ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលវៀតណាមស្នើយកពន្ធ ៤០% លើភេសជ្ជៈផ្អែម ដើម្បីទប់ស្កាត់ការទទួលទាន

7 ម៉ោង មុន

ប្រទេសវៀតណាម ៖ ក្រសួងសុខាភិបាលរបស់វៀតណាមបានស្នើសុំយកពន្ធ ៤០% លើភេសជ្ជៈផ្អែមគ្រប់ប្រភេទ ដោយលើកហេតុផលថា ពន្ធ ១០% ដែលត្រូវបានចែងនៅក្នុងសេចក្តីព្រាងច្បាប់របស់ក្រសួងហិរញ្ញវត្ថុមានឥទ្ធិពលមិនគ្រប់គ្រាន់ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយាអ្នកទទួលទាននោះទេ។…

ប្រទេសវៀតណាម ៖ ក្រសួងសុខាភិបាលរបស់វៀតណាមបានស្នើសុំយកពន្ធ ៤០% លើភេសជ្ជៈផ្អែមគ្រប់ប្រភេទ ដោយលើកហេតុផលថា ពន្ធ ១០% ដែលត្រូវបានចែងនៅក្នុងសេចក្តីព្រាងច្បាប់របស់ក្រសួងហិរញ្ញវត្ថុមានឥទ្ធិពលមិនគ្រប់គ្រាន់ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយាអ្នកទទួលទាននោះទេ។

នេះបើយោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

សេចក្តីព្រាងច្បាប់ក្រសួងហិរញ្ញវត្ថុវៀតណាមស្តីពីពន្ធលើការប្រើប្រាស់ពិសេស គ្រោងនឹងដាក់ជូនរដ្ឋសភានៅចុងខែនេះ ហើយរំពឹងថានឹងអនុម័តនៅខែឧសភា ឆ្នាំក្រោយនោះ បានស្នើឱ្យយកពន្ធ ១០% លើភេសជ្ជៈផ្អែមមានជាតិស្ករ ៥ក្រាមក្នុង ១០០មីលីលីត្រ។ យោងតាមរបាយការណ៍ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ការយកពន្ធ ១០% នេះ គឺសំដៅជំរុញឱ្យក្រុមហ៊ុនផលិត និងនាំចូលផលិតផលមានជាតិស្ករទាប ខណៈដែលរដ្ឋាភិបាលវៀតណាមបានលើកកម្ពស់ការយល់ដឹងជាសាធារណៈ។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលវៀតណាមជឿជាក់ថា ការយកពន្ធខ្ពស់ជាងនេះ គឺជារឿងដ៏ចាំបាច់។ លោកស្រី ហួង ធីភឿង (Hoang Thi Phuong) មកពីនាយកដ្ឋានកិច្ចការច្បាប់នៃក្រសួងសុខាភិបាលបានថ្លែងថា ពន្ធ ១០% នឹងបង្កើនតម្លៃត្រឹមតែ ៥% ប៉ុណ្ណោះ ដែលមិនគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរអាកប្បកិរិយាអ្នកទទួលទាននោះទេ។

កន្លងមក អង្គការសុខភាពពិភពលោក ឬ WHO បានផ្តល់អនុសាសន៍ថា តម្លៃលក់រាយភេសជ្ជៈផ្អែមទាំងអស់ គួរដំឡើងយ៉ាងហោចណាស់ ២០% ដែលត្រូវនឹងពន្ធប្រើប្រាស់ពិសេស ៤០%។ ការដំឡើងពន្ធបែបនេះ មិនត្រឹមតែធ្វើឱ្យសុខភាពសាធារណៈប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនថវិកាជាតិ និងកាត់បន្ថយការចំណាយលើថ្លៃថែទាំសុខភាពជំងឺបណ្តាលមកពីជាតិផ្អែមផងដែរ។ បើតាមការសិក្សាមួយរបស់អង្គការ WHO និង HealthBridge របស់ប្រទេសកាណាដាបានប៉ាន់ប្រមាណថា ពន្ធ ៤០% អាចបន្ថែមប្រាក់ ១៧.៤ទ្រីលានដុង ឬស្មើ ៦៨៤.៧៧ លានដុល្លារអាមេរិកទៅក្នុងថវិកាជាតិរបស់ប្រទេសវៀតណាម។

សាកលវិទ្យាល័យសុខភាពសាធារណៈបានព្យាករណ៍ថា ពន្ធអាចកាត់បន្ថយអត្រាអ្នកលើសទម្ងន់បាន ២% និងធាត់ ១.៥% ការពារករណីជំងឺទឹកនោមផ្អែមប្រភេទទី២ ជាង ៨១,០០០នាក់ និងសន្សំប្រាក់បាន ២៤.៥៥លានដុល្លារក្នុងការចំណាយលើការថែទាំសុខភាព។ នៅទូទាំងពិភពលោក ចំនួនប្រទេសដែលដាក់ពន្ធពិសេសលើភេសជ្ជៈផ្អែមបានកើនឡើងពី ៣៥ប្រទេសក្នុងឆ្នាំ ២០០៩ ដល់ ១០៤ប្រទេសក្នុងឆ្នាំ ២០២៣។

ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសដូចជា ថៃ ហ្វីលីពីន ឡាវ និងម៉ាឡេស៊ីបានទទួលយកពន្ធស្រដៀងគ្នានេះរួចហើយ។ នៅប្រទេសវៀតណាម ការទទួលភេសជ្ជៈផ្អែមបានកើនឡើងយ៉ាងខ្លាំង ពោលកើនឡើងពី ១.៥៩ពាន់លានលីត្រក្នុងឆ្នាំ ២០០៩ ដល់ ៦.៦៧ពាន់លានលីត្រក្នុងឆ្នាំ ២០២៣ ដែលគិតជាភាករយៈស្មើនឹង ៤២០%។

អ្នកជំនាញផ្នែកសុខភាពចាត់ទុកនិន្នាការនេះផ្សារភ្ជាប់ទៅនឹងការកើនឡើងអត្រាការធាត់ និងបញ្ហានៃរោគសញ្ញាមេតាប៉ូលីសក្នុងចំណោមមនុស្សពេញវ័យ និងកុមារ។ ហើយក្រៅពីភេសជ្ជៈផ្អែម ក្រសួងសុខាភិបាលក៏កំពុងតស៊ូមតិ ដើម្បីដំឡើងពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងថ្នាំជក់ ដើម្បីការពារសុខភាពប្រជាជនវៀតណាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ