ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​«​មរតក​តេ​ជោ​»​ ជំហាន​ទី​២គ្រោង​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​២០២៥

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

រាជធានី​ភ្នំពេញ ៖ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​សរសេរ​ថា វឌ្ឍនភាព​ការ​សាងសង់​ស្ពាន​អាកាស​«​មរតក​តេ​ជោ​»​ជំហាន​ទី​២ គិត​ត្រឹម​ចុងខែ​តុលា ឆ្នាំ​២០២៤​នេះ ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​សរសេរ​ថា វឌ្ឍនភាព​ការ​សាងសង់​ស្ពាន​អាកាស​«​មរតក​តេ​ជោ​»​ជំហាន​ទី​២ គិត​ត្រឹម​ចុងខែ​តុលា ឆ្នាំ​២០២៤​នេះ ។

ស្ពាន​អាកាស «​មរតក​តេ​ជោ​» ប្រសព្វ​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន និង មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ក្នុង​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​ជំហាន​ទី​២ នេះ​កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំ គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ មុន​ផែនការ​ប្រមាណ ០៤​ខែ​ផង​ដែរ ពោល​គឺ ជំហាន​ទី​២ នឹង​បញ្ចប់​មុន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ឆ្នាំ​២០២៥ (​ក្នុង​គម្រោង​ខែសីហា ឆ្នាំ​២០២៥)​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី សម្រេច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ស្ពាន​អាកាស មរតក​តេ​ជោ ជាន់​ទី​២ ដំណាក់កាល​ទី​១ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​បាន​មួយ​កម្រិត​។

អរគុណ​សន្តិភាព និង​ការ​អភិវឌ្ឍ សមិទ្ធផល​ថ្មី​បន្តបន្ទាប់​ទៀត​នឹង​លេច​រូបរាង​ឡើង ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

គួរ​រំលឹក​ថា ស្ពាន​អាកាស​មរតក​តេ​ជោ នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​នេះ មាន​សាងសង់​ផ្លូវ​ផ្ទាល់​ដី ដែល​មាន​រង្វង់​មូល​បែងចែក​ទិស និង​ផ្លូវ​ត​ភ្ជាប់​រវាង​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន វិ​ថី​កង​យោធពលខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពាន​ព្រះ​មុនី​វង្ស និង​ផ្លូវជាតិ​លេខ​២​។ បន្ទាប់​មក សាងសង់​ស្ពាន​អាកាស​ចំនួន​ពីរ​ជាន់ ស្ពាន​អាកាស​ជាន់​ទី​១ ជា​ស្ពាន​រង្វង់​មូល នៅ​ត្រង់​ចំណុចប្រសព្វ ដែល​បំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេង​គ្នា ទៅ​កាន់​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន ស្ពាន​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​មុនី​វង្ស និង វិ​ថី​កង​យោធពល ខេមរភូមិន្ទ​។ ស្ពាន​អាកាស​ជាន់​ទី​២ ជា​ផ្លូវ​ទ្វេ​ទិស មាន​ទិស​ដៅ​ទៅ​មករ​វាង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន​។

បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន ៧ ហើយ រួម​មាន​៖ ១-​ស្ពាន​អាកាស​ក្បាលថ្នល់ ២-​ស្ពាន​អាកាស ៧​មក​រា ៣-​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ៤ -​ស្ពាន​អាកាស ៥​មក​រា ៥-​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ ឬ​ហៅ​ថា ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ៦-​ស្ពាន​អាកាស​ចោម​ចៅ និង​៧-​ស្ពាន​អាកាស​ឫស្សី​កែវ លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ឃ្លាំង​សាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ