ទីក្រុងព្យុងយ៉ាង៖ ថ្ងៃនេះ កូរ៉េខាងជើងប្រកាសថ្កោលទោសជាទម្ងន់ចំពោះការធ្វើសមយុទ្ធយោធារួមគ្នាបីប្រទេសរវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ កូរ៉េខាងជើងព្រមានថាខ្លួនអាចនឹងចាត់វិធានការក្ដៅយ៉ាងទាន់ចិត្តនៅក្នុងករណីចាំបាច់ដើម្បីការពារប្រទេសជាតិរបស់ខ្លួន។ កាលពីសប្ដាហ៍មុន ប្រទេសទាំង៣នេះបានធ្វើសមយុទ្ធយោធារយៈពេលបីថ្ងៃ ប្រើសុទ្ធតែយន្តហោះចម្បាំងទំនើបៗ យន្តហោះល្បាតដែនសមុទ្រ និងនាវាដឹកយន្តហោះចចវ៉ាស៊ីនតោនដែលប្រើថាមពលនុយក្លេអ៊ែរ។
ក្រសួងការពារជាតិកូរ៉េខាងជើងប្រកាសថាខ្លួនសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះប្រទេសអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេដែលត្រូវតែបញ្ឈប់ការបង្កហេតុ និងការបង្កអស្ថិរភាព។ បើមិនដូច្នេះទេ ការប្រឈមមុខគ្នាផ្នែកយោធាដែលកំពុងតែមានស្រាប់ និងកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃអាចនឹងវិវត្តទៅជាជម្លោះប្រដាប់អាវុធជាចំហយ៉ាងពិតប្រាកដ។
កូរ៉េខាងជើងសូមផ្ដាំនៅទីបញ្ចប់ថាកងទ័ពរបស់ខ្លួននឹងបន្តដាក់ចេញនូវជម្រើសទាំងអស់ដែលមាននៅក្នុងដៃ ហើយនឹងត្រៀមចាត់វិធានការជាបន្ទាន់នៅក្នុងករណីចាំបាច់ដើម្បីអ្វីដែលប្រទេសនេះហៅថា «ការពារប្រសើរជាងព្យាបាល»។ ទន្ទឹមនឹងនោះ កូរ៉េខាងជើងនឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះសកម្មភាពយោធារបស់អាមេរិក និងសម្ព័ន្ធមិត្ត។
សូមរំលឹកថាកាលពីប៉ុន្មានថ្ងៃមុននេះ កូរ៉េខាងជើងក៏ធ្លាប់ប្រកាសថ្កោលទោសជាទម្ងន់ផងដែរចំពោះប្រទេសអាមេរិកដែលបង្កើតសម្ព័ន្ធភាពយោធាយ៉ាងច្រើនស្អេកស្កះនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទូរទស្សន៍កូរ៉េខាងជើងចោទប្រកាន់ថាទង្វើទាំងនេះបង្ហាញពីការសាបព្រោះគ្រាប់ពូជនៃសម្អប់ និងការប្រឈមមុខដាក់គ្នាកាន់តែជ្រៅនៅឧបទ្វីបកូរ៉េ និងឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទូរទស្សន៍នេះផ្សាយបន្តទៀតថាការបង្កើតសម្ព័ន្ធភាពដែលមានរដ្ឋនុយក្លេអ៊ែរចូលរួមបែបនេះគឺដើម្បីសម្រេចមហិច្ឆតាជាបងធំផ្នែកយោធានៅក្នុងតំបន់។ កូរ៉េខាងជើងខឹងសម្បារយ៉ាងខ្លាំងនៅពេលលោកបៃដិនជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅឯកិច្ចប្រជុំកំពូលអេប៉ិច (APEC) នៃទីក្រុងលីម៉ា ប្រទេសប៉េរូ។
កូរ៉េខាងជើងថ្លែងថាចាប់តាំងពីបង្កើតសម្ព័ន្ធត្រីភាគីនេះមក ពិភពលោកអាចមើលឃើញថាឧបទ្វីបកូរ៉េ និងឥណ្ឌូ-ប៉ាស៊ីហ្វិកលែងមានស្ថិរភាព និងសន្តិភាពតទៅទៀតហើយ។ សម្ព័ន្ធភាពនុយក្លេអ៊ែរនេះនឹងនាំឱ្យមានការប្រឈមមុខគ្នាកាន់តែខ្លាំង។ ដូច្នេះ កូរ៉េខាងជើងយល់ថាវាជារឿងសមហេតុផលដែលខ្លួនត្រូវតែផលិតមីស៊ីលអន្តរទ្វីបទុកសម្រាប់វាយប្រហារអាមេរិក។
គួរកត់សម្គាល់ថានៅក្នុងនយោបាយការពារជាតិរបស់អាមេរិកចំពោះសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូងក៏មាននយោបាយឆ័ត្រនុយក្លេអ៊ែរផងដែរ។ កូរ៉េខាងជើងសហការគ្នាកាន់តែខ្លាំងជាមួយរុស្ស៊ី។ ជាពិសេស កិច្ចសហការខាងយោធា និងជំនួយបច្ចេកទេសនៅក្នុងការផលិតអាវុធ។ ដូច្នេះ បើកូរ៉េខាងជើងនៅមានចំណុចខ្វះខាតផ្នែកនុយក្លេអ៊ែរ រុស្ស៊ីរង់ចាំជួយបំពេញ។
កាលពីខែតុលា កូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបដ៏មានអានុភាពខ្លាំងក្លាបំផុតរបស់ខ្លួន អាចហោះបានកម្ពស់៧០០០គីឡូម៉ែត្រ និងហោះហើរជ្រែកអាកាសរយៈពេល៨៦នាទី។ អ្នកជំនាញយល់ថាមីស៊ីលនេះអាចបាញ់ដល់ប្រទេសអាមេរិក។ គ្រាន់តែគេមិនដឹងថាតើកូរ៉េខាងជើងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលនេះហើយឬនៅ៕
ចែករំលែកព័តមាននេះ