រាជធានីភ្នំពេញ ៖ សួនបាញ់ទឹកសាធារណៈ ត្រូវរដ្ឋបាលរាជធានីភ្នំពេញជួសជុលលាបថ្នាំកែលម្អ ផ្លាស់ប្ដូរអំពូលភ្លើង និងប្រព័ន្ធបញ្ជាបាញ់ទឹកស្វ័យប្រវត្តិរួចរាល់ ។ ការកែលលម្អនេះសម្រាប់បើកដំណើរការអបអរសាទរពិធីបុណ្យជាតិ ធំៗ ដូចជា ព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នានាពេល ឆាប់ៗខាងមុខ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា ដោយមានការគិតគូរពីឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំ និងបែងចែកក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ជួសជុលតុបតែងកែលម្អលាបថ្នាំ និងផ្លាស់ប្តូរអំពូលភ្លើងតួវិមានឯករាជ្យ សួនបាញ់ទឹកវិមានឯករាជ្យ សួនច្បារ សួនកម្សាន្ត សម្រាប់កុមារឱ្យមានសោភ័ណស្រស់ស្អាត និងស្រស់បំព្រង ។

ចំពោះការងារជួសជុលកែលម្អសួនទឹករួមមាន សួនបាញ់ទឹកវិមានឯករាជ្យ សួនបាញ់ទឹកមុខវត្តបទុមវតី សួនបាញ់ទឹកមុខសណ្ឋាគារឡឺរ៉ូយ៉ាល់ សួនបាញ់ទឹកនៅសួនកុមារវត្តភ្នំ និងសួននាគបាញ់ទឹក ។ ការងារជួសជុលកែលម្អ រួមមាន ដុសខាត់ស្លែ លាបថ្នាំ ជួសជុលផ្លាស់ប្ដូរអំពូលភ្លើង ក្បាលបាញ់ទឹក ទូបញ្ជាស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងភ្លើង និងឧបករណ៍សម្ភារៈភ្លើងមួយចំនួនទៀត ។

មកដល់ពេលនេះ ការងារជួសជុលកែលម្អរួចរាល់ ព្រមទាំងបើកដំណើរការចាប់ពីថ្ងៃព្រះរាជពិធីបុណ្យ ខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងនេះត
ទៅ ៕





ចែករំលែកព័តមាននេះ