ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ រួមមានថ្នាក់ជាតិ ថ្នាក់ខេត្ត នឹងចុះប្រតិបត្តិការបោសសម្អាតសកម្មភាពជីករ៉ែមាសអាណាធិបតេយ្យ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ក្រោយតំបន់នេះធ្លាប់ត្រូវបានក្រសួងរ៉ែ និងថាមពល បង្ក្រាបទ្រង់ទ្រាយធំ កាលពីអំឡុង ឆ្នាំ២០១៦-២០១៧ កន្លងមក ។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា យោងតាមអង្គប្រជុំថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា មេត្តាជ្រាបថា ដោយរដ្ឋបាលខេត្តមណ្ឌលគិរី មានការសហការជាមួយក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារចម្រុះ ចុះអនុវត្ត វិធានការច្បាប់ជាធរមាន ដោយគ្មានការលើកលែង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងពាក់ព័ន្ធនឹងការប្រកបរបរធ្វើរ៉ែមាស តាមរូបភាពផ្សេងៗដូចជា ៖ កកាយ ចោះ កាត់បំផ្លាញបេតុងគំរបរណ្តៅរ៉ែ ជីក កិន រ៉ែង ប្រមូលកាកសំណល់ និងរ៉ែ គ្រប់ប្រភេទ គ្រប់រូបភាព ។
ដូច្នេះសូមបងប្អូនបញ្ឈប់គ្រប់សកម្មភាពជាស្ថាពរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសូមបងប្អូន ដែលមានទីតាំងពាក់ព័ន្ធជាមួយករណីខាងលើនេះ មេត្តារុះរើប្រមូលសម្ភារៈទាំងឡាយណា ដែលមិនបម្រើឱ្យបទល្មើរ៉ែមាស ដោយខ្លួនឯងផ្ទាល់ តាមដែលអាចធ្វើទៅបាន ។ ក្នុងករណីមិនព្រមអនុវត្ត ក្រុមការងារ នឹងយកឧបករណ៍ កម្លាំងចុះរុះរើ សម្អាត ដើម្បីលុបបំបាត់សកម្មភាពអនាធិបតេយ្យរ៉ែមាស ដែលបានប្រើប្រាស់សារធាតុគីមី គ្រឿងសារធាតុផ្ទុះ បង្កគ្រោះថ្នាក់ដល់សុខភាព មនុស្ស សត្វ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីតាំងទាំងនេះ ។
ក្នុងលិខិតដដែល ក៏បានបញ្ជាក់ថា ក្រុមការងារមិនអនុគ្រោះ មិនលើកលែង ចំពោះបុគ្គលបានប្រព្រឹត្តប៉ះពាល់លើទីតាំងរណ្តៅ ដែលបានចាក់បេតុងបិទគម្រប និងទីតាំងហាមឃាត់ផ្សេងៗទៀត ព្រោះវាបានរំលោភបំពានគោលការណ៍ វិធាន និងច្បាប់ ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្តកន្លងមក ដើម្បីកែប្រែតំបន់នេះឱ្យមានបរិស្ថានប្រសើរឡើងវិញ ។
រដ្ឋបាលខេត្តមណ្ឌលគិរី មានជំនឿប្រកបដោយសុទិដ្ឋិនិយម ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះតទៅ ។
សេចក្តីរាយការណ៏ ដែលកោះសន្តិភាពទទួលបានពីប្រជាពលរដ្ឋនៅតំបន់ឃុំចុងផ្លាស់ បាននិយាយថា ជិត១០ឆ្នាំមកហើយ នៅទីនេះ(ចុងផ្លាស់) បានស្ងប់ស្ងាត់ គ្មានសកម្មភាពជីកកកាយរកមាសទេ តែមានអ្នកភូមិខ្លះ បានយកថ្មសំណល់ចាស់ៗ (ទម្លាប់អ្នកស្រុកហៅថា ថ្មអេតចាយ) ទៅកិនគ្រាន់បានកម្ទេចមាសលក់ចិញ្ចឹមជីវិត ។ តែទោះជាយ៉ាងណា កន្លងមក ក៏មានព័ត៌មានទាក់ទិនអ្នកភូមិខ្លះ បានលួចគាល់គម្របបេតុង ដែលសមត្ថកិច្ច និងមន្ត្រីជំនាញ បានឃ្លុំបេលើមាត់អណ្តូងរ៉ែ ដើម្បីជីកគាល់រកមាស ហើយករណីខ្លះ ក៏មានបណ្តាលឲ្យអ្នកទាំងនោះជួបគ្រោះថ្នាក់ក្នុងរណ្តៅរ៉ែ ផងដែរ ៕
ចែករំលែកព័តមាននេះ