ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​២៥​នាក់​ក្នុង​ចំណោម​ជាង​១​ពាន់​ឡើងតុលាការ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤​បាន​ចាប់​បញ្ជូន​ជនបរទេស​ភាគច្រើន​ជា​ជនជាតិ​ចិន​ប្រមាណ​២៥​នាក់ មក​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​ល្បែង​អន​ឡាញ​ខុសច្បាប់ ក្រោយ​ការ​បង្ក្រាប​នៅ​ទីតាំង​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៤​បាន​ចាប់​បញ្ជូន​ជនបរទេស​ភាគច្រើន​ជា​ជនជាតិ​ចិន​ប្រមាណ​២៥​នាក់ មក​កាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​ល្បែង​អន​ឡាញ​ខុសច្បាប់ ក្រោយ​ការ​បង្ក្រាប​នៅ​ទីតាំង​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​នៅ​ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

រថយន្ត​ទូ​រី​ស​ប្រភេទ​៣៥​កៅអី មួយ​គ្រឿង បិទ​កញ្ចក់​ខ្មៅ បាន​អមដំណើរ​ដោយ​សមត្ថកិច្ច ឯក​សណ្ឋាន​ឈុត​ខ្មៅ ជិះ​ម៉ូតូ​តាម​ពីក្រោយ​បាន​នាំ​ជនសង្ស័យ​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នេះ​បាន​និង​កំពុង​នៅ​ដំណាក់កាល​ស៊ើបសួរ​ពី​តំណាង​អយ្យការ​នៅឡើយ​ទេ ។ សង្ឃឹមថា នៅ​ក្រោយ​ពេល​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ចប់​សព្វគ្រប់ ស្ថាប័ន​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពិតជា​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ​ចំពោះ​ករណី​មួយ​នេះ​ជាក់​ជា​មិន​ខាន សម្រាប់​សាធារណជន​បាន​ជ្រាប​ជា​ផ្លូវការ​កុំឱ្យ​មហាជន​នៅ​ឆ្ងល់ ។

ការ​ចាប់ខ្លួន​ជនបរទេស​ដែល​ភាគច្រើន​សង្ស័យ​ជា​ជនជាតិ​ចិន​នេះ មិន​មានការ​ផ្តល់​ព័ត៌មាន​ណាមួយ​ជុំវិញ​នីតិវិធី​ថា ក្នុង​ចំណោម​ជន​ដែល​ចាប់ខ្លួន​មុន​នេះ​ជាង ១០០០​នាក់ តើ​មានការ​អនុវត្ត​នីតិវិធី​បែប​ណា​នៅឡើយ​ទេ ។

មុន​នេះ​គ្មាន​នរណា​ស្មាន​ដល់​នោះ​ទេ ពី​កន្លែង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយ​ដែល​គេ​ហៅ​ជា​ពាក្យ​សាមញ្ញ​ថា «​គីឡូ​៣២» ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ល្បែង​ដ៏​ធំ​មួយ​កន្លែង​នេះ ដែល​តាម​សេចក្ដីរាយការណ៍​ថា បាន​ធ្វើការ​ឃាត់ខ្លួន​ជនបរទេស​បាន​ប្រមាណ​ជាង​១០០០​នាក់ ។ ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​នេះ ស្ថិត​ក្នុងភូមិ​ដើម​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​បង្ក្រាប​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បានឱ្យ​ដឹង​ថា ទីតាំង​ល្បែង​ដ៏​ធំ​ដែល​សមត្ថកិច្ច​ក្រសួង​ឆ្មក់​បង្ក្រាប ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ ដែល​មាន​កម្លាំង​ប្រតិបត្តិការ​ឡោម​ព័ទ្ធ​ប្រមាណ​ជិត​២០០​នាក់ ។ ទីតាំង​អន​ឡាញ​ដ៏​ធំ​នេះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៣២-៣៣ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​អន​ឡាញ​ដ៏​ធំ​ខាងលើ ជ្រក​ក្នុង​រូបភាព​ជា​រោងចក្រ​ផលិត​ដំណាប់​ស្វាយ តែ​បាន​បើក​លេងល្បែង​អន​ឡាញ​នេះ​យូរ​ឆ្នាំ​មក​ហើយ ក្រោម​ការ​យាមកាម​យ៉ាង​តឹង​រឹង​ពី​ក្រុម​សន្តិសុខ ។ ទីតាំង​នេះ​ដែរ គេ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ឈប់ ឬ​ចត​រថយន្ត​ក្បែរ​នោះ​ឡើយ ហើយ​ប្រសិនជា​មានការ​ឈប់​ឬ​ចត គឺ​មាន​សន្តិសុខ​កាច​ៗ​មក​ដេញ​ចេញ​ភ្លាម ។

តាម​ប្រភព​ដែល​អាច​ទុកចិត្ត​ខ្លះ​ទៀត ក៏​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា កុំ​ថា​ឡើយ​ប្រជាពលរដ្ឋ សូ​ម្បី​សមត្ថកិច្ច​មូលដ្ឋាន​ក៏​មិន​អាច​ទៅ​ក្បែរ​នោះ​បាន​ដែរ គេ​មិនដឹង​ថា មាន​ខ្នង​ធំ​ប៉ុណ្ណា​នោះ​ទេ ?
តាម​សេចក្ដីរាយការណ៍​ជំហាន​ដំបូង​ពី​កន្លែង​ប្រតិបត្តិការ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​នគរបាល​ជំនាញ ដឹកនាំ​ផ្ទាល់​ដោយ​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ ក៏​មានការ​ចូលរួម​ពី​កម្លាំង​អាវុធហត្ថ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ ។
បើ​តាម​សេចក្ដីរាយការណ៍​ជំហាន​ដំបូង​នៃ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន និង​កូរ៉េ សរុប​ប្រមាណ​ជាង​១.០០០​នាក់ ។

ព័ត៌មាន​ចេញពី​ប្រតិបត្តិការ​នេះ មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​លម្អិត​បែប​ណាមួយ​នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ ដោយសារ​តែ​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ប្រតិបត្តិការ​នេះ ភាគ​ច្រើន​ឆ្លើយ​ថា​រវល់ ។ នេះ​ពុំ​មែន​ជា​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ដំបូង​នោះ​ទេ បើ​គិត​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស តែបើ​គិត​ត្រឹម​ខេត្តកំពង់ស្ពឺ គឺជា​ប្រតិបត្តិការ​ធំ​មួយ ។ អ្វី​ដែល​មហាជន​ដឹង​នោះ​គឺថា ទី​តាំ​នេះ​គេ​លេង​យូរ​មក​ហើយ ខ្លះ​ហៅ​ថា​កាស៊ីណូ តែ​មិន​ស្គាល់ឈ្មោះ ខ្លះ​ហៅ​ទីតាំង​នោះ​ថា គីឡូម៉ែត្រ​លេខ​៣២ គឺ​ហៅ​តាម​បង្គោលគីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ