ទីក្រុងបេរូត៖ ថ្មីៗនេះ ក្រុមហេសបូឡាតែងតាំងមេដឹកនាំថ្មីរបស់ខ្លួនឈ្មោះណាអ៊ីម កាសឹម (Naim Qassem) ជំនួសលោកសាហ្វ៊ីឌីនដែលត្រូវអ៊ីស្រាអែលទម្លាក់គ្រាប់បែកសម្លាប់។ ក្រោយការតែងតាំងនេះមិនបានប៉ុន្មានផង អ៊ីស្រាអែលនិយាយលែបខាយបែបប្រមាថជីវិតរបស់មេដឹកនាំរូបនេះថាគាត់ឡើងមកកាន់អំណាចគ្មានបានប៉ុន្មានទេមុខជាស្លាប់ទៅវិញជាមិនខាន។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកហ្កាលេន (Yoav Gallant) បង្ហោះសារនយោបាយនៅលើបណ្ដាញអ៊ិចភ្ជាប់ជាមួយរូបថតរបស់លោកកាសឹមថា «ឡើងកាន់អំណាចគ្មានបានប៉ុន្មានទេចាំមើលទៅ»។ កាលពីមុននេះ ក្រុមហេសបូឡាសរសេររៀបរាប់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាក្រុមប្រឹក្សាស៊ូរ៉ា (Shura Council) បានសម្រេចបោះឆ្នោតជ្រើសរើសលោកកាសឹម វ័យ៧១ឆ្នាំ ជាមេដឹកនាំថ្មីដោយអនុលោមទៅតាមយន្តការដែលមានស្រាប់នៅក្នុងការជ្រើសរើសអគ្គលេខាធិការរបស់ខ្លួន។
កាលពីឆ្នាំ១៩៩១ លោកកាសឹមត្រូវបានជ្រើសតាំងជាអនុប្រធានក្រុមហេសបូឡាដោយលោកមូសាវី (Musawi) ដែលជាអគ្គលេខាធិការក្រុមហេសបូឡាកាលពីជំនាន់នោះ។ ១ឆ្នាំក្រោយមក មូសាវីត្រូវអ៊ីស្រាអែលបាញ់សម្លាប់នៅពេលគាត់ជិះឧទ្ធម្ភាគចក្រ។ មុខតំណែងអគ្គលេខាធិការក៏ធ្លាក់ទៅក្នុងដៃរបស់លោកកាសឹម ខណៈដែលលោកណាស្រាឡាកាន់តំណែងជាមេដឹកនាំកំពូល។
កាសឹមក៏ជាអ្នកនាំពាក្យកំពូលម្នាក់របស់ក្រុមហេសបូឡាផងដែរ។ គាត់ឧស្សាហ៍ផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានបរទេស។ សូម្បីតែពេលបាញ់កាំភ្លើងដាក់គ្នារវាងហេសបូឡា និងអ៊ីស្រាអែលឆ្លងព្រំដែនកាលពីឆ្នាំមុនក៏មានវត្តមានរបស់គាត់ផងដែរ។ លោកណាស្រាឡា អតីតមេដឹកនាំកំពូលរបស់ហេសបូឡា ត្រូវអ៊ីស្រាអែលទម្លាក់គ្រាប់បែកសម្លាប់កាលពីថ្ងៃទី២៧ ខែកញ្ញា។ កាលនោះគាត់ចូលទៅសម្ងំលាក់ខ្លួននៅក្នុងរូងក្រោមដីដ៏សែនជ្រៅនៅតែគ្រាប់បែកអ៊ីស្រាអែលទម្លាក់ឡើងខ្ទេច។
ប្រភពខ្លះអះអាងថាគ្រាប់បែកដែលអ៊ីស្រាអែលទម្លាក់កាលនោះមានទម្ងន់សរុបជាង៨០តោន ហើយបានបង្កើតជាក្រហូងដីរហូតដល់ជម្រៅជាងម្ភៃម៉ែត្រ។ កាលនោះ គាត់ភ្លេចត្រចៀកឃើញលោកណឺតាន់យ៉ាហ៊ូទៅប្រជុំនៅអង្គការសហប្រជាជាតិស្មានថាមិនអី។ ដូច្នេះគាត់ជួបគ្នាស្ងាត់ៗជាមួយមន្ត្រីក្រោមឱវាទរបស់គាត់ដើម្បីរៀបចំផែនការដែលត្រូវអនុវត្តជាបន្តទៀត។
ក្រោយការស្លាប់នោះមិនបានប៉ុន្មានផង ក្រុមហេសបូឡាក៏រៀបចំតែងតាំងមេដឹកនាំថ្មីរបស់ខ្លួនឈ្មោះសាហ្វ៊ីឌីនដែលត្រូវជាបងប្អូនជីដូនមួយរបស់លោកណាស្រាឡា។ មិនទាន់បានប្រកាសតែងតាំងជាផ្លូវការផង សាហ្វ៊ីឌីនក៏ត្រូវអ៊ីស្រាអែលទម្លាក់គ្រាប់បែកស្លាប់ម្នាក់ទៀត។ ក្រៅពីចាត់ការទៅលើមេដឹកនាំកំពូលៗរបស់ហេសបូឡា អ៊ីស្រាអែលក៏បានសម្លាប់មេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាស់អស់២នាក់ផងដែរគឺហានីយេ (Haniyeh) និងស៊ីនវ៉ា (Sinwar)។
ដោយសម្អាងទៅលើស្នាដៃតាមធ្វើឃាតមេធំៗអស់៤នាក់នេះហើយដែលធ្វើឱ្យអ៊ីស្រាអែលមានមោទកភាពយ៉ាងក្រៃលែងរហូតដល់ពោលពាក្យឱ្យប្រផ្នូលអាក្រក់ទុកមុនចំពោះមេដឹកនាំថ្មីរបស់ហេសបូឡា។ លោកកាសឹមបានឡើងថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ចំនួនបីដងចាប់តាំងពីក្រោយមរណភាពរបស់លោកណាស្រាឡា។ កាលពីថ្ងៃទី៨ ខែតុលា គាត់អំពាវនាវឱ្យក្រុមហេសបូឡាខិតខំចរចាឱ្យមានបទឈប់បាញ់នៅលីបង់។ គាត់មិនសូវមានប្រជាប្រិយភាពស្មើនឹងណាស្រាឡាទេ។
ជាថ្មីម្ដងទៀត រដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហោះសារដាស់តឿនក៏ដូចជាព្រមានជាភាសាអារ៉ាប់នៅលើបណ្ដាញអ៊ិចរបស់ខ្លួនថាបើសិនលោកកាសឹមនៅតែដើរតាមមាគ៌ានយោបាយរបស់មេដឹកនាំជំនាន់មុនៗទៀត ការកាន់តំណែងរបស់គាត់អាចនឹងមានរយៈពេលខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រដឹកនាំរបស់ក្រុមហេសបូឡា។ អ៊ីស្រាអែលផ្ដាំមួយម៉ាត់ចុងក្រោយថាបើចង់ឱ្យប្រទេសលីបង់មានអនាគតល្អលុះត្រាតែក្រុមហេសបូឡាកាត់រំសាយចលនាប្រដាប់អាវុធរបស់ខ្លួនចោលឱ្យអស់៕
ចែករំលែកព័តមាននេះ