ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​​លេប​ត្របាក់​ផ្សា​របឹង​ឈូក​ជាន់​ទី​១​ អស់​ជិត​១៥០​តូប​

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖  តូប​លក់ដូរ​យ៉ាងតិច​ជិត​១៥០​តូប​នៅ​លើ​ផ្សារ ​«​បឹង​ឈូក​»​ជាន់​ទី​១ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​បេះដូង ក្រុង​បាត់ដំបង ត្រូវ​អគ្គិ​ភ័យ​ដែល​គេ​មិន​ទាន់​ដឹង​មូលហេតុ​លេប​ត្របាក់​យក​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៣ វិច្ឆិកា ដែល​ធ្វើ​ឲ្យ​អាជីវករ​ខាតបង់​ម្នាក់​ៗ​រាប់​ម៉ឺន​ដុល្លារ…

ខេត្តបាត់ដំបង ​៖  តូប​លក់ដូរ​យ៉ាងតិច​ជិត​១៥០​តូប​នៅ​លើ​ផ្សារ ​«​បឹង​ឈូក​»​ជាន់​ទី​១ ដែល​ស្ថិត​នៅ
​ចំ​កណ្ដាល​បេះដូង ក្រុង​បាត់ដំបង ត្រូវ​អគ្គិ​ភ័យ​ដែល​គេ​មិន​ទាន់​ដឹង​មូលហេតុ​លេប​ត្របាក់​យក​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៣ វិច្ឆិកា ដែល​ធ្វើ​ឲ្យ​អាជីវករ​ខាតបង់​ម្នាក់​ៗ​រាប់​ម៉ឺន​ដុល្លារ តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ​។

​យោង​តាម​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា  អគ្គិ​ភ័យ​ដ៏​កាច​សាហាវ​នេះ បាន​ឆាបឆេះ​ផ្នែក​ខាងលើ​នៃ​អគារ​ផ្សារ​បឹង​ឈូក (​ជាន់​ទី​១) ដែល​ភាគច្រើន​នៃ​ទំនិញ គឺ​លក់​ក្រណាត់​ និង​សម្លៀក​បំពាក់ ​។ អភិបាលក្រុង​បាត់ដំបង លោក លាង វាសនា បាន​ផ្ដល់​ព័​ត៏​មាន​បឋម​ដែរ​ថា តូប​លក់ដូរ​នៅ​ជាន់​ទី​១ ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​មាន​ចំនួន​១៤៥​តូប ក្នុង​ចំណោម​តូប​សរុប​១៤៨​តូប  រីឯ​ចំនួន​០៣​តូប​ទៀត​រង​ផល​ប៉ះពាល់​។

ប៉ុន្តែ​លោក​អភិបាលក្រុង​រូប​នេះ មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អ​គ្គិភ័យ​នេះ​កើតឡើង​ទេ​ ។ ​នៅ​កន្លែង​កើតហេតុ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បាន​ចេញ​ជួយ​អន្តរា​គម​ន៍​ជួយ​លី​សែង​ជញ្ជូន​អីវ៉ាន់​របស់​អាជីវករ​រំដោះ​ចេញពី​តូប​លក់ដូរ​ផ្នែក​ខាងក្រោម​នៃ​អគារ​ផ្សារ ខណៈ​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​យ៉ាងតិច​ចំនួន​១២​គ្រឿង​ បាន​ឡោម​ព័ទ្ធ​ជុំវិញ​ផ្សារ​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​ពេញបន្ទុក​ ។

​ក្នុង​សកម្មភាព​យ៉ាង​សកម្ម​ជួយ​អត្តរា​គម​ន៍​​នេះ គេ​ឃើញ​កម្លាំងយោធា និង​កម្លាំង​កងរាជអាវុធហត្ថបាន​ប្រឹងប្រែង​លី​សែង​ជួយ​ជម្លៀស​ និង​ជញ្ជូន​អីវ៉ាន់​របស់​អាជីវករ​រំដោះ​ចេញ​ក្នុង​តូប​លក់ដូរ​ផ្នែក​ខាងក្រោម  ខណៈ​អគ្គិ​ភ័យ​កំពុង​តែ​ប្រឹង​លេប​ត្របាក់​តូប​ជិត​១៥០​តូប ដែល​មាន​សម្លៀក​បំពាក់ និង​ក្រណាត់​នៅ​ផ្នែក​ខាងលើ​ ។

​អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ប្រាប់​ថា  ស្ទើរ​ពេញ​មួយ​យប់​កម្លាំង​សមត្ថកិច្ច​បាន​ហ៊ុម​​ព័ទ្ធ​អគារ​ផ្សារ (​យាម​) ដើម្បី​រង់​ចាំ​គណៈកម្មការ​ត្រូ​ត​ពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា​ ។  ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិ​ភ័យ​ដ៏​កាច​សាហាវ​នេះ​ទេ ​។

​ពាក់ព័ន្ធ​នឹង​អគ្គិ​​ភ័យ​ឆេះ​ផ្សា​របឹង​ឈូក​ទាំង​កណ្ដាល​យប់​នេះ បើ​តាម​សាក្សី​រស់នៅ​ក្បែរ​ផ្សា​របឹង​ឈូក បាន​និយាយ​ថា គេ​ឃើញ​អគ្គិ​ភ័យ​ចាប់ផ្ដើម​ឆេះ​នៅ​ចំពាក់​កណ្ដាល​តួរ​ផ្សារ​ជាន់​លើ​ផ្នែក​ខាងជើង​ ។ ពេល​នោះ​គេ​ឮ​សម្លេង​ផ្ទះ​ផូងផាង ហើយ​អណ្ដា​ល​ភ្លើង​ហក់​ឡើង​កាន់​ខ្លាំង ឆេះ​រាលដាល​យ៉ាង​លឿន ពាសពេញ​ក្នុង​អគារ​ផ្សារ​ជាន់​ទី​១ ​។

​សាក្សី​ខ្លះ​អះអាង​ថា អ​គ្គិ​ភ័យ​នេះ​អាច​បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី ខណៈ​មន្ត្រី​ជំនាញ​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​នៅឡើយ​ទេ​ ។  អ្នក​លក់ដូរ​ក្នុង​ផ្សា​របឹង​ឈូក​បាន​និយាយ​ដែរ​ថា ជា​ធម្មតា​ផ្សា​របឹង​ឈូក​ត្រូវ​បិទទ្វារ​នៅ​ម៉ោង​៧​យប់ ហើយ​ប្រព័ន្ធ​ភ្លើង​ក៏​ត្រូវ​បិទ​ដែរ តែ​គេ​មិនដឹង​យ៉ាងម៉េច​បានជា​មាន​អគ្គិភ័យ​កើតឡើង​យ៉ាង​សាហាវ​បែប​នេះ ?​ ដោយឡែក ​បើ​និយាយ​ពី​ទំនិញ​នៅ​ក្នុង​តូប​លក់ដូរ​របស់​អាជីវករ​ដែល​ត្រូវ​ភ្លើង​ឆេះ​វិញ ​គឺ​អស់ទាំង​ស្រុង​តែ​ម្ដង ​។  ហើយ​ទំនិញ​ភាគច្រើន​ជា​សម្លៀក​បំពាក់ និង ក្រណាត់ ដែល​ម្នាក់​ៗ​ខាត់​បង់អស់​រាប់​ម៉ឺន​ដុល្លា​រ ។

​បើ​តាម​ប្រភព​ព័​ត៏​មាន​នៅ​កន្លែង​កើតហេតុ អាជីវករ​ខ្លះ​ទើប​ខ្ចី​លុយ​ធនាគារ​រាប់​ម៉ឺន​ដុល្លារទិញ​អីវ៉ាន់​ចូល​ស្ដុ​ប​ទើបបាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ ។ របាយ​ការ​ណ៍​​បឋម​របស់​ការិយាល័យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា  រថយន្ត​ពន្លត់អគ្គិ​ភ័យ​សរុប​ចំនួន​១២​គ្រឿង​បាន​ចូល​ជួយ​អន្តរា​គម​ន៍​បាញ់​ទឹក​ពន្លត់ តែ​ដោយសារ​អីវ៉ាន់​ភាគច្រើន​ជា​ក្រណាត់ ទើបត្រូវ​ចំណាយ​ទឹក​ច្រើន​រហូត​ដល់​ទៅ១២រថយន្ត ទើប​សន្ទុះ​ភ្លើង​ថមថយ តែ​អីវ៉ាន់​ត្រូវ​ខូចខាត​ទាំងស្រុង​ ។

​លោក លាង វាសនា អភិបាលក្រុង​បាត់ដំបង​បាន​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា នេះ​ យើង​មិន​ទាន​អាច​វាយតំលៃ​ពី​ការ​ខូចខាត​បាន​នៅឡើយ​ទេ​ ។  ព្រោះ​យើង​កំពុង​ប្រជុំ​បង្កើត​គណៈកម្មការ ដើម្បី​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ផ្ទាល់  និង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិ​ភ័យ​នេះ​កើតឡើង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ