ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Qatar Airways ចាប់ផ្តើមជើងហោះហើរថ្មីបំពាក់អ៊ីនធឺណេត Starlink របស់លោក Elon Musk

13 ម៉ោង មុន

ប្រទេសកាតា ៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways របស់ប្រទេសកាតា កាលពីថ្មីៗនេះ បានចាប់ផ្តើមជើងហោះហើរលើកដំបូងរបស់ខ្លួន ដែលបំពាក់សេវាអ៊ីនធឺណេត Starlink…

ប្រទេសកាតា ៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways របស់ប្រទេសកាតា កាលពីថ្មីៗនេះ បានចាប់ផ្តើមជើងហោះហើរលើកដំបូងរបស់ខ្លួន ដែលបំពាក់សេវាអ៊ីនធឺណេត Starlink ពីលំហរបស់ក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាសក៍ (Elon Musk)។

យោងតាមប្រភពពីគេហទំព័រ Business Insider បានឱ្យដឹងថា ជើងហោះហើរ QR1 ដោយយន្តហោះ Boeing 777 បានហោះចេញពីទីក្រុងដូហា ប្រទេសកាតា ទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅម៉ោងប្រហែល៨ព្រឹក កាលពីថ្ងៃអង្គារ។ ក្រុមការងាររបស់ Business Insider ក៏ស្ថិតលើយន្តហោះនោះដែរ ហើយបានឃើញល្បឿនទាញយកទិន្នន័យអ៊ីនធឺណេតលឿនរហូតដល់ ២១៥មេហ្គាប៊ីតក្នុងមួយវិនាទី (215 Mbps)ដែលលឿនជាងច្រើនដង បើធៀបនឹងអ៊ីនធឺណិតនៅតាមផ្ទះ។

លើសពីទៅទៀត សេវាអ៊ីនធឺណេត Starlink ឬ Starlink WiFi ក៏ឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់ក្នុងយន្តហោះ ខណៈសេវាកន្លងមករបស់ក្រុមហ៊ុន Qatar Airways ជាធម្មតាមានតម្លៃ១០ដុល្លារ សម្រាប់ជើងហោះហើរពេញក្នុងល្បឿនអ៊ីនធឺណេតប្រហែល ៥មេហ្គាប៊ីតក្នុងមួយវិនាទីប៉ុណ្ណោះ។ ដូច្នេះល្បឿនអ៊ីនធឺណេតកាន់តែលឿនមានន័យថា អ្នកដំណើរអាចធ្វើការខលជាវីដេអូ (Video Calls) មើលវីដេអូ និងលេងហ្គេមអនឡាញបានយ៉ាងងាយស្រួល។

អំឡុងពេលជើងហោះហើរសាកល្បងរបស់ក្រុមហ៊ុន Qatar Airways កាលពីពេលថ្មីៗនេះ ដែលបានបំពាក់សេវាអ៊ីនធឺណេត Starlink នោះ លោក អេឡុន ម៉ាសក៍ ដែលស្ថិតនៅផ្ទះបានហៅទូរស័ព្ទជាវីដេអូជាមួយលោក Badr Mohammed Al-Meer នាយកប្រតិបត្តិក្រុមហ៊ុន Qatar Airways ដែលស្ថិតក្នុងយន្តហោះកំពុងហោះនៅរយៈកម្ពស់ ១១,៦០០គីឡូម៉ែត្រពីដី ដើម្បីសាកល្បងល្បឿនអ៊ីនធឺណេត។ លោក Al-Meer បានបង្ហាញលោក អេឡុន ម៉ាសក៍ អំពីទិដ្ឋភាពក្នុងយន្តហោះ ហើយលោក អេឡុន ម៉ាសក៍ បាននិយាយថា វាពិតជាពិសេសខ្លាំងណាស់។ ខណៈឥឡូវនេះ ខ្ញុំកំពុងប្រើអ៊ីនធឺណេត Starlink នៅផ្ទះរបស់ខ្ញុំ»។ លោក Saad bin Ali Al-Kharji ប្រធានក្រុមហ៊ុនទេសចរណ៍កាតា ដែលអង្គុយជិតលោក Al-Meer បាននិយាយថា លោកឃើញល្បឿនអ៊ីនធឺណេត Starlink បំពាក់ក្នុងហោះហើរ ដើរលឿនជាងអ៊ីនធឺណិតនៅខាងក្រោមទៅទៀត។

ប្រទេសកាតា គ្រោងនឹងបំពាកក់សេវាអ៊ីនធឺណេត Starlink សម្រាប់យន្តហោះ Boeing 777-300 ចំនួន១២គ្រឿងនៅចុងឆ្នាំនេះ និងសម្រាប់យន្តហោះ 777 និង Airbus A350 ទាំងអស់របស់ខ្លួន នៅឆ្នាំក្រោយ។ លោក Al-Meer ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «តាមរយៈការផ្តល់សេវារបស់ Starlink ដែលឹាអាចទុកចិត្តបាននោះ យើងកំពុងភ្ជាប់អ្នកដំណើរទៅនឹងអ្វីដែលពួកគេស្រលាញ់ពេញចិត្តបំផុត សូម្បីតែនៅចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យរាល់ការធ្វើដំណើរជាមួយយើងក្លាយជាបទពិសោធន៍ថ្មី និងអនុស្សាវរីយ៍មួយ»។

សូមជម្រាបថា Qatar Airways ដែលជាប់ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតរបស់ពិភពលោក គឺជាក្រុមហ៊ុនអាកាសចរណ៍ទី២ បន្ទាប់ពីក្រុមហ៊ុន Hawaiian Airlines របស់សហរដ្ឋអាមេរិក ដែលបានចាប់បំពាក់សេវាកម្មអ៊ីនធឺណេត Starlink។ ដ្បិត Starlink គឺជាបណ្តាផ្កាយរណបអ៊ីនធឺណិតដំណើរការដោយក្រុមហ៊ុន Starlink Services ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុនអវកាសសហរដ្ឋអាមេរិក SpaceX បង្កើតឡើងដោយលោក អេឡុន ម៉ាសក៍ ដែនគ្របដណ្តប់ដល់ជាង១០០ប្រទេស និងរដ្ឋនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនក៏មានគោលបំណងផ្តល់សេវាអ៊ីនធឺណិតចល័តជាសកលផងដែរ៕ (ប្រភព ៖ Business Insider, Yahoo News និង Tech Explorers)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ