រាជធានីភ្នំពេញ ៖ របាយការណ៍សិក្សាប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាល ដែលចេញផ្សាយនៅថ្ងៃនេះបាន បង្ហាញពីប្រភេទសត្វសំខាន់ៗ ដែលត្រូវបានកត់ត្រាបានចំនួន ១០៨ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ប្រភេទ ថនិកសត្វមាន ៣៨ប្រភេទ និងសត្វល្មូនមាន ៥ប្រភេទ ។
ក្នុងកំណត់ត្រារូបភាពនោះ អ្នកស្រាវជ្រាវកត់ត្រាបានផង នូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ (មំសាសី) ចុងក្រោយបង្អស់មួយនៅកម្ពុជា សត្វប្រភេទចំណី មានដូចជាសត្វជ្រូកព្រៃ និងសត្វឈ្លូសជាដើម។ ការសិក្សានេះ ក៏បានរកឃើញផងនូវប្រភេទសត្វកម្រៗដទៃទៀត រួមមាន ដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍សង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការលើការងារអភិរក្ស និងកិច្ចគាំពារបរិស្ថានធម្មជាតិថា ៖ «លទ្ធផល នៃរបាយការណ៍នេះ សបញ្ជាក់ជាថ្មីថា ព្រៃឈើកម្ពុជា មិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះ នៃភពផែនដីរបស់យើងផងដែរ ។ របាយការណ៍នេះឆ្លុះបញ្ចាំងផងពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត ពិសេសក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ» ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ៖ ការសិក្សានេះ ក៏បង្ហាញពីសារៈសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយទៀត ដែលមានឧត្តមប្រយោជន៍ និងរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តរបស់យើង ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។ ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួមរបស់យើងប៉ុណ្ណោះទេ វាគឺជាសក្ខីភាព នៃការរួមគ្នាជាធ្លុងមួយដើម្បីវឌ្ឍនភាព នៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាន នូវបរិស្ថានធម្មជាតិ៕
ចែករំលែកព័តមាននេះ