ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​សង្ឃឹម​ថា​អ៊ីស្រាអែល​វា.យ​អ៊ីរ៉ង់​លើក​នេះ​ជា​ទឹក​ផ្ដាច់​ព្រ័ត្រ

10 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ លោក​បៃដិន​សង្ឃឹម​ថា​អ៊ីស្រាអែល​វាយ​អ៊ីរ៉ង់​លើក​នេះ​ជា​ទឹក​ផ្ដាច់​ព្រ័ត្រ​ហើយ​។ អំណឹះ​ត​ទៅ​ ភាគី​ទាំង​ពីរ​នឹង​អហោ​សិកម្ម​ឱ្យ​គ្នា​ត្រឹម​នេះ​ចុះ ហើយ​លែង​ចង​កម្ម​ពៀរ​នឹង​គ្នា  ឬ​សង​សឹក​គ្នា​ត​ទៅ​ទៀត​​។ ​លោក​បៃដិន​ថ្លែង​ថា​តាម​មើល​ទៅ​ អ៊ីស្រាអែល​ប្រហែល​ជា​លែង​វាយ​ប្រហារ​​អ៊ីរ៉ង់​ត​ទៅ​ទៀត​ហើយ​ ហើយ​ម៉្យាង​ទៀត​​វាយ​​ទៅ​លើ​​​​​ទី​តាំង​យោធា​តែ​ប៉ុណ្ណោះ​។​ ​អ៊ីស្រាអែលបាន​​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​មូល​ដ្ឋាន​យោធា​របស់​អ៊ីរ៉ង់​យ៉ាង​កក្រើក​ព្រះ​ធរណី​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​​សៅរ៍​​។…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ លោក​បៃដិន​សង្ឃឹម​ថា​អ៊ីស្រាអែល​វាយ​អ៊ីរ៉ង់​លើក​នេះ​ជា​ទឹក​ផ្ដាច់​ព្រ័ត្រ​ហើយ​។ អំណឹះ​ត​ទៅ​ ភាគី​ទាំង​ពីរ​នឹង​អហោ​សិកម្ម​ឱ្យ​គ្នា​ត្រឹម​នេះ​ចុះ ហើយ​លែង​ចង​កម្ម​ពៀរ​នឹង​គ្នា  ឬ​សង​សឹក​គ្នា​ត​ទៅ​ទៀត​​។ ​លោក​បៃដិន​ថ្លែង​ថា​តាម​មើល​ទៅ​ អ៊ីស្រាអែល​ប្រហែល​ជា​លែង​វាយ​ប្រហារ​​អ៊ីរ៉ង់​ត​ទៅ​ទៀត​ហើយ​ ហើយ​ម៉្យាង​ទៀត​​វាយ​​ទៅ​លើ​​​​​ទី​តាំង​យោធា​តែ​ប៉ុណ្ណោះ​។​

​អ៊ីស្រាអែលបាន​​ទម្លាក់​គ្រាប់​បែក​ទៅ​លើ​មូល​ដ្ឋាន​យោធា​របស់​អ៊ីរ៉ង់​យ៉ាង​កក្រើក​ព្រះ​ធរណី​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​​សៅរ៍​​។ ​​លើក​នេះ អ៊ីស្រាអែល​មិន​វាយ​ប្រហារទីតាំង​ប្រេង​ និ​ងនុយ​ក្លេអ៊ែរ​ទេ​។ ចំណែក​អ៊ីរ៉ង់​ហាក់​ដូច​ជា​រក្សា​ភាព​ស្ងប់​ស្ងាត់​​ចំពោះ​រឿង​នេះ​។ ប៉ុន្តែ​អ៊ីរ៉ង់​និយាយ​ជា​លក្ខណៈ​បង្ការ​ខ្លួន​​ទុក​មុន​ថា​ខ្លួន​នៅ​តែ​មាន​សិទ្ធិ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ការ​ពារ​អធិប​តេយ្យ​ភាព​ជាតិ​ និង​សន្តិ​សុខ​ជាតិ​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​។

សារ​ព័ត៌​មាន​អ៊ីរ៉ង់​ចុះ​ផ្សាយ​ថា​គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​បែក​យ៉ាង​កង​រំពង​រយៈ​ពេល​ជា​ច្រើន​ម៉ោង​នៅ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​ និង​មូល​ដ្ឋាន​យោធា​នៅ​តំបន់​ខ្សែ​ក្រវាត់​ទី​ក្រុង​នេះ​។ ពោល​គឺ​ការ​វាយ​ប្រហារ​នេះ​ចាប់​ផ្ដើម​ឡើង​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​ក្រោយ​ពេល​នាឡិការ​បន្លឺ​ម៉ោង​២​រំលង​អធ្រាត្រ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​សៅរ៍​។ ​គ្រាប់​បែក​ផ្ទុះ​យ៉ាង​តិច​៧​ដង​នៅ​ទី​ក្រុង​​តេអេរ៉ង់​ និង​​​ទី​ក្រុង​ខា​រ៉ាច (Karaj) ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​​ពី​គ្នា​ប៉ុន្មាន​ឡើយ​។

ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ចាត់​ទុក​ថា​ទង្វើ​របស់​អ៊ីស្រាអែល​ជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​។​ អ៊ីរ៉ាក់, អារ៉ាប៊ី​សាអូ​ឌីត, កាតា, ​អេ​ហ្ស៊ីប​, អារ៉ាប់​រួម​ និង​ប៉ាគីស្ថាន​ប្រកាស​ថ្កោល​ទោស​អ៊ីស្រាអែល​ខ្លាំង​ៗ​ ខណៈ​​ដែល​​អង់គ្លេស និង​អាមេរិក​មិន​ថ្កោល​ទោស​ និង​មិន​លើក​ទឹក​ចិត្តទេ​​ ប៉ុន្តែ​​​ស្នើ​សុំ​ឱ្យ​ភាគី​ទាំង​២​​ឈប់​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​​អាច​នាំ​ឱ្យ​មាន​ភាព​តាន​តឹង​។​

នៅ​ប្រទេស​អាមេរិក លោក​ស្រី​ហារីស ដែល​ជា​អនុ​ប្រធានា​ធិបតី​ និង​ក៏​​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ផង​ដែរ​នោះ ​បាន​អំពាវ​នាវ​យ៉ាង​ទទូច​ឱ្យ​​ពិភព​លោក​ខិត​ខំ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​​តំបន់​មជ្ឈិម​បូព៌ា​។ លោក​ស្រី​ថ្លែង​ថា​បំណង​ប្រាថ្នា​របស់​អាមេរិក​​ចង់​ឃើញ​​ការ​បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​ និង​​​ការ​​ជៀស​វាង​មិន​បង្ក​បញ្ហា​បន្ថែម​ទៀត​​។​

ចំណែក​​លោក​បៃដិន​ថ្លែង​ថា​អ៊ីស្រាអែល​ប្រហែល​លជា​មិន​​វាយ​ប្រហារ​ថែម​​ទៀត​ទេ​។ ដូច្នេះ អ្វី​ៗ​សន្មត់​ថា​បញ្ចប់​ជា​ស្ថា​ពរ​ត្រឹម​​នេះ​។ ​​​អ៊ីស្រាអែល​ប្រកាស​ថា​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​​វាយ​ប្រហារ​បី​លើក​​ទៅ​លើ​រោង​ចក្រ​ផលិត​មីស៊ីល​, ​ទី​តាំង​ក្បែរ​រដ្ឋធានី​តេ​អេរ៉ង់​ និង​ភាគ​ខាង​លិច​។ ​អ៊ីស្រាអែល​​ផ្ដាំ​ទៅ​អ៊ីរ៉ង់​​ថា​​កុំ​វាយ​បក​ទៅ​អ៊ីស្រាអែល​វិញ​​ឱ្យ​សោះ​ដើម្បី​​​កុំ​ឱ្យ​មាន​រឿង​វែង​ឆ្ងាយ​ត​ទៅ​ទៀត​​​​​។​

ប្រតិ​កម្ម​ចំពោះ​បញ្ហា​នេះ​ក៏​មាន​ផង​ដែរ​ពី​ប្រទេស​អាល្លឺម៉ង់​។ អធិការ​បតី​អាល្លឺម៉ង់​ លោ​កអូ​ឡាហ្វ​សូល ​អំពាវនាវ​ឱ្យ​អ៊ីរ៉ង់កុំ​វាយ​ប្រហារ​ទៅ​អ៊ីស្រាអែល​វិញ​ឱ្យ​សោះ​​​។ លោក​យល់​ថា​មាន​តែ​ការ​ខាំ​មាត់​សង្កត់​ចិត្ត​តែ​ប៉ុណ្ណោះ​ទើប​អាច​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​សុខ​សន្តិ​ភាព​នៅ​មជ្ឈិម​បូព៌ា​។ លោក​សូល​យល់​ថា​អ៊ីស្រាអែល​មិនបាន​​វាយ​ប្រហារ​ជា​ដុំ​កំភួន​ទេ។ អ៊ី​ស្រា​អែល​​​វាយ​ល្មម​ៗ​ដើម្បី​​គ្រាន់​តែ​ជា​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ​ និង​ដើម្បី​​ជា​ការ​ឆ្លើយ​តប​​ចំពោះ​អ៊ីរ៉ង់​ដែល​បាន​បាញ់​មីស៊ីល​២០០​គ្រាប់​ចូល​ទឹក​ដី​អ៊ី​ស្រា​អែល​កាល​ពី​ដើម​ខែ​តុលា​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ