រដ្ឋបាលខេត្ត អបអរសាទរពិធីរត់ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជនពិការ លើកទី២ ឆ្នាំ២០២៤ នៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង លោក…
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង លោក…
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីរត់ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជនពិការ លើកទី២ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យ ខេត្តស្វាយរៀង ។
ពិធីនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ និស្សិតសាកលវិទ្យាល័យស្វាយរៀង កីឡាករ កីឡាការិនី លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន ស.ស.យ.ក សមាគមន៍អ្នកជិះកង់ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបប្រមាណ ២,០១៧នាក់ ។
លោកអភិបាលខេត្ត បានសម្តែងនូវអារម្មណ៍រីករាយ ដែលខេត្តស្វាយរៀង មានកិត្តិយសបានរៀបចំពិធីរត់ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជនពិការ លើកទី២ ឆ្នាំ២០២៤ នៅថ្ងៃនេះ និងសូមចូលរួមអបអរសាទរចំពោះលោក លោកស្រី និងប្អូនៗកីឡាករ កីឡាការិនីទាំងអស់ក្នុងនាមតំណាងឲ្យខេត្តស្វាយរៀង ដែលនឹងទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាកំពូលរបស់ជាតិ នៅឆ្នាំនេះ ហើយនេះជាភារកិច្ចដ៏មានសារៈសំខាន់ និងប្រកបដោយមោទនភាព ដែលអស់លោក លោកស្រី និងប្អូនៗកីឡាករ កីឡាការិនីទាំងអស់ ក្នុងនាមតំណាងឲ្យខេត្តស្វាយរៀង ត្រូវបំពេញ ដើម្បីមុខមាត់ និងកិត្តិយសផ្ទាល់ខ្លួនផង អង្គភាពផង និងខេត្តទាំងមូលផង ។
ទន្ទឹមនេះ លោកបានស្នើដល់ប្អូនៗ ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ថែរក្សាសុខភាពឲ្យបានល្អ ពិសេសត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិន័យការងារ និងបទបញ្ជា នៃការប្រកួត ។
លោកបន្ថែមថា ការចូលរួមរត់ភ្លើងគប់ដ៏ច្រើនកុះករនៅថ្ងៃនេះ សបញ្ជាក់ឱ្យឃើញថា ស្មារតីរួមរបស់មន្ត្រីរាជការ កីឡាករកីឡាការិនី និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត គឺស្រលាញ់ និងលើកស្ទួយវិស័យកីឡា ដើម្បីឈានដំណើរទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ។ សម្រាប់ខេត្តស្វាយរៀង បានចុះឈ្មោះចូលរួម ប្រកួតមាន ១៦ប្រភេទកីឡា និងប្រតិភូដឹកនាំមាន១៦នាក់ គ្រូបង្ហឹក៣៧នាក់ កីឡាករកីឡាការិនី១៧០នាក់ (កីឡាករពិការ ៤នាក់ និងកីឡាការិនី ៧២នាក់) ។
សូមរំលឹកថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ