ព្រះវិហារយ៉ាងស្រស់ស្អាតក្នុងវត្ត«ទួលព្រះវិហារក្នុង» កសាងបាន៨០%ហើយ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ព្រះវិហារកសាងថ្មីយ៉ាងប្រណីតខុសប្លែកពីព្រះវិហារវត្តដទៃបានប្រមាណ៨០% ត្រូវបានព្រះគ្រូចៅអធិការវត្តទួលព្រះវិហារក្នុង អំពាវនាវដល់បងប្អូនពុទ្ធបរិស័ទ ឯកឧត្តមលោកជំទាវ ដែលជាសប្បុរសជនជិតឆ្ងាយ មេត្តាជួយកសាងបន្តឲ្យរួចរាល់ ព្រោះថា បច្ចុប្បន្នកំពុងខ្វះថវិកាទាំងការកសាងព្រះវិហារទាំងការកសាងវត្ត ព្រោះវត្តទើបកកើតថ្មី ។

ព្រះគ្រូចៅអធិការ វត្តទួលព្រះវិហារក្នុង ព្រះនាម ពៅ ចាន់ណារិទ្ធ មានថេរដីកាថា ទីតាំងវត្តនេះ កាលពីជិត៨ឆ្នាំមុន គ្រាន់តែជាទីទួលមានសាឡុំមួយនៅចំកណ្ដាល និងនៅលើផ្ទៃដីប្រមាណមួយហិកតាប៉ុណ្ណោះ មិនតែប៉ុណ្ណោះ គឺជាដីលិចទឹកទៀតនៅខែវស្សា ។ ចាប់តាំងពីព្រះអង្គមកគង្គនៅបានចាប់ផ្ដើមកសាងឱ្យក្លាយជាវត្ត និងបានទិញដីពង្រីកបន្ថែមម្ដងបន្តិចៗរហូតដល់បច្ចុប្បន្ន មានទំហំដីជាង៧ហិកតា និងបានចាក់ដីបំពេញបន្ថែមបានជាង៣ហិកតា នៅខ្វះជាង៣ហិកតាទៀត។

ជាមួយគ្នានេះ បានចាប់ផ្ដើមកសាងកុដិតូចបាន១ខ្នង និងបានសង់ព្រះវិហារដែលកំពុងសាងសង់នេះ ជាព្រះវិហារប្លែកពីគេ មានកំពូល៥ និងមានសសរ១០០ ដែលកសាងបានប្រមាណ៨០% ។ លោកគ្រូចៅអធិការវត្តមានថេរដិការបន្តថា សម្រាប់ការខ្វះខាតកសាងបន្ថែម ក្រៅពីព្រះវិហារនៅខ្វះប្រមាណ ២០% គឺត្រូវចាក់ដីបំពេញជាង៣ហិកតា កសាងកុដិ សម្រាប់ព្រះសង្ឃគង្គនៅ កសាងសាលាឆាន់ និងកសាងរបងវត្តផងដែរ ។ ដោយហេតុនេះហើយ ក្នុងនាមចៅអធិការវត្ត សូរអំពាវនាវដល់ឯកឧត្តម លោកជំទាវ ពុទ្ធបរិស័ទជិតឆ្ងាយមេត្តាជួយកសាងបំពេញបន្ថែម ។

ថេរៈដិកាព្រះអង្គបន្ថែមទៀតថា នៅម្ដុំនេះ ខែវស្សាលិចទឹកអស់ជាពិសេសខែភ្ជុំបិណ្ឌ វត្តមិនសូវសម្បូរពុទ្ធបរិស័ទមកវត្តទេ ព្រោះតែលិចទឹកជុំវិញ។ ការធ្វើដំណើរមកវត្ត ត្រូវជិះទូកឬកាណូត។ដូច្នេះ អាចនិយាយបានថាវត្តមានការខ្វះខាតណាស់ដែរ ។ ក៏សូមបញ្ជាក់ដែរថា វត្តទួលព្រះវិហារក្នុង គឺស្ថិតនៅក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង៕











ចែករំលែកព័តមាននេះ