ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Bank ៖ តម្លៃប្រេងឥន្ធនៈ និងអាហារនឹងធ្លាក់ចុះ ព្រោះការប្រែប្រួលទីផ្សារប្រេងឆៅ

3 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ ធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ និងអាហារនឹងធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយសារតែការកើនឡើងផលិតកម្មប្រេងលើសតម្រូវការ…

សហរដ្ឋអាមេរិក ៖ ធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈ និងអាហារនឹងធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយសារតែការកើនឡើងផលិតកម្មប្រេងលើសតម្រូវការ ផ្តល់ក្តីសង្ឃឹមដល់អ្នកប្រើប្រាស់ថា សម្ពាធនៃការចំណាយក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ អាចចាប់ផ្តើមធូរស្រាលហើយ។

ការវិភាគរបស់ធនាគារពិភពលោកបានរកឃើញថា និន្នាការធ្លាក់ចុះនៃតម្លៃប្រេងនៅឆ្នាំនេះ បណ្តាលមកពីការកើនឡើងនៃផលិតកម្ម ផ្សំជាមួយនឹងការធ្លាក់ចុះតម្រូវការនៅក្នុងប្រទេសចិន និងការផ្លាស់ប្តូរទៅជាថាមពលស្អាត បើទោះបីជាជម្លោះនៅតំបន់មជ្ឈិមបូព៌ាកាន់តែអាក្រក់ទៅៗ យ៉ាងណាក៏ដោយ។ ធនាគារពិភពលោកបានព្យាករណ៍ថា ការផ្គត់ផ្គង់ប្រេងពិភពលោកនឹងលើសពីតម្រូវការជាមធ្យម ១.២លានបារ៉ែលក្នុងមួយថ្ងៃ ដោយជំរុញឱ្យតម្លៃធ្លាក់ចុះជាមធ្យមពី ៨០ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងឆៅ Brent នៅឆ្នាំនេះ មកត្រឹម ៧៣ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំ ២០២៥ និងបន្តធ្លាក់នៅ ៧២ដុល្លារនៅឆ្នាំ ២០២៦ ។

ធនាគារពិភពលោកបានគូសបញ្ជាក់ថា ផលប៉ះពាល់នៃការធ្លាក់ចុះតម្លៃប្រេង នឹងជំរុញឱ្យតម្លៃមធ្យមនៃទំនិញសកល រួមទាំងអាហារ និងលោហៈធាតុធ្លាក់ចុះមកនៅកម្រិតទាបក្នុងរយៈពេល៥ឆ្នាំ។ ហើយចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ តម្លៃទំនិញសកលត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះជិត ១០% ។ អង្គការអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានអះអាងក្នុងទស្សនវិស័យទីផ្សារទំនិញចុងក្រោយបង្អស់របស់ខ្លួនថា តម្លៃអាហារពិភពលោកត្រូវបានកំណត់ថានឹងធ្លាក់ចុះ ៩% នៅឆ្នាំនេះ និង ៤% ទៀតនៅឆ្នាំ ២០២៥ មុនពេលបន្តធ្លាក់ចុះនៅឆ្នាំបន្ទាប់។ របាយការណ៍បានបន្ថែមថា ទោះបីជាយ៉ាងនេះក្តី តម្លៃទំនិញជារួមនឹងនៅតែខ្ពស់ជាង ៣០% ធៀបនឹងរយៈពេល៥ឆ្នាំ មុនពេលវិបត្តិកូវីដចូលដល់ឆ្នាំ ២០២០។

របាយការណ៍នេះនឹងផ្តល់ការលួងចិត្តដល់ធនាគារកណ្តាលដែលព្រួយបារម្ភអំពីឥទ្ធិពល នៃការកើនឡើងតម្លៃអតិផរណាជាមធ្យម ដែលអនុញ្ញាតឱ្យពួកគេកាត់បន្ថយអត្រាការប្រាក់ក្នុងល្បឿនលឿនជាងការរំពឹងទុកពីមុន។ ស្របពេលប្រទេសស្វែងរកការបង្កើនប្រាក់ចំណូលពន្ធបន្ថែមពីការលក់ប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតក៏ធូរចិត្តផងដែរ។

ធនាគារពិភពលោកបានរំពឹងថា ការផ្គត់ផ្គង់ប្រេងលើសតម្រូវការនៅឆ្នាំ ២០២៥ នឹងឆ្លុះបញ្ចាំងមួយផ្នែកពីការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងប្រទេសចិន ព្រោះតម្រូវការនៅទីនោះបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០២៣ ចំពេលមានការធ្លាក់ចុះនៃផលិតកម្ម ឧស្សាហកម្ម និងការកើនឡើងការលក់រថយន្តអគ្គិសនី និងរថយន្តដឹកទំនិញប្រើឧស្ម័នធម្មជាតិរាវ (LNG)។

អង្គការក្រុមនៃប្រទេសនាំចេញប្រេងអូពិច (OPEC) ដែលរួមមាន អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងវេណេហ្ស៊ុយអេឡា បានរក្សាការផ្គត់ផ្គង់ បើទោះបីជាមានការធ្លាក់ចុះតម្រូវការក៏ដោយ ប៉ុន្តែការកាត់បន្ថយផលិតកម្មទំនងជាមិនប៉ះពាល់ដល់ការកើនឡើងតម្លៃនោះទេ។ ចំណែកប្រទេសផលិតប្រេងផ្សេងទៀត មួយចំនួននៃពួកគេភ្ជាប់ទៅនឹងអង្គការអូពិច ស្ថិតក្នុងក្រុមអូពិចបូក (OPEC+) ទំនងជានឹងបង្កើនការនាំចេញប្រេង ដើម្បីបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួន៕ ប្រភព ៖ The Guardian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ