រាជធានីភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូក ង ចូលរួមប្រកួនប្រជែង ចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ៩ទូកនិងមានកីឡាករ ចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីប ចំនួន៣៥ប្រទីប ខណៈឆ្នាំ២០២៣ មានចំនួនត្រឹមតែ២៩ប្រទីបប៉ុណ្ណោះ នេះបើតាមការបង្ហាញអោយដឹងក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែមានភាពស្រស់ស្អាតជារឿងធំ ដែលយើងក្នុងនាមជាអាជ្ញាធរ ត្រូវតែធ្វើអោយបានល្អបំផុត។ ចំពោះកីឡាករចំណុះទូក ង ទាំងជាង២ម៉ឺននាក់ ត្រូវស្នាក់នៅទីតាំងចំនួន២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែវ និងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆា ក្នុងតំបន់អភិវឌ្ឍន៍ OCIC ខណ្ឌជ្រោយចង្វា ដើម្បីយើងងាយស្រួលក្នុងការពារសន្តិសុខជូនពួកគាត់ ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង ក៏បានធ្វើការណែនាំ ដោយមិនអោយមានការលក់ដូរ នៅលើបណ្តោយផ្លូវមួយចំនួន ដែលមានទីតាំង នៅក្នុងព្រះរាជពិធីនេះផងដែរ ជាមួយនិងការពិនិត្យមើលអោយម៉ត់ចត់ ចំពោះការផ្ញើកង់ ម៉ូតូ ដោយអាជ្ញាធរខណ្ឌត្រូវតែម្ចាស់ការ ស្គាល់ និងដឹងច្បាស់ពីអត្តសញ្ញាណអ្នកទទួលផ្ញើ ជៀសវាង បាត់បង់ម៉ូតូបងប្អូនប្រជាពលរដ្ឋ គ្មានការទទួលខុសត្រូវ ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏បានគិតគូ ពីការរៀបចំបន្ទប់ទឹក អោយបានច្រើន ទីតាំងសំរាប់សង្គ្រោះ និងទីបញ្ជាការស្រាល ក្នុងកិច្ចប្រតិបត្តិការណ៍ ការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យ ការទប់ស្កាត់ ការលំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួន ចូលមកក្នុងរាជធានី ទប់ស្កាត់ ជនអាណាថា ចោរលូក ហោប៉ៅជាដើម ។
ក្នុងកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចលនាប្រជាពលរដ្ឋ ពិសេស ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ខុនដូរ ត្រូវលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស និងស្រស់ស្អាត ៕




ចែករំលែកព័តមាននេះ