ទីក្រុងតូក្យូ៖ គណបក្សកាន់អំណាចនៅជប៉ុនកំពុងតែបារម្ភខ្លាចមិនទទួលបានសំឡេងច្រើនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងជាមួយនឹងគណបក្សសម្ព័ន្ធភាពនៅក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិថ្មី។ ការបោះឆ្នោតលើកនេះមើលស្រាលមិនបានទេ។ ជាការពិត គណបក្សប្រជាធិបតេយ្យសេរីនៅតែមានសំឡេងនាំមុខគេពិតមែនហើយ។ ក៏ប៉ុន្តែអាចនឹងមិនគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងព្រោះប្រជារាស្ត្រជប៉ុនកំពុងខឹងសម្បារនឹងរឿងអាស្រូវចាត់ចែងថវិកាមិនបានល្អនៅក្នុងគណបក្ស និងម៉្យាងទៀត ពួកគេក៏មានអារម្មណ៍ខឹងសម្បារផងដែរនឹងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ។
បើដូច្នេះមែន លទ្ធផលឆ្នោតដែលអាចនឹងដឹងនៅក្នុងពេលដ៏ខ្លីខាងមុខនេះអាចនឹងធ្វើឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស៊ីបាដែលមកពីគណបក្សប្រជាធិបតេយ្យសេរីបើទុកជាបន្តកាន់តំណែងនេះនៅអាណត្តិថ្មីក៏លោកមិនអាចជិះសេះលែងដៃបានឡើយដោយសារអំណាចមិនអាចមូលនៅក្នុងដៃរបស់លោកតែម្នាក់ឯង។ គេបារម្ភថាប្រទេសជាតិអាចនឹងជួបប្រទះនឹងភាពមិនច្បាស់លាស់ផ្នែកនយោបាយ (ឬគ្មានលំនឹងនយោបាយ)។ គ្រាន់តែថាសភាពការណ៍មិនធ្ងន់ធ្ងរដល់ថ្នាក់ផ្លាស់ប្ដូររដ្ឋាភិបាលនោះទេ។
លោកអ៊ីស៊ីបាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី១ ខែតុលាជំនួសលោកគីស៊ីដាដែលលាលែងពីតំណែងទាំងកណ្ដាលទី។ លោកគីស៊ីដាមិនអាចធ្វើឱ្យប្រជារាស្ត្រស្ងប់ចិត្តបានឡើយចំពោះរឿងអាស្រូវបាត់បង់ថវិការបស់គណបក្ស (ប្រជាធិបតេយ្យសេរី)។ ក្រោយពេលលោកអ៊ីស៊ីបាឡើងកាន់អំណាចមិនបានប៉ុន្មានផង លោកបញ្ជាឱ្យរៀបចំការបោះឆ្នោតមុនអាណត្តិដូចដែលយើងឃើញនៅថ្ងៃនេះ។ លោកធ្វើដូច្នេះដោយក្ដីសង្ឃឹមថាអាចនឹងមានគេបោះឆ្នោតគាំទ្រគណបក្សរបស់លោកច្រើនព្រោះលោកប្រើប្រាស់ភាសានិយាយដោយឥតសំចៃមាត់ និងសន្យាធ្វើកំណែទម្រង់។
តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ គេឃើញប្រជារាស្ត្រជប៉ុនចេញទៅបោះឆ្នោតនៅទូទាំងប្រទេស។ បេក្ខជនសរុប១៣៤៤នាក់ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតលើកនេះ។ មណ្ឌលបោះឆ្នោតនឹងបិទទ្វារលែងទទួលសន្លឹកឆ្នោតនៅម៉ោង៨យប់នេះ ហើយលទ្ធផលឆ្នោតអាចនឹងប្រកាសជាបណ្ដើរៗត្រឹមតែប៉ុន្មានម៉ោងក្រោយការរាប់សន្លឹកឆ្នោត។
លោកអ៊ីស៊ីបាដាក់ផែនការធ្វើយ៉ាងណាគណបក្សទាំង២នៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នាត្រូវដណ្ដើមឱ្យបាន២៣៣អាសនៈនៅក្នុងចំណោមអាសនៈសរុបចំនួន៤៦៥។ ក្នុងនោះមានគណបក្សប្រជាធិបតេយ្យសេរីរបស់លោកអ៊ីស៊ីបា និងគណបក្សព្រះពុទ្ធសាសនានិយមឈ្មោះកូមេអ៊ីតុ (Komeito)។ បើទទួលបានប៉ុណ្ណឹងអាសនៈមែន មានន័យថាអាចបង្កើតរដ្ឋាភិបាលថ្មីបានដោយមិនចាំបាច់រត់ទៅពឹងគណបក្សដទៃទៀតទេ។
នៅក្នុងការឃោសនាបោះឆ្នោតថ្ងៃបង្ហើយកាលពីម្សិលមិញ លោកអ៊ីស៊ីបានថ្លែងសុន្ទរកថានៅទីក្រុងតូក្យូ។ លោកសូមការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋចំពោះកំហុសឆ្គងដែលគណបក្សរបស់លោកចាត់ចែងថវិកាមិនបានល្អ។ លោកសន្យាថានឹងខិតខំស្ដារមុខមាត់គណបក្សឡើងវិញដើម្បីឱ្យមានសមភាព និងសុចរិតភាព។ ទន្ទឹមនឹងការមានចំណុចខ្វះខាតខ្លះៗ លោកអ៊ីស៊ីបាយល់ថាមានតែសម្ព័ន្ធភាពគណបក្សនយោបាយរបស់លោកនេះហើយដែលអាចដឹកនាំប្រទេសជប៉ុនបានល្អព្រោះមានបទពិសោធច្រើនគ្រប់គ្រាន់ និងមានកម្មវិធីនយោបាយដែលផ្ដល់ក្ដីសង្ឃឹមសម្រាប់ម្ចាស់ឆ្នោត៕
ចែករំលែកព័តមាននេះ