៅក្នុងឃ្លាំងឱ្យបានច្រើនដើម្បីទុកទប់ទល់ជាមួយបណ្ដារដ្ឋទាំងឡាយណាដែលជាបច្ចាមិត្តនឹងគ្នា ហើយដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃដូចគ្នា។

ការថ្លែងដូច្នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលកោះប្រជុំដើម្បីសម្ដែងការព្រួយបារម្ភចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការថ្លែងដូច្នេះក៏ធ្វើឡើងស្របពេលដែលអាមេរិក និងកូរ៉េខាងត្បូងព្រមានថាវត្តមានកងទ័ពកូរ៉េខាងជើងជិត៨ពាន់នាក់ដែលបញ្ជូនទៅធ្វើសង្គ្រាមនៅតំបន់ខឺសបើអាវុធរបស់អ៊ុយក្រែន និងក្រុមសម្ព័ន្ធមិត្តលោកខាងលិចបាញ់សម្លាប់កុំថាអីថាវ៉ាន់ព្រោះអ្នកឯងជាអ្នកបញ្ជូនទ័ពទៅជួយខាងពួកសត្រូវរបស់អ៊ុយក្រែន។ ដូច្នេះអ៊ុយក្រែនសូមសិទ្ធិដាក់ហើយ កុំបន្ទោសគ្នាធ្វើអី។

នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដដែលនោះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងនិយាយការពារទង្វើរបស់រដ្ឋាភិបាលខ្លួនថាដោយសារអាមេរិកគំរាមកំហែងផ្នែកនុយក្លេអ៊ែរទៅលើរបបក្រុងព្យុងយ៉ាងដល់កម្រិតធ្ងន់ធ្ងរបំផុតដែលព្យុងយ៉ាងមិនអាចស៊ូទ្រាំតទៅទៀតបានឡើយ។ ដូច្នេះ ជម្រើសដ៏សមស្របតែ១គត់គឺខិតខំផលិតអាវុធនុយក្លេអ៊ែរស្តុកទុកនៅក្នុងឃ្លាំងឱ្យបានច្រើន។ លោកព្រមានជាលើកចុងក្រោយថាទង្វើខ្ជីខ្ជារបស់អាមេរិកបានរុញច្រានសភាពការណ៍ឱ្យដើរទៅដល់មាត់ជ្រោះនៃសង្គ្រាម៕
ចែករំលែកព័តមាននេះ